រដ្ឋបាលខណ្ឌបឹងកេងកង បើកកិច្ចប្រជុំ​គណៈបញ្ជាការ​ឯក​ភាព​ ផ្តោតសំខាន់ក្នុងការ​រៀបចំកម្លាំងទៅចូលរួមអបអរសាទរការប្រកួតបាល់ទាត់មិត្តភាពកម្ពុជា-ថៃ

0
204

ភ្នំពេញ ៖ រដ្ឋបាលខណ្ឌបឹងកេងកង នា​ព្រឹកថ្ងៃ​ទី​០៧ ខែ​មីនា ឆ្នាំ​២០២២៥នេះ បាន​បើកកិច្ចប្រជុំ​គណៈបញ្ជាការ​ឯក​ភាព​រដ្ឋបាល​ខណ្ឌ ផ្តោតសំខាន់ក្នុងការ​រៀបចំកម្លាំងទៅចូលរួមអបអរសាទរការប្រកួតបាល់ទាត់មិត្តភាពកម្ពុជា-ថៃ ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍ លើកទី៧៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងព្រះរាជាណាចក្រកម្ពុជា និងព្រះរាជាណាចក្រថៃ នារសៀលថ្ងៃទី៨មីនា នៅពហុកីឡដ្ឋានជាតិអូឡាំពិក។

ក្នុងឱកាសនោះលោក សុខ សម្បត្តិ ប្រធាន​គណៈបញ្ជាការ​ឯក​ភាព​រដ្ឋបាល​ខណ្ឌ  បានមានប្រសាសន៍​ណែនាំដល់សង្កាត់ទាំង៧ ក្នុងខណ្ឌបឹងកេងកងដែលបានទទួលផែន​ការហើយត្រូវធ្វើឲ្យបាន នៅចំនួនមនុស្ស យុវជនដែលបានកំណត់ ហើយត្រូវមានសម្លៀកបំពាក់ឲ្យបានសំរម្យ ដោយរក្សាឲ្យបាននូវសេចក្តីថ្លៃថ្នូ។ លោកបន្តថា កម្លាំងគណៈបញ្ជាការឯក​ភាពរដ្ឋ​បាលខណ្ឌ និងសង្កាត់ទាំង៧ បើទោះជាយើងត្រូវដាក់កម្លាំងទៅជួយការពារក្នុងពិធីនោះក៍ដោយ ក៍យើងមិនភ្លេចត្រូវ​អនុវត្ត​ឲ្យ​បាន​នៅសន្តិសុខ សុវត្ថិ​ភាព នៅតាមមូលដ្ឋានរបស់ខ្លួនផងដែរ។

លោកសុខ សម្បត្តិ បញ្ជាក់ថា បើតាមកិច្ចប្រជុំត្រួតពិនិត្យលើការរៀបចំព្រឹត្តិការណ៍កីឡាបាល់ទាត់មិត្តភាពកម្ពុជា-ថៃ កាលពីរសៀលថ្ងៃទី០៦មីនាកន្លងមកនេះ ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន បានមានប្រសាសន៍ថា៖ ចំពោះគម្រោងនៃការរៀបចំរបស់រដ្ឋបាលរាជធានីភ្នំពេញ ទាំងការរៀបចំសន្តិសុខសណ្តាប់ធ្នាប់ខាងក្នុងនិងខាងក្រៅពហុកីឡដ្ឋានជាតិអូឡាំពិក មានលក្ខណៈល្អប្រសើរហើយ។ ស្នើបន្ថែមចិត្តទុកដាក់ មើលស្ថានភាពនយោបាយ ដែលអាចបង្កឡើងពីក្រុមជ្រុលនិយមរបស់ថៃនិងក្រុមជ្រុលនិយមរបស់កម្ពុជា យើងត្រូវបង្ការទប់ស្កាត់ក្រុមទាំងនេះឱ្យបាន។ ត្រូវផ្សព្វផ្សាយដល់អ្នកគាំទ្រ កីឡាករបាល់ទាត់ឱ្យយល់ពីខ្លឹមសារនៃការប្រកួតនេះជៀសវាងកុំឱ្យមានបញ្ហា។

ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន បានបន្តថា៖ ការប្រកួតនេះគឺ ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍ លើកទី៧៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងព្រះរាជាណាចក្រកម្ពុជា និងព្រះរាជាណាចក្រថៃ ហើយក៏ជាការប្រកួត ដើម្បីពង្រឹតមិត្តភាពទំនាក់ទំនងនៃប្រទេសទាំង២ កម្ពុជានិងថៃឱ្យកាន់តែរឹងមាំ ដូច្នេះយើងត្រូវតែធ្វើការងារនេះឱ្យល្អបំផុត ជៀសវាងកុំឱ្យមានបាតុភាពអ្វីកើតមានឡើងឱ្យសោះ។ កម្លាំងទាំងអស់ត្រូវរួមគ្នាធ្វើឱ្យល្អបំផុត មានបញ្ហាអ្វីទាក់ទងភ្លាមមកឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ដើម្បីចាត់គ្រប់វិធានការចំពោះមុខ។ បន្ថែមពីនេះ ចំពោះបរិស្ថានអនាម័យ ក៏ត្រូវតែស្អាតទាំងខាងក្រៅនិងខាងក្នុងពហុកីឡដ្ឋានជាតិអូឡាំពិក។

គួរបញ្ជាក់ថា៖ ព្រឹត្តិការណ៍កីឡាបាល់ទាត់មិត្តភាពកម្ពុជា-ថៃ អបអរសាទរខួបអនុស្សាវរីយ៍ លើកទី៧៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងព្រះរាជាណាចក្រកម្ពុជា និងព្រះរាជាណាចក្រថៃ ដែលរៀបចំឡើងដោយសហព័ន្ធប្រដាល់គុនខ្មែរ មាន២ប្រកួត នោះគឺ- ក្រុមបាល់ទាត់តារាកម្ពុជា នឹងប្រកួតជាមួយក្រុមបាល់ទាត់តារាថៃ។-ក្រុមបាល់ទាត់គុនខ្មែរ ប្រកួតជាមួយក្រុមបាល់ទាត់ MUAYTHAI ផងដែរ៕

Facebook Comments
Loading...