អ្នកវិភាគ៖ ជនវង្វេងជាតិ

0
2724

(ភ្នំពេញ)៖ នៅក្នុងប្រវត្តិសាស្ត្រនៃប្រទេសកម្ពុជា សន្តិភាពមិនអាចនឹងមានអាយុវែងលើសពី ២០ ឆ្នាំឡើយ តែងតែត្រូវបានបំផ្លាញទៅវិញ និងនាំកម្ពុជាចូលទៅក្នុងភ្នក់ភ្លើងសង្គ្រាម។ សម្តេចឪ នរោត្តម សីហនុ បានដឹកនាំគ្រប់គ្រងប្រទេសកម្ពុជា ក្នុងសន្តិភាពត្រឹមតែ ១៧ ឆ្នាំក្រោយពីទទួលបានឯករាជ្យពីបារាំង ហើយក្រោយមក ត្រូវបានលោកសេនាប្រមុខលន់ នល់ និងព្រះអង្គម្ចាស់ ស៊ីសុវត្ថិ សិរិមតៈ ក្រោមការគាំទ្ររបស់អាមេរិក ធ្វើរដ្ឋប្រហារទម្លាក់នៅថ្ងៃទី១៨ មីនា ឆ្នាំ ១៩៧០។ រដ្ឋប្រហារដែលនាំឱ្យកម្ពុជាឆ្លងកាត់នូវសោកនាដកម្ម ភ្នក់ភ្លើងសង្គ្រាមជិត ៣ ទសវត្សរ៍ធ្វើឱ្យជីវិតប្រជាពលរដ្ឋខ្មែរជាង បីលាននាក់ស្លាប់បាត់បង់ជីវិត និងប្រទេសជាតិទាំងមូលត្រូវបានកម្ទេចជាផេះផង់។

ប្រទេសកម្ពុជាបានសុខសន្តិភាពពេញលេញនៅថ្ងៃទី ២៩ ខែធ្នូ ឆ្នាំ ១៩៩៨ ក្រោយពីអង្គការចាត់តាំងនយោបាយ និងយោធារបស់ខ្មែរក្រហមត្រូវបានរំលាយ ដោយនយោបាយឈ្នះ-ឈ្នះផ្តួចផ្តេីមគំនិតដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលជាប្រធានគណបក្សប្រជាជនកម្ពុជា កំពុងបន្តកាន់អំណាចនេះ។ រហូតមកទល់ពេលនេះ សន្តិភាព ដែលកម្ពុជារកបានដោយពិបាកនេះមានអាយុ ២០ ឆ្នាំហើយ និងកំពុងតែរងនូវការគំរាមកំហែងពីក្រុម ជនជាតិខ្មែរមួយក្តាប់តូចដែលលក់ខ្លួន និងបម្រើផលប្រយោជន៍បរទេស។ ហេតុដូច្នេះហើយបានជាកម្ពុជា សុខចិត្តធ្វើអ្វីៗទាំងអស់ ទោះក្នុងតម្លៃណាក៏ដោយ ត្រូវតែរក្សានូវសុខសន្តិភាពដែលមាននេះឱ្យនៅស្ថិតស្ថេរជាយូរអង្វែងនៅក្នុងប្រវត្តិសាស្ត្រ ដោយតស៊ូជម្នះរាល់ល្បិចកលទុច្ចរិតទាំងឡាយរបស់ក្រុមប្រឆាំង។

ក្រោមការដឹកនាំរបស់ សម រង្ស៊ី និងកឹម សុខា អតីតគណបក្សសង្គ្រោះជាតិទាំងមូលបានឃុបឃិតជាមួយជនបរទេស និងទទួលបទបញ្ជាពីចៅហ្វាយនាយបរទេសរបស់ខ្លួន ដើម្បីអនុវត្តផែនការបដិវត្តន៍ពណ៌ផ្លាស់ប្តូររបបតាមវិធីដើរផ្លូវកាត់ មិនប្រជាធិបតេយ្យ «Use the undemocratic and short cut way to change the legitimate state authority» ។ ជាក់ស្តែង ពួកគេ បានបង្កើតគណបក្សឡើងក្រោមការជួយជ្រោមជ្រែងរបស់អង្គការបរទេសនានា ទាំងថវិកានិងសម្ភារៈ ព្រមទាំងអ្នកជំនាញ ហើយពួកគេបង្រួបបង្រួមគ្នាជាបក្សតែមួយ ក៏ដោយសារតែការដឹកដៃរៀបចំដោយមានអង្គការបរទេសមួយចំនួនក្នុងនោះរួមមានវិទ្យាស្ថានសាធារណរដ្ឋអន្តរជាតិ (IRI) វិទ្យាស្ថានជាតិប្រជាធិបតេយ្យ (NDI) ជាដើមដែលអង្គការទាំងពីរនេះសុទ្ធតែគ្រប់គ្រងដោយអ្នកនយោបាយរបស់អាមេរិក។ ទាំងសម រង្ស៊ីនិងកឹមសុខា នៅអំឡុងពេលមានបក្សបានធ្វើនយោបាយបែបញុះញង់និងបំបែកបំបាក់ជាតិដែលជាផែនការក្នុងគម្រោងបដិវត្តន៍ពណ៌។

ពួកគេបានប្រើគ្រប់ល្បិចកលទុច្ចរិត ដើម្បីបង្កចលាចល និងបង្កើតភាពវឹកវរក្នុងសង្គមជាពិសេស ប្រើល្បិចកល សព្វបែបយ៉ាងនៅក្នុងអំឡុងពេលនៃការរៀបចំ បោះឆ្នោតម្តងៗដើម្បីបញ្ឆេះកំហឹងប្រជាពលរដ្ឋនិងញុះញង់ ឱ្យមានការតវ៉ាប្រឆាំងនឹងលទ្ធផលបោះឆ្នោតក្រោយពីចោទប្រកាន់ដោយបំពាន ក្នុងចរិតនយោបាយថា ការបោះឆ្នោតមិនសេរី ត្រឹមត្រូវនិងយុត្តិធម៌។ ពួកគេធ្វើនេះដើម្បីកៀងគរពលរដ្ឋមួយចំនួនដែលទទួលព័ត៌មាន មិនច្បាស់ឱ្យខឹងសម្បារនិងចូលរួមតវ៉ាជាមួយពួកគេ។ តវ៉ាដំបូងដើម្បីប្រឆាំងលទ្ធផលបោះឆ្នោតនិងក្រោយ មករុញឱ្យទៅជាចលនាប្រឆាំងនឹងរដ្ឋាភិបាលស្របច្បាប់តាមផែនការយុទ្ធសាស្ត្របដិវត្តន៍ពណ៌។

មេរៀនបដិវត្តន៍ពណ៌ ដែលចៅហ្វាយនាយបរទេសខ្លួនបានបង្រៀន និងយកមកអនុវត្តន៍នៅកម្ពុជាត្រូវបានបរាជ័យ ហើយគណបក្សសង្គ្រោះជាតិ ដែលជាអង្គការចាត់តាំងផ្នែក នយោបាយនៃបដិវត្តន៍ពណ៌ ក៏ត្រូវបានរំលាយតាមច្បាប់ជាធរមាន។ នេះអាចចាត់ទុកថាជាលើកទី១ ក្នុងប្រវត្តិសាស្ត្រនៃបដិវត្តន៍ពណ៌ ដែលត្រូវបរាជ័យ។ បរាជ័យនៅកម្ពុជានេះ អាចផ្តល់ឱកាសឱ្យអ្នកប្រវត្តិសាស្ត្រអង្គុយសរសេរពីរឿងរ៉ាវនៃ ភាពបរាជ័យនេះបាន។ ទោះបីជាក្បាល ដងខ្លួន និងជើងក្រោមនៃបដិវត្តន៍ពណ៌ត្រូវបានកម្ទេច ប៉ុន្តែធាតុ នៃអង្គការចាត់តាំងនេះមិនទាន់បាត់ទាំងស្រុងឡើយ ហើយខណៈកម្ពុជាបាននិងកំពុងតែរៀបចំការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រអាណត្តិទី៦ ថ្ងៃទី២៩ ខែកក្កដា ខាងមុខ ធាតុចង្រៃនៃបដិវត្តន៍ពណ៌ និង ចៅហ្វាយនាយរបស់ពួកគេបានខិតខំបន្តផែនការបំផ្លាញកម្ពុជាទៀតតាមរយៈការអុកឡុក ក្រឡុក រំខាន បង្ខូច និងបំផ្លាញការបោះឆ្នោតតាមរយៈការផ្សព្វផ្សាយបំភ្លៃ បំផ្លើស បំភ័ន្តការពិត និងលាបពណ៌សព្វបែប យ៉ាង រួមទាំងអំពាវនាវប្រជាពលរដ្ឋកុំទៅបោះឆ្នោត អនុវត្តសិទ្ធិសេរីភាពនៃការជ្រើសរើសមេដឹកនាំរបស់ខ្លួន ថែមទៀតផង។ គោលបំណងសំខាន់របស់ពួកគេគឺការបំផ្លាញការបោះឆ្នោត និងបំផ្លាញលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាចោល ខណៈដែលពួកគេ នឹងមិនទទួលបានផលប្រយោជន៍អ្វីបន្តិចឡើយ ពីការបោះឆ្នោតនេះ ព្រោះបក្សក៏រលាយ ហើយសមាជិកខ្លួនក៏បាត់បង់សិទ្ធិធ្វើនយោបាយ។

ដោយយកបរទេសធ្វើជាម៉ែឪ ទណ្ឌិត សម រង្ស៊ី ព្រមទាំងគូកនរបស់ខ្លួន ដែលបានដើរតាមនយោបាយយ៉ាងងុបងល់នោះបាន និងកំពុងក្បត់មនសិការជាតិ ក្បត់ប្រជាជនខ្មែរ និងក្បត់មាតុភូមិកម្ពុជា។ ពួកគេ មិនបានឱ្យតម្លៃលើច្បាប់កម្ពុជា មិនគោរពចំពោះព្រះមហាក្សត្រជាទីគោរពសក្ការៈរបស់រាស្ត្រខ្មែរ ថែមទាំង ប្រមាថព្រះចេស្តាព្រះមហាក្សត្រថែមទៀត។ ពួកគេបានរត់ចោលស្រុកផ្ញើខ្លួននឹងស្រុកចៅហ្វាយនាយរបស់ពួកគេ និងបន្តហែកហួរកម្ពុជាពីនាយសមុទ្រ។ ពួកគេជឿថា ពួកគេនៅមានឥទ្ធិពលនៅលើឆាកនយោបាយកម្ពុជា ប៉ុន្តែតាមពិត ក្រុមអ្នកនយោបាយរត់ចោលស្រុកទាំងនេះគ្មានតម្លៃអ្វីបន្តិចឡើយ សម្រាប់ជាតិខ្មែរ ហើយការអំពាវនាវរបស់ពួកគេក៏គ្មានទម្ងន់ឡើយ ពលរដ្ឋខ្មែរមិនមានការ ចាប់អារម្មណ៍លើក្រុមបំពុលសង្គម និងបង្កចលាចលទេ។ ពួកគេមានតម្លៃសម្រាប់តែការអនុវត្តច្បាប់ ហើយខ្នោះ និងគុកកំពុងត្រៀមស្វាគមន៍ក្រុមជនក្បត់ជាតិទាំងនេះ ជាពិសេសគឺត្រៀមសម្រាប់ទណ្ឌិតសម រង្ស៊ី ដែលមានដីការយ៉ាងតិចបី ដែលបានប្រកាសដោយតុលាការឱ្យចាប់ខ្លួន។ ពួកគេគ្រាន់តែជាជនវង្វេងជាតិ ក្បត់ជាតិនិងក្បត់ប្រជាជនខ្មែរបម្រើផលប្រយោជន៍បរទេស៕

ដោយ៖ ចៅ ចាក់ស្មុក
រាជធានីភ្នំពេញ ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៨

Facebook Comments
Loading...