ចម្លាក់មួយចំនួន នៅតាមខឿននៃប្រាសាទក្នុងតំបន់រមណីយដ្ឋានអង្គរ គឺជាប់ទាក់ទងនឹងក្បាច់គុនខ្មែរ ចំបាប់ ឬល្បុក្កតោ ដែលជារបស់ខ្មែរទាំងអស់

0
2113

សៀមរាប ៖ ចម្លាក់មួយចំនួន នៅតាមខឿននៃប្រាសាទមួយចំនួនក្នុងតំបន់រមណីយដ្ឋានអង្គរ ដូចជានៅប្រាសាទតាព្រហ្ម, បាយ័ន, អង្គរវត្ត, បន្ទាយសំរែ, ព្រះខ័ន, និងប្រាសាទប្រី ជាដើម ទាក់ទងនឹងក្បាច់វាយគ្នា ដូចជាគុនខ្មែរ ចំបាប់ ឬល្បុក្កតោ ដែលជារបស់ខ្មែរតាំងពីជំនាន់ដើមទាំងអស់ មិនចំឡង់ពីប្រទេសណាឡើយ។
លោក ភឹង តារា បុរាណវិទូ នៃអាជ្ញាធរជាតិអប្សរា កាលពីរសៀលថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៣ បានបង្ហាញនូវរូបចម្លាក់មួយចំនួនទាក់ទងនឹងក្បាច់វាយគ្នា ដូចជាគុនខ្មែរ ចំបាប់ ឬល្បុក្កតោ នៅតាមខឿននៃប្រាសាទមួយចំនួនក្នុងតំបន់រមណីយដ្ឋានអង្គរ ដូចជានៅប្រាសាទតាព្រហ្ម, បាយ័ន, អង្គរវត្ត, បន្ទាយសំរែ, ព្រះខ័ន, និងប្រាសាទប្រី ជាដើម ដោយលោក ភឹង តារា ពន្យល់ថា ភាគច្រើនចម្លាក់គុន ឬក្បាច់វាយគ្នាទាំងនោះ ច្រើនឆ្លាក់ជាចម្លាក់តូចៗ មានឆ្លាក់នៅខឿន ផ្នែកខាងក្រោមប្រាសាទ។ តួយ៉ាងនៅខឿនខាងត្បូងសាលរបាំ នៃប្រាសាទតាព្រហ្ម ចម្លាក់ប្រមាណ៨រូប បានឆ្លាក់តម្រៀមគ្នាជាជួរ ដោយមានជាក្បាច់ឱបក ឡើងជង្គង់ កម្ដៅសាច់ដុំ ការឱ្យទឹក។ល។ ហើយក្រៅពីនោះមានឆ្លាក់ដាច់ពីគេនៅផ្នែកខាងត្បូង នៃប្រាសាទនេះផងដែរ។
នៅប្រាសាទតាព្រហ្មដដែល ត្រង់ចម្លាក់ដែលមានមនុស្សពីរនាក់ឡើងជង្គង់។ រូបនេះ ត្រូវបានលោក ភឹង តារា យល់ថា ជាគុនខ្មែរ ដោយគេឃើញមានមនុស្សពីរនាក់កំពុងប្រកួត
គ្នា។ អ្នកនៅខាងស្តាំចាប់ក្បាលអ្នកនៅខាងឆ្វេង សង្កត់ចុះក្រោម ឯជើងខាងឆ្វេងវិញឡើងជង្គង់ទៅរកគូប្រកួតខ្លួន។ តែអ្នកនៅខាងឆ្វេងវិញយកដៃស្តាំរបស់ខ្លួន ចាប់ទប់ជង្គង់នោះកុំឱ្យ មកត្រូវមុខបាន។ អ្នកស្រាវជ្រាវយល់ថា នេះប្រហែលជាការប្រកួត នៅក្នុងការហាត់សមប៉ុណ្ណោះ ដ្បិតអីនៅប៉ែកខាងស្តាំនៃរូប ឃើញមានមនុស្សម្នាក់អង្គុយបញ្ឈរជង្គង់ យកដៃចង្អុលមកអ្នកទាំងពីរ ហាក់ដូចជាបង្គាប់ស្នៀតអ្វីមួយ។
ចំណែកចម្លាក់នៅជញ្ជាំងប្រាសាទព្រះខ័នវិញ លោក ភឹង តារា បានពន្យល់ថា គេឃើញនៅលើសសរផ្អោប ឃើញមានមនុស្សពីរនាក់ចាប់ឱបកាច់គ្នា ដោយអ្នកខាងឆ្វេងចាប់កាច់ កគូប្រកួតមកក្រោម តែអ្នកស្តាំនោះវិញក៏ខំឱបចាប់ភ្លៅដៃគូខ្លួនជាប់ ដើម្បីកុំឱ្យកាច់ផ្តួលខ្លួនបាន ។ ដោយសារជាចម្លាក់ល្អិត ដូច្នេះចម្លាក់ទាំងនោះ ពុំសូវមានអ្នកស្គាល់ និងចាប់អារម្មណ៍ទេ ពួកគេតែងទៅ និងមកហួសជានិច្ច៕

Facebook Comments
Loading...