កីឡាករ​ ពេជ្រ ខាំតៃ ​រង​របួស​បាក់ជើង ចំណែកនារី​ម្នាក់ទៀតរងរបួសធ្ងន់ បណ្តាលមកពីរថយន្តកុងតឺន័របុករះនៅ​តាម​ផ្លូវ៣០ម៉ែត្រ

0
222

ភ្នំពេញ ៖ កីឡាករ​ ពេជ្រ ខាំតៃ កូន​សិស្ស​លោកគ្រូ ពេជ្រ សុផាន់ បាន​រង​របួស​បាក់ជើង ខណៈ​កំពុង​រត់​ហ្វឹក​ហាត់​តាម​ផ្លូវ ចំណែកនារី​ម្នាក់ទៀតកំពង់​ជិះ​ម៉ូតូរងរបួសធ្ងន់ ដែលបណ្តាលមកពី​កុងតឺន័រ១គ្រឿង បើកបរ​ល្បឿន​លឿន​វាក់អើ​ជាមួយ​ម៉ូតូ​កង់បី១ គ្រឿង នៅ​ខាងមុខ រួច​រថយន្ត​នេះ ជាន់​ហ្រ្វាំង​បន្ថយ​ល្បឿន តែ​អត់​ស៊ី ក៏​គេច​ចេញ​មក​ខាងឆ្វេង  បន្ត​បុក​បង្គោល​ភ្លើង១ដើម ដោយមិនទានអស់ល្បឿនក៍​បន្តទៅ​បុក​ចូល​កន្លែង​លក់​មាន់​បង្វិល បង្ក​ការ​ខូចខាត​ខ្ទេចខ្ទី​ ដែលហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង ៣ និង៤០នាទី​រសៀល ថ្ងៃ​ទី២៨ ខែ​តុលា ឆ្នាំ២០២៤ នៅ​តាម​ផ្លូវ៣០ម៉ែត្រ ភូមិ​ដំណាក់​ត្រយឹង សង្កាត់​ចោមចៅ​ទី២ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ។

សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា រថយន្ត​បង្ក ពណ៌ស ពាក់​ស្លាក​លេខ​ភ្នំពេញ 3F-6490 អ្នកបើកបរ​បាន​រត់​គេចខ្លួន​បាត់ស្រមោល។ ក្នុង​ហេតុការណ៍​នេះ​មាន​ជនរងគ្រោះ​ចំនួន២នាក់ គឺ ទី​១,​ឈ្មោះ ហាន ដាណែត ភេទ​ស្រី អាយុ ១៨ ឆ្នាំ ជិះ​ម៉ូតូ ១ គ្រឿង ម៉ាក​ហុងដា​ឌ្រីម​សេ ១២៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ព្រៃវែង 1O-5008។ ទី២,ឈ្មោះ ផាន់ ខាំឡៃ ជា​សិស្ស​របស់​លោកគ្រូ ពេជ្រ សុផាន់ ស្នាក់នៅ​ភូមិ​ត្រពាំង​សាលា សង្កាត់​ពងទឹក ខណ្ឌ​ដង្កោ។

ចំណែក​សាក្សី​នៅ​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា មុនពេលកើតហេតុគេ​បាន​ឃើញ​រថយន្ត​ខាងលើ​បើកបរ​តាម​បណ្ដោយ​ផ្លូវ​លេខ ៣០ ម៉ែត្រ ក្នុង​ល្បឿន​លឿន​ពី​ទិសខាងកើត​ឆ្ពោះ​ទៅ​លិច លុះ​ពេល​ទៅ​ដល់​ត្រង់​ចំណុច​កើតហេតុ​បាន​វាក់អើ​ជាមួយ​ម៉ូតូ​កង់​បី ១ គ្រឿង ដែល​កំពុង​បើកបរ​ក្នុង​ទិសដៅ​ស្របគ្នា ខណៈ​នោះ​រថយន្ត​បង្ក​បាន​ជាន់​ហ្វ្រាំង​បន្ថយល្បឿន ប៉ុន្តែ​ជាន់​អត់​ស៊ី ក៏​កាច់ចង្កូត​គេច​ចេញ​ទៅ​ខាង​ឆ្វេង បុក​នារី​អ្នក​ជិះ​ម៉ូតូ​ម្នាក់ រួច​បន្ត​ទៅ​បុក​កីឡាប្រដាល់​ម្នាក់ទៀត​ជា​កូនសិស្ស​លោកគ្រូ ពេជ្រ សុផាន់ កំពុង​រត់​ហាត់​តាម​ផ្លូវ បណ្ដា​ល​ឲ្យ​ជនរងគ្រោះទាំង២នាក់ រង​របួស​ធ្ងន់តែម្តង ហើយ​ភ្លាមៗក៍​ត្រូវ​បាន​គេបញ្ជូន​ទៅ​សង្គ្រោះ​បន្ទាន់ ចំណែក​អ្នក​បើក​រថយន្ត​បង្ក​បាន​ចុះ​រត់​គេច​ខ្លួន​បាត់ស្រមោល។

ក្រោយពេល​កើតហេតុ កម្លាំង​នគរបាល​ប៉ុស្តិ៍​ចោមចៅ​ទី២ បាន​ចុះ​ទៅ​កាន់​កន្លែង​កើតហេតុ​សម្រួល​ចរាចរណ៍​កុំ​ឲ្យ​កកស្ទះ។ ចំណែក​រថយន្ត​បង្ក និង​ម៉ូតូ​រងគ្រោះ​ ត្រូវ​បាន​នគរបាល​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក នៃ​ស្នងការដ្ឋាន​រាជធានី​ភ្នំពេញ នាំ​យក​ទៅ​រក្សាទុក រង់ចាំ​ធ្វើការ​ដោះស្រាយ​នៅ​ពេល​ក្រោយ៕

Facebook Comments
Loading...