ភ្នំពេញ ៖ ក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពខណ្ឌ នៅសាលាខណ្ឌបឹងកេងកងនាព្រឹកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៤នេះ លោកសុខ សម្បត្តិ ប្រធានគណៈបញ្ជាការឯកភាពខណ្ឌ និងជាអភិបាល នៃគណអភិបាលខណ្ឌបឹងកេងកង បានធ្វើការណែនាំអោយអាជ្ញាធរខណ្ឌ និងសង្កាត់ទាំង៧ត្រូវអនុវត្តអោយបានម៉ឺងមាត់ម៉ត់ចត់ ក្នុងការទប់ស្កាត់និងបង្ក្រាបក្រុមក្មេងទំនើងនៅក្នុងមូលដ្ឋានរបស់ខ្លួន ជាមួយគ្នានេះយើងក៍ត្រូវធ្វើឲ្យដល់ឬសគល់នៃអំពើល្មើសរាប់តាំងពីល្បែងស៊ីសងតាមអនឡាញ,ឆ្នោតឡូតូ,កន្ទុយលេខ ល្បែងជល់មាន់ ជាដើម។
ការណែនាំបែបនេះរបស់លោកសុខ សម្បត្តិ ដល់មន្ត្រីខណ្ឌ និងសង្កាត់គឺគោរពតាមប្រសាសន៍សម្តេចធិបតី ហ៊ុន ម៉ាណែត និងឯកឧត្ដមឃួង ស្រេង ដែលបានលើកឡើងឱ្យគណៈបញ្ជាការឯកភាពខណ្ឌ បង្កើតគណៈប្រចាំការជាប់ក្នុងមូលដ្ឋានខណ្ឌដោយត្រូវដាក់កម្លាំងអន្តរាគមន៍លើការបង្ក្រាបក្មេងទំនើងនៅក្នុងមូលដ្ឋានកុំឲ្យក្រុមក្មេងទំនើងបង្ក ភាពចលាចលបាត់សណ្តាប់ធ្នាប់ក្នុងសង្កម ខណៈស្របពេលដែលសកម្មភាពរបស់ក្រុមក្មេងទំនើងហាក់កំរើកឡើងវិញក្នុងរយៈពេលថ្មីៗមកនេះតាមមូលដ្ឋាន។
លោកប្រធានគណៈបញ្ជាការឯកភាពខណ្ឌបឹងកេងកង បានមានប្រសាសន៍ទៀតថា សង្កាត់ទាំង៧ ត្រូវរៀបចំប្រចាំបញ្ជាដោយមានកងកំលាំងរងប៉ុស្តិនៅជាមួយមានបញ្ហាត្រូវមានមុខជានិច្ច។ ជាមួយគ្នានេះដែរអាជ្ញាធរខណ្ឌ និងសង្កាត់យើងត្រូវសហការជាមួយអាជ្ញាធរខណ្ឌ និងសង្កាត់ ដែលជាប់ព្រំប្រទល់ជាមួយគ្នាឪ្យបានប្រទាក់ក្រឡាគ្នាដើម្បីទប់ស្កាត់បទល្មើសឆ្លងព្រំប្រទល់ឲ្យបាន។ បើយើងសហការគ្នាល្អហើយការទប់ស្កាត់ក្មេងទំនើង និងបានរលូន ហើយបញ្ហាគ្រោះថ្នាក់ចរាចរណ៏ក៏ថយចុះ បទល្មើសផ្សេងៗក៏ថយចុះផងដែរ។
ក្នុងនោះផងដែរ លោកអភិបាលខណ្ឌ ក៏បានណែនាំឲ្យអភិបាលរងខណ្ឌត្រូវធ្វើកិច្ចសហការជាមួយលោកគ្រូអ្នកគ្រូដើម្បីអាជ្ញាធរយើងចូល ទៅឆែកតាមម៉ូតូសិស្សតាមអនុវិទ្យាល័យ និងវិទ្យាល័យនៅពេលយកម៉ូតូមកផ្ញើរបើមានការសង្ស័យចំពោះសិស្សទំនើងតាមគ្រឹះស្ថានទាំង រដ្ឋនិងឯកជន ដែលអាចមានលទ្ធភាពលាក់ទុកអាវុធ ដែលអាចបង្កជារបួសស្នាម ដូចជាដាវ សាម៉ូរៃជាដើម នោះគឺយើងអនុវត្តការទប់ស្កាត់ឲ្យបានទាន់ពេលហើយងត្រូវធ្វើជាប្រចាំតែម្តង។ ដោយឡែកចំពោះករណី មុខសញ្ញាមិនទាន់មានសកម្មភាពក៏ត្រូវធ្វើកំណត់ហេតុបញ្ឈប់សកម្មភាពរបស់ក្រុមក្មេងទំនើង ដើម្បីឱ្យអាណាព្យាបាល ឬមាតាបិតា របស់ក្មេងទំនើងទាំងនោះ បានទទួលជ្រាបជាព័ត៌មានជាមុន។
លោកសុខ សម្បត្តិ បញ្ជាក់ថា បើដឹងថាក្មេងទំនើងនៅភូមិណា បើមេភូមិ ឬប្រជាពលរដ្ឋរាយការណ៍មក គឺយើងត្រូវលាក់ការឱ្យគាត់ ហើយចុះអន្តរាគមន៍ ត្រូវត្រួតពិនិត្យធ្វើកិច្ចសន្យាលាយល័ក្ខអក្សរ បើចាំបាច់អញ្ជើញព្រះរាជអាជ្ញាទៅជាមួយ ធ្វើកំណត់ហេតុរដ្ឋបាលឱ្យបញ្ឈប់”តែម្តង។ ក្នុងនោះផងដែរលោកអភិបាលខណ្ឌក៍បានណែនាំដល់មន្ត្រីសង្កាត់ និងភូមិ ត្រូវជួយមើលថែបង្គោលភ្លើងសាធារណៈខ្សែ ភ្លើង អំពូលខូច ចុះតាមដាន ល្បាតទប់ស្កាត់ចោរកាត់ខ្សែភ្លើងជាដើម ចំពោះការដាក់ស្លាកផ្សាយពាណិជ្ជកម្មស្រាបៀរក៏ត្រូវកំណត់ឲ្យបានច្បាស់លាស់ដាក់ក្នុងកំរិតណាទីតាំងណាទំហំប៉ុណ្ណានិងត្រូវមានច្បាប់ត្រឹមត្រូវ។
ជាចុងក្រោយលោកប្រធានក៍បានជំរុញឲ្យអាជ្ញាធរខណ្ឌ និងសង្កាត់ ត្រូវយកចិត្តទុក្ខដាក់ការពារសន្តិសុខ សុវត្ថិភាពសណ្ដាប់ធ្នាប់សាធារណៈក្នុងឱកាសបុណ្យឆ្លងឆ្នាំនិងចូលឆ្នាំសកល២០២៥ខាងមុខ ជូនប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់ និងរស់នៅដោយសុខសាន្តក្នុងខណ្ឌបឹងកេងកងរបស់យើង៕