ភ្នំពេញ:ឆ្នាំនេះព្រឹត្តិការណ៍Ultra Trail Angkorនឹងធ្វើនៅថ្ងៃទី១៩ និង២០មករាដែលមានអ្នកចូលរួមរត់ចំនួនជាង៧០០នាក់មកពីប្រទេសចំនួន៣៥គឺមកពីគ្រប់ទ្វីបទាំង៥តែម្ដង ។
ក្នុងសន្និសីទកាសែតនាព្រឹកថ្ងៃទី១២មករាលោកវ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មធិការជាតិអូឡាំពិកកម្ពុជាមានប្រសាសន៍ថាវិញ្ញាសាគោលនៃព្រឹត្តិការណ៍នេះគឺរត់ចម្ងាយ១២៨គីឡូម៉ែត្រ ។ វាជាប្រភេទកីឡាដើម្បីទេសចរណ៍ដែលរត់តាមតំបន់អង្គរ វាលស្រែ ផ្លូវលំ ព្រៃរបោះ ។គឺជាការរត់របៀបផ្សងព្រេងតែអ្នករត់ត្រូវមានភាពអំណត់និង ការហ្វឹកហាត់បានត្រឹមត្រូវទៀតផង ។
ក្រៅពីរត់ចម្ងាយ១២៨គីឡូម៉ែត្រនោះក៏នៅមានវិញ្ញាសាអមគឺរត់៦៤គីឡូម៉ែត្រ ៤៥២គីឡូម៉ែត្រ ១៨គីឡូម៉ែត្រនិង ៨គីឡូម៉ែត្រ ។ នេះជាឆ្នាំទី៣ហើយដែលកម្ពុជារៀបចំនូវព្រឹត្តិការណ៍រត់បែបនេះហើយកាលពីឆ្នាំទី១មានអ្នកចូលរួមរត់តែជាង៣០០នាក់ប៉ុណ្ណោះ ។
នៅលើពិភពលោកនេះគេនិយមចូលចិត្តលេងប្រភេទកីឡានេះណាស់ទោះបីបន្ទាប់ពីលេងចប់កីឡាករស្ថិតក្នុងស្ថានភាពទ្រុឌទ្រោមក៏ពិតមែនក៏ដោយ ។សម្រាប់ឆ្នាំនេះកម្ពុជាមានអ្នកចូលរួមរត់ក្នុងចន្លោះពី៣០ទៅ៤០នាក់ដែរតែ ពួកគេលេងតែត្រឹមវិញ្ញាសារត់ចម្ងាយ៦៤គីឡូម៉ែត្រ និង ៤២គីឡូម៉ែត្រប៉ុណ្ណោះ ។