សម រង្ស៊ី និង ការពិតប្រវត្តិសាស្ត្រ

0
25014

(ភ្នំពេញ)៖ ការលើកឡើងថាវៀតណាម ជាអ្នកនាំឲ្យភ្លើងមកដុតខ្មែរតាមរយៈនាំមករបប ប៉ុល ពត ហើយចុងក្រោយ វៀតណាម ចូលមកពន្លត់ភ្លើងនៅខ្មែរ តាមរយៈថ្ងៃរំដោះ ៧ មករា ឆ្នាំ១៩៧៩ ពីសំណាក់ លោក សម រង្ស៊ី អតីតប្រធានគណបក្សសង្គ្រោះជាតិ បានធ្វើឲ្យមានការប្រតិកម្មមួយ ពីបុរសជនជនជាតិ ប៊ែលហ្ស៊ិក លោក រ៉ាអ៊ូល ម៉ាក់ ជេនណា (Raoul M. JENNAR) ដែលជាអ្នកសិក្សាអំពីប្រទេសកម្ពុជា។

លោក Raoul M. JENNAR បានចំណាយពេលជាច្រើនឆ្នាំ នៅក្នុងប្រទេសកម្ពុជា តាំងពីទស្សវត្សរ៍ឆ្នាំ៨០មកម្ល៉េះ។ លោកធ្លាប់បានធ្វើជាអ្នក ប្រឹក្សាយោបល់ អង្គការក្រៅរដ្ឋាភិបាលអន្តរជាតិ (១៩៨៩-១៩៩៣), ជាអ្នកប្រឹក្សាយោបល់របស់ UNTAC និងជាអ្នកប្រឹក្សាយោបល់នៃអង្គការ យូណេស្កូសម្រាប់សហគមន៍អឺរ៉ុបប្រចាំនៅកម្ពុជាផងដែរ។ លោក Raoul M. JENNAR ក៏ជាអ្នកដែលបានសរសេរសៀវភៅជាច្រើនស្តីពីកម្ពុជាផងដែរ ដូចជាសៀវភៅ «Trente ans depuis Pol Pot. Le Cambodge de 1979 à 2009«, Paris, L’Harmattan, 2010 and the next is «Khieu Samphan et les Khmers Rouges. Réponse à Jacques Vergès» Paris។

លោក Raoul M. JENNAR បានចាត់ទុកការលើកឡើងរបស់លោក សម រង្ស៊ី ជាការលើកឡើងមិនឆ្លុះបញ្ចាំងពីប្រវត្តិសាស្រ្ត ហើយគ្រាន់តែជាការ លើកឡើង ដើម្បីបញ្ឆេះកំហឹងប្រជាពលរដ្ឋខ្មែរ ដែលមិនសូវបានដឹងពីប្រវត្តិសាស្រ្តពិតតែប៉ុណ្ណោះ។

ខាងក្រោមនេះគឺជាទស្សនៈទាំងស្រុងរបស់លោក រ៉ាអ៊ូល ម៉ាក់ ជេនណា ជុំវិញការលើកឡើងរបស់លោក សម រង្ស៊ី លើព្រឹត្តិការណ៍រំដោះជាតិ ៧ មករា អមដោយការលើកបង្ហាញនូវប្រវត្តិសាស្ត្រមួយចំនួនផងដែរ៖

ក្នុងសារមួយដែលបានចុះផ្សាយទាក់ទងនឹងទិវារម្លឹកខួបអនុស្សាវរីយ៍ ៧មករា ដែលជាថ្ងៃនៃការដួលរំលំនៃរបប ប៉ុល ពត នោះ  លោក សម រង្ស៊ី ដែលល្បីឈ្មោះខាងអំពាវនាវឲ្យមានការស្អប់ខ្ពើមពូជសាសន៍ (នៅពេលគាត់និយាយជាភាសាខ្មែរ) និងខាងប្រជានិយមដ៏មោះមុតនោះ ព្យាយាមសរសេរប្រវត្តិសាស្ត្រកម្ពុជាឡើងវិញ ដោយបង្ហាញនូវហេតុការណ៍បន្តបន្ទាប់គ្នាផ្អែកលើការសន្មត់ «ប្រសិនបើ» យ៉ាងនេះ «ប្រសិនបើ» យ៉ាងនោះ ដែលមានចេតនាបង្ហាញថា វៀតណាម គឺជាប្រភពនៃទុក្ខវេទនាទាំងអស់របស់កម្ពុជា។

ជាធម្មតា អ្នកដែលបំភ្លៃការពិតប្រវត្តិសាស្ត្រ ក្នុងគោលបំណងកេងចំណេញខាងនយោបាយ ច្រើនភ្លេចនូវព្រឹត្តិការណ៍នានា ដែលប្រឆាំងនឹងការ ទាញរកហេតុផលងាយៗរបស់ពួកគេ។

តើការពិតទាំងនោះមានអ្វីខ្លះ? ចាប់តាំងពីឆ្នាំ១៩៥៣ មក កម្ពុជារបស់សម្តេចព្រះ នរោត្តម សីហនុ បានខិតខំព្យាយាម ការពារអព្យាក្រឹត្យភាព និងបូរណភាពដែនដីរបស់ខ្លួន។ នៅក្រៅប្រទេស កម្ពុជាប្រឈមនឹងអរិភាពរបស់សហរដ្ឋអាមេរិក ដែលគាំទ្រប្រទេសថៃ និងសាធារណរដ្ឋ វៀតណាមខាងត្បូង។ នៅក្នុងប្រទេសវិញ កម្ពុជាប្រឈមនឹងក្រុមដែលបាន ដាក់ខ្លួនជារណបសហរដ្ឋអាមេរិក រួមមាន លោក សម សារី (ឪពុករបស់ លោក សម រង្ស៊ី) លោក ស៊ឹង ង៉ុកថាញ់ លោក ដាប់ ឈួន ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ សិរិមតៈ និង លោក លន់ នល់។ ប៉ុន្តែបណ្ណាសាររបស់ទីភ្នាក់ងារ សម្ងាត់របស់អាមេរិក (CIA) និងក្រុមប្រឹក្សាសន្តិសុខជាតិ បានបង្ហាញថា ជនបីនាក់ដំបូង បានចូលរួមពាក់ព័ន្ធក្នុងផែនការផ្តួលរំលំព្រះប្រមុខរដ្ឋកម្ពុជា មិនបានសម្រេច ដោយរាប់បញ្ចូលទាំងការបញ្ជូនគ្រាប់បែកចូលក្នុងព្រះបរមរាជវាំងទៀតផង។ នៅឆ្នាំ១៩៧០ ជនពីរនាក់ចុងក្រោយគឺ លន់ នល់ និង ស៊ីសុវត្ថិ សិរិមតៈ សម្រេចទម្លាក់ព្រះប្រមុខរដ្ឋកម្ពុជា បានដោយជោគជ័យ។ នោះ គឺរដ្ឋប្រហារ ដែលបានទាញទម្លាក់ប្រទេសកម្ពុជាឲ្យចូល ក្នុងភ្នក់ភ្លើងសង្គ្រាមវៀតណាម។ សង្គ្រាមដែលសម្តេចព្រះ នរោត្តម សីហនុ បញ្ចៀសបានដោយជោគជ័យក្នុងអំឡុងពេលព្រះអង្គគ្រប់គ្រងប្រទេស។

ព្រឹត្តិការណ៍ដ៏ចម្បងនាថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០ កើតចេញពីឆន្ទៈរបស់រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោននេះហើយ ដែលជាប្រភពដើមនៃទុក្ខវេទនា ទាំងឡាយដែលប្រជាជនកម្ពុជាទទួលរងនៅក្នុងរយៈពេលពីរទសវត្សរ៍ក្រោយមក។ កម្ពុជា បានក្លាយជាផ្នែកមួយនៃសមរភូមិវៀតណាម ដែលមានការប្រយុទ្ធគ្នារវាងប្លុកទាំងពីរនៃសង្គ្រាមត្រជាក់។ ពេលនោះ សម្តេចព្រះ នរោត្តម សីហនុគ្មានជម្រើស អ្វីផ្សេងក្រៅពីសុំជំនួយពីប្លុកប្រឆាំងនឹងអ្នកដែលបាន ទម្លាក់ព្រះអង្គឡើយ។

ពិតមែនតែក្រុមកុម្មុយនិស្តវៀតណាម ជាសម្ព័ន្ធមិត្តដ៏មានឥទ្ធិពល និងប្រកបដោយជ័យជម្នះ ប្រឆាំងនឹងសាធារណរដ្ឋខ្មែរ របស់សេនាប្រមុខ លន់ នល់ ដែលពេលនោះ បានទទួលគាំទ្រដោយការទម្លាក់គ្រាប់បែករបស់អាមេរិក ដ៏ធ្ងន់ធ្ងរបំផុត នៅក្នុងប្រវត្តិសាស្ត្រ ក៏ប៉ុន្តែក្រុមនេះមិនមែនជាអ្នកបង្កើតចលនានយោបាយ និងយោធាដែលគេស្គាល់ក្រោមឈ្មោះថា «ខ្មែរក្រហម» នោះទេ។

លោក សម រង្ស៊ី ដែលមិនខ្វល់នឹងការពិតប្រវត្តិសាស្ត្រ គួរតែអានសៀវភៅប្រវត្តិសាស្ត្រ និពន្ធដោយ លោក Chandler, លោក Steve Heder ឬ លោក Philip Short។ គាត់នឹងដឹងថា ប៉ុល ពត និងពួកអ្នកស្មោះស័្មគ្ររបស់គាត់ មានការមិនទុកចិត្ត និងការស្អប់ខ្ពើមចំពោះជនជាតិវៀតណាម ដល់កម្រិតណា។

ការមិនទុកចិត្ត និងការស្អប់ខ្ពើមនេះ គឺមានតាំង តែពីមុនខែមីនា ឆ្នាំ១៩៧០មកម្ល៉េះ។ នៅអំឡុងពេលសង្គ្រាម ពួកខ្មែរ ក្រហមមិនដែលទទួល បញ្ជាពីរដ្ឋាភិបាលទីក្រុងហាណូយម្តងណាឡើយ។ នៅពេលពួកគេក្លាយជាអ្នកដឹកនាំប្រទេស ពួកគេបានអនុវត្តជាប្រចាំនូវ នយោបាយឈ្លានពានប្រឆាំងនឹងវៀតណាម ដែលបាននាំទៅឲ្យមានថ្ងៃ៧ មករា ឆ្នាំ១៩៧៩ និងការដួលរំលំនៃរបបមួយដែលទទួល ខុសត្រូវចំពោះការស្លាប់ប្រជាជនកម្ពុជាចំនួនជាង ២,២លាននាក់។ មែនទែនទៅ តើនរណាអាចប្រកែកថា ថ្ងៃ៧ មករា មិនមែនជាថ្ងៃរំដោះនោះ?

តើនរណាអាចប្រកែកថា ដំណាក់កាលបន្ទាប់មកប្រទេសកម្ពុជា មិនបានជាប់ក្នុងអន្ទាក់ «សង្គ្រាមតាមរយៈតួអង្គតំណាង» ដែលបានធ្វើឲ្យអ្នករស់រាន មានជីវិតពីអំពើសាហាវយង់ឃ្នងនៃពួក ប៉ុល ពត ក្លាយជាជនរងគ្រោះនៃមហាអំណាច នានានោះ? ជាថ្មី ម្តងទៀត មិនមែនជនជាតិវៀតណាមទេ ដែលជាអ្នកទទួលខុសត្រូវចំពោះទុក្ខវេទនារបស់កម្ពុជា។ អ្នកទទួលខុសត្រូវ គឺជាមហាអំណាចមួយចំនួន ដែលនៅអតីតកាល បានបដិសេធចោល អព្យាក្រឹត្យភាពរបស់កម្ពុជា និងជាថ្មីម្តងទៀត នៅពេលបច្ចុប្បន្ននេះ តម្រូវឲ្យកម្ពុជា ជ្រើសរើសបក្ខពួកមួយ ដោយប្រឆាំងនឹងបក្ខពួកមួយទៀត។

លុះត្រាតែ ល្ងីល្ងើខ្វាក់ដោយសារ តណ្ហា ដូចពួកជ្រុលនិយម និងពួកងុបងល់និយម ទើបហ៊ានសរសេរថា ប្រទេសកម្ពុជា នាពេលបច្ចុប្បន្ននេះ ត្រូវបានវៀតណាម ធ្វើអាណានិគមយោធា និងសេដ្ឋកិច្ច។ និយាយមែនទែនទៅ គឺ ពួកជ្រុលនិយម និងពួកប្រជាភិថុត គ្មានអ្វីក្រៅពីការបញ្ឆេះ ភ្លើងតណ្ហានៃប្រជារាស្ត្រដែលមិនសូវបានយល់ដឹងបែបនេះឯង។

លោក សម រង្ស៊ី បានបង្កើតសេណារីយ៉ូមួយដែលពោរពេញដោយ «ប្រសិនបើ»។ ប៉ុន្តែដូចដែលគេដំណាល និយាយនៅប្រទេសបារាំងថា«ជាមួយនឹង ប្រសិនបើ គេអាចច្រកទីក្រុងប៉ារីសនៅក្នុងដបមួយបាន»។ ជាអកុសល ដើម្បីបោកបញ្ឆោតអ្នកអានរបស់ខ្លួន លោក សម រង្ស៊ី មិនញញើតនឹងបំភ្លៃ ការពិតប្រវត្តិសាស្រ្តឡើយ៕

រ៉ាអ៊ូល ម៉ាក់ ជេនណា
បណ្ឌិតខាងសិក្សាខ្មែរ

Facebook Comments
Loading...