ប្រដាល់ ៖ ដឹងច្បាស់ពីការរងរបួសរបស់អ្នកលេងពូថៅដៃ ធឿន ធារ៉ា ដែលបានធ្វើឲ្យអ្នកគាំទ្រទាំងក្នុងប្រទេស និងក្រៅប្រទេសខកបំណងហើយ ក្នុងការប្រកួតនាថ្ងៃទី៧ ខែមករា ឆ្នាំ២០២៥ ដែលត្រូវបានគេរៀបចំជាច្រើនខែមកនោះ ហើយការអាក់ខាននេះក៍បានធ្វើឲ្យក្តីស្រម៉ៃរបស់កីឡាករបារាំង Omar Samb រលាយសូន្យមិនដឹងថ្ងៃណាបានជួបទៀត។
ការប្តេជ្ញាចិត្ត និងការសុំទោស បានកើតមានឡើង បន្ទាប់ពីកីឡាករធើន ធារ៉ា បានធ្វើឲ្យខកខានក្នុងការចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ធំមួយនាថ្ងៃទី៧ ខែមករា ឆ្នាំ២០២៥ របស់សង្វៀនថោន ដោយសាររបួសនៅពេលរូបគេបានចូលរួមលេងបាល់ទាត់មិត្តភាពដើម្បីសប្បុរសធម៌កាលពីប៉ុន្មានថ្ងៃមុន។
អ្នកលេងពូថៅដៃ ធឿន ធារ៉ា បានលើកឡើងថា «ខ្ញុំពិតជាសុំទោសយ៉ាងខ្លាំងមែនទែនចំពោះការអាក់ខាន មិនបានប្រកួតសម្រាប់ថ្ងៃទី៧មករាខាងមុខនេះ។ ខ្ញុំគ្មានពាក្យអ្វីនិយាយកែខ្លួនទេ ព្រោះគ្រប់យ៉ាងជាកំហុសរបស់ខ្ញុំដែលប្រមាថ មិនចេះប្រុងប្រយ័ត្ន»។
កីឡាករបន្ថែមថា ៖«សុំទោសពុកម៉ែបងប្អូន អ្នកគាំទ្រទាំងអស់ ទូទាំងប្រទេស។ សុំទោសសម្តេចពុក សុំទោសមេធំ សុំទោសមេ Tommy។ ខ្ញុំ ធឿន ធារ៉ា សុំពេលសម្រាកព្យាបាលរបួសមួយរយៈ បន្ទាប់ពីនេះ ខ្ញុំនឹងមិនធ្វើឲ្យពុកម៉ែបងប្អូន ខកបំណងទៀតឡើយ»។
ព្រឹត្តិការណ៍ប្រកួតគ្រោងធ្វើនៅថ្ងៃទី៧ ខែមករា ខាងមុខ ត្រូវបានរៀបចំជាច្រើនខែមកហើយដែលមានកីឡាករបារាំង Omar Samb ដែលធ្លាប់ឈ្នះ ឈឿង ល្វៃ នៅប្រទេសបារាំង និងធ្លាប់ឈ្នះកីឡាករបរទេសនៅកម្ពុជា។ កីឡាករបារាំងរូបនេះបានលើកឡើងជាយូរមកហើយដែលរូបគេចង់ជួប ធឿន ធារ៉ា ហើយជារឿយៗរូបគេបង្ហាញសារជាសាធារណៈអំពីការមកប្រកួតនៅកម្ពុជានាខែមករានេះ។ ទោះបីជាយ៉ាងណា បំណងរបស់កីឡាករបារាំងនាពេលនេះបានរលាយសូន្យ ពីព្រោះគ្មានវត្តមាន ធឿន ធារ៉ា ឡើយ៕