ភ្នំពេញ ៖រដ្ឋបាលខណ្ឌបឹងកេងកង បានប្រារព្ធពិធីអបអរសាទរខួបអនុសាវរីយ៍លើកទី ១១៤ នៃទិវាអន្តរជាតិនារី ៨មីនា ក្រោមប្រធានបទ សិទ្ធិ សមភាព និងភាពអង់អាច ចំពោះស្ត្រី និងក្មងស្រីគ្រប់រូប ក្រោមអធិបតីភាពឯកឧត្ដមបណ្ឌិត អ៊ិតត សំហេង តំណាងរាស្ត្រមណ្ឌលភ្នំពេញ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខណ្ឌបឹងកេងកង និងមានការចូលរួមពីឯកឧត្តមក្រុមការងារចុះជួយខណ្ឌ-សង្កាត់ លោក អភិបាលខណ្ឌ លោក-លោកស្រី ជាច្រើនរូបទៀតផងដែរ កាលពីរសៀលថ្ងៃទី០៦ ខែមិនា ឆ្នាំ២០២៥ នៅសកលវិទ្យាល័យប៊ែលធី។
ជាកិច្ចចាប់ផ្ដើមនៃកម្មវិធី លោកស្រី ស៊ិន រតនា អភិបាលរងខណ្ឌបឹងកេងកង បាន អានព្រះរាជសាររបស់ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ក្នុងឱកាសអបអរសាទរ ខួបលើកទី១១៤ នៃទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៥។
ក្នុងឱកាសនោះផងដែរឯកឧត្ដមបណ្ឌិត អ៊ិតត សំហេង បានមានប្រសាសន៍ថា ប្រទេសកម្ពុជាបានផ្តល់សិទ្ធដល់ស្ត្រីខ្ពស់ណាស់តាំងពីដើមរៀងមក ដូចជាមានពក្យថាមេជាដើម តែយើងបាត់សិទ្ធសេរីភាពតែក្នុងរបប៣ឆ្នាំ ៨ខែ និង២០ថ្ងៃ កុំថាឡើយសិទ្ធចង់បាននេះចង់បាននោះ សិទ្ធរស់រានមានជីវិតសឹងតែគ្មានផង តែបន្ទាប់ពីថ្ងៃរំដោះ១៩៧៩មកសិទ្ធស្ត្រីត្រូវបានលើកតម្កើងជាបន្តបន្ទាប់ ហើយស្ត្រីក្នុងសម័យនេះគឺសំណាងណាស់ មានសិទ្ធសេរីភាពសព្វគ្រប់បែបយ៉ាង ហើយទាំងបុរស និងស្ត្រីគឺយើងត្រូវជួយគ្នាទាំងក្នុងគ្រួសារ និងសង្គមជាតិ។
ឯកឧត្តមបណ្ឌិតបានបញ្ជាក់ថា នារី ក្នុងរចនាសម្ព័ន្ធដឹកនាំបានសហការចូលរួម ជ្រោមជ្រែងបំពេញភារកិច្ច ជូនជាតិមាតុភូមិពី ដំណាក់កាលមួយទៅដំណាក់កាលមួយជាពិសេសការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋក្នុងដែនសមត្ថកិច្ច ដោយមិនខ្លាច នឿយហត់ និងបានចូលរួមចំណែកក្នុងសកម្មភាពសង្គម សកម្មភាពមនុស្សធម៌ និងការអភិវឌ្ឍប្រទេស រហូតទទួលបានជោគជ័យយ៉ាងធំធេងជាបន្តបន្ទាប់។
បច្ចុប្បន្ននារីនៅតែជាដៃគូមិនអាចខ្វះបាន និងបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងដំណើរការអភិវឌ្ឍជាតិមាតុភូមិ។ ស្រ្តីជាថ្នាក់ដឹកនាំកំពូលរបស់យើងបានចូលរួមចំណែកលើកកម្ពស់សិទ្ធិនារី និងកុមារយ៉ាងសំខាន់ ក្នុងការទប់ស្កាត់អំពើហិង្សាក្នុងគ្រួសារ ការធ្វើអាជីវកម្មផ្លូវភេទលើស្ត្រី និងកុមារ ការប្រយុទ្ធប្រឆាំងគ្រឿងញៀន ការយកចិត្តទុកដាក់លើទុរគតជន-ក្មេងកំព្រា ព្រមទាំងសកម្មភាពមនុស្សធម៌ជាច្រើនទៀត។
ជាចុងក្រោយឯកឧត្តមបណ្ឌិត សុំសសើរដល់ស្ត្រីក្នុងខណ្ឌបឹងកេងកងយើង ទាំងក្នុងរដ្ឋបាល និងក្នុងគណបក្ស គឺយើងធ្វើបានល្អ ហើយបន្តផ្តល់ស្នាមញញឹមដ៍ល្អនេះបន្តទៀត ក្រោមម្លប់សន្តិភាពដ៍ថ្លៃថ្លានេះ៕