ភ្នំពេញ: ព្រឹត្តិការណ៍ TV5 Boxing Knock-Out by K-Cement សម្រាប់យប់ថ្ងៃទី២៧មករា នឹងដឹងថានរណានឹងត្រូវខ្ទាតចេញពីការប្រកួតនោះទេ ។
អ្នកប្រដាល់ជើងថ្មីធន មករាត្រូវជួបជាមួយអ្នកប្រដាល់ជើងចាស់លាភ សំណាងក្លិបកងពលតូចលេខ៧០ ។
សំណាងបន្ទាប់ពីបាក់មុខមួយរយៈនោះគេបានវិលមកកាន់សង្វៀនប្រកួតវិញដោយជួបជ័យជំនះ និង វាយគូប្រកួតឲ្យសន្លប់រហូត ។ គេជាអ្នកប្រដាល់ដែលពូកែជង្គង់ និង ប្រើកែងវាយរបៀបមុខកប៉ាល់ហើយកែងរបស់គេវ៉ៃចេញមានប្រសិទ្ធិភាពណាស់ ។
សម្រាប់ធន មករាវិញទោះបីគេជាអ្នកប្រដាល់ជើងថ្មីក៏ពិតមែនតែគេធ្លាប់ប្រកួតជាមួយអ្នកប្រដាល់បរទេស ២-៣ដងហើយ ។ ស្ទើរតែគ្រប់ការប្រកួតគេតែងតែបានទទួលជ័យជំនះ ។ជាមួយនឹងកម្លាំងល្អនោះកលល្បិចរបស់គេក៏មិនអន់ដែរ តែអ្នកប្រដាល់រូបនេះដោយសារតែគេបានទទួលជ័យជំនះស្ទើរតែគ្រប់ការប្រកួតបែបនេះទើបធ្វើឲ្យរូបគេចង់កើតមានជម្ងឺតួរឯកក្នុងខ្លួនហើយ ។
អ្នកប្រដាល់ទាំង ២ រូបនេះសុទ្ធតែមានឱកាសដើម្បីឈ្នះដូចគ្នាហើយក៏អាចនឹងមានរបួសទៀតផង ។ នរណាជាអ្នកខ្តាតចេញពីការប្រកួតនេះ ?
សេន កុសលក្លិបមោងឬស្សីមរតកគុនខ្មែរដែលជាអ្នកខ្លាំងជំនាន់ចាស់ត្រូវតស៊ូជាមួយអ្នកប្រដាល់ជំនាន់ថ្មីលីញ ភារម្យរបស់ក្លិបភារម្យគុនខ្មែរ ។ កុសលជាអ្នកប្រដាល់មិនសូវទៀងទាត់នោះឡើយគឺពេលខ្លះគេវ៉ៃបានល្អតែពេលខ្លះវ៉ៃអន់មហាអន់ ។ នៅពេលដែលគេវ៉ៃល្អជួនកាលគេលើកតែមួយជើង ឬ បញ្ចេញតែមួយកែងប៉ុណ្ណោះធ្វើឲ្យគូប្រកួតសន្លប់តែម្ដង ។
ចំពោះភារម្យវិញគេអាអ្នកប្រដាល់ជើងថ្មីទេរបៀបវ៉ៃរបស់គេមិនសូវអស្ចារ្យនោះទេតែគេក្លាហានវ៉ៃហ៊ានប្ដូរមិនតែប៉ុណ្ណោះប្រសិនបើគូប្រកួតហ៊ានធ្វើឲ្យគេឈឺសាច់នោះទោះបីមួយចានទឹក ឬ មួយចានគោកក៏គេប្រថុយប្ដូរជាមួយដោយមិនគិតពីលទ្ធផលឡើយ ។
អ្នកប្រដាល់ទាំង២រូបនេះមួយរយៈចុងក្រោយនេះការប្រកួតរបស់គេសុទ្ធតែជួនឹងជ័យជំនះ ។ លីញ ភារម្យជាអ្នកកក់កៅអីសម្រាប់ជុំទី២ ឬសេន កុសលជាអ្នកជួបសំណាងល្អ ។
កាលពីសប្ដាហ៍មុនមានអ្នកប្រដាល់២រូបហើយដែលខ្ទាតចេញពីការប្រកួតគឺឡូញ វ៉ាន់ឌីក្លិបពន្លឺវិបុលដារិទ្ធពោធិ៍សែនជ័យ និង សំណាង សម្បត្តិក្លិបកងចក្ររាជសីហ៍ ។ អ្នកប្រដាល់២រូបដែលកក់កៅអីសម្រាប់ប្រកួតនៅជុំទី២នោះគឺម៉ន រដ្ឋាក្លិបការិយាល័យទី៥កងទ័ពជើងគោក និង អ៊ឹង បូរ៉ាក្លិបកុលបុត្រកូនខ្មែរ ។
ក្រៅពីគូពានរង្វាន់នេះការប្រកួតជាមួយថៃនោះអ៊ុំ ចំរើនក្លិបតាឡីដំរីមានរិទ្ធប្រកាសឡើងវ៉ៃសងសឹកជាមួយអ្នកប្រដាល់ថៃសាំង យុទ្ធ(Sang Youth)ដោយប្រកួតក្នុងប្រភេទទម្ងន់៦៩គីឡូក្រាម ។