លោកសុខ សម្បត្តិ ! សូមមន្ត្រីយើងបន្តរក្សាសាមគ្គីភាពផ្ទៃក្នុងឱ្យបានល្អ ចាប់ដៃគ្នា រួមគ្នាបំពេញកិច្ចការងារ បម្រើប្រជាពលរដ្ឋ និងសង្គមជាតិឱ្យបានប្រសើរ

0
56

ភ្នំពេញ ៖ លោកសុខ សម្បត្តិ អភិបាល នៃគណៈអភិបាលខណ្ឌបឹងកេង ជួបសំណេះសំណាល ជាមួយមន្ដ្រីរដ្ឋបាលខណ្ឌមុននឹងដាច់ឆ្នាំចាស់ចូលឆ្នាំថ្មីឆ្នាំសកល២០២៥ នៅសាលាខណ្ឌបឹងកេងកង ដោយបានណែនាំដល់មន្ត្រីរដ្ឋបាល នៅក្រោមឱវាទទាំងអស់ សូមបន្តរក្សាសាមគ្គីភាពផ្ទៃក្នុងឱ្យបានល្អ ចាប់ដៃគ្នា រួមគ្នាបំពេញកិច្ចការងារ បម្រើប្រជាពលរដ្ឋ និង សង្គមជាតិឱ្យបានប្រសើរ។

លោក អភិបាលខណ្ឌ មានប្រសាសន៍បន្ថែមថា យើងជាមន្ដ្រីស៊ីប្រាក់ខែរដ្ឋ ត្រូវអនុវត្តតាមលក្ខខន្ដិកៈ មន្ដ្រីរាជការ និងត្រូវបម្រើប្រជាពលរដ្ឋឲ្យអស់ពីចិត្តពីថ្លើម ចេះសម្របសម្រួលតាមស្ថានភាពជាក់ស្ដែង និងមានការទទួលខុសត្រូវខ្ពស់ ហើយមន្ដ្រីតាមផ្នែកជំនាញនិមួយៗ ត្រូវចេះតាមដានតាមដានកិច្ចការដែលខ្លួនបានធ្វើ ត្រង់ចំណុចណាមិនទាន់ល្អ ត្រូវធ្វើការកែសម្រួលឲ្យបានទាន់ពេលវេលា ពោលគឺកិច្ចការដែលធ្វើថ្ងៃនេះ សូមឲ្យល្អជាងថ្ងៃពីម្សិល ហើយនៅថ្ងៃស្អែកសូមធ្វើឲ្យបានល្អជាងថ្ងៃនេះ។

លោកសុខ សម្បត្តិ បានបន្ថែមទៀតថា កិច្ចការងារបម្រើប្រជាពលរដ្ឋ វាជាអ្វីដែលមន្ត្រីអាជ្ញាធរ ត្រូវចាំបាច់មានទំនួសខុសត្រូវខ្ពស់ក្នុងការបំពេញជូនពួកគាត់។ ប៉ុន្តែវាក៏ទាមទារឱ្យមន្ត្រីទាំងអស់ ទាំងថ្នាក់រដ្ឋបាល សង្កាត់ និងខណ្ឌ និងការិយាល័យចំណុះជំនាញពាក់ព័ន្ធ ត្រូវចេះសាមគ្គីគ្នាឱ្យបានល្អ និងស្អិតរមួតជាមួយគ្នាបំផុត មិនរើសអើង ថាមន្ដ្រីពេញសិទ្ធ ឬមន្ដ្រីជាប់កិច្ចសន្យា ទើបប្រសិទ្ធិភាពនៃការងារ អាចដំណើរការទៅបានដោយរលូន មិនមានការរាំងស្ទះ។

លោក អភិបាលខណ្ឌ បានណែនាំ ដល់មន្ត្រីឱ្យរូតរះបំពេញឱ្យកិច្ចការងារទាំងឡាយណាដែលនៅសេសសល់ ត្រូវធ្វើឱ្យបានរួចរាល់ ដើម្បីអាចមានលទ្ធិភាព និងពេលវេលាច្រើន ទៅធ្វើកិច្ចការងារថ្មីៗជាច្រើនទៀត ដែលត្រូវការឱ្យក្រុមមន្ត្រីទាំងអស់ត្រូវបំពេញជូនពលរដ្ឋ និងសង្គមជាតិជាចាំបាច់ ។

ជាចុងក្រោយ លោក សុខសម្បត្តិ បានគូសបញ្ជាក់ថា យើងជាអាជ្ញាធរថ្នាក់ក្រោមជាតិមានកិច្ចការច្រើនណាស់ដែលត្រូវធ្វើ ក្នុងនោះមានកិច្ចការសន្ដិសុខ គឺជាកិច្ចការចំបងជាងគេ ក្រៅពីនេះក៏មានការងារអភិវឌ្ឍមូលដ្ឋាន ការជួសជុលកែលម្អហេដ្ឋារចនាសម្ព័ន្ធជាមួយនេះក៏មានកិច្ចការបម្រើសេវាជូនប្រជាពលរដ្ឋផងដែរ។ ដូចនេះយើងត្រូវស្រឡាញ់គ្នា មានបញ្ហាអ្វីត្រូវនិយាយគ្នា ដោះស្រាយគ្នាដោយសន្ដិវិធី ឥឡូវនេះយើងជិះទូកជាមួយគ្នាត្រូវប្រឹងប្រែងបំពេញការងាររួមគ្នាដើម្បីសម្រេចឲ្យបានជោគជ័យថ្មីៗថែមទៀតជូនពលរដ្ឋនិងសង្គមជាតិ។

បន្ថែមពីលើនេះ លោក អភិបាលខណ្ឌបានក្រើនរំលឹក ដល់មន្ដ្រីរដ្ឋបាល ទាំងអស់ពិសេសមន្ដ្រីដែលមានវ័យក្មេង សូមស្រវា ស្រទេញ ស្វែងរកចំណេះដឹងបន្ថែម ទាំងផ្នែកជំនាញ និងផ្នែកភាសា អភិវឌ្ឍខ្លួនដើរឲ្យទាន់ការវិវឌ្ឍរបស់ពិភពលោក ដើម្បីការរីចំរើន សម្រាប់ខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ៕

Facebook Comments
Loading...