លទ្ធិប្រជាធិបតេយ្យនៅកម្ពុជាបាននឹងកំពុងតែជាក់ឬសទៅក្នុងសង្គមជាតិ និងមានជំហានលូតលាស់យ៉ាងខ្លាំងតាមរយៈកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ស្របទៅតាមស្មារតីនៃរដ្ឋធម្មនុញ្ញដែលជាច្បាប់កំពូលរបស់កម្ពុជា ។ កន្លងទៅនេះមជ្ឈដ្ឋានបរទេសមួយ ចំនួនបានខិតខំប្រឹងប្រែងបង្អាក់ដំណើរការនៃការអនុវត្តលទ្ធិប្រជាធិបតេយ្យ សេរី ពហុបក្ស នៅប្រទេសកម្ពុជា តាមរយៈការប្រើប្រាស់កម្លាំងខាងក្នុង ដែលជាអ្នកនយោបាយប្រឆាំងផ្កាប់មុខឲ្យធ្វើសកម្មភាពបដិវត្តន៍ពណ៌ ដើម្បីផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ។ ឧបាយកលដ៏ថោកទាបនេះត្រូវបានរាជរដ្ឋាភិបាលវាយឲ្យបរាជ័យ ជីកគាស់រំលើងដល់ឬសគល់ ឈានទៅរលត់រលាយទាំងស្រុង ។ ប៉ុន្តែប្រឈមមុខនឹងការបរាជ័យដ៏ធ្ងន់ធ្ងរនេះពួកបរទេសដែលជាចៅហ្វាយ និងជនក្បត់ជាតិនៅតែបន្តសកម្មភាពដ៏ពិសពុលរបស់ខ្លួន ដោយបើកសមរភូមិនៅក្រៅប្រទេស ឃោសនាមួលបង្កាច់ និងកៀងគរបក្សពួកវាយប្រហារមកលើរាជរដ្ឋាភិបាលកម្ពុជារហូតចោទប្រកាន់ទាំងបំពានថា ប្រជាធិបតេយ្យនៅកម្ពុជាបានស្លាប់បាត់ទៅហើយ ឬក៏ថាកំពុងធ្វើដំណើរថយក្រោយ ។ ពួកនេះថែមទាំងហ៊ានដាក់លក្ខខណ្ឌបង្គាប់បញ្ជាឲ្យដោះលែងជនក្បត់ជាតិ កឹម សុខា ការអនុញ្ញាតិឲ្យគណបក្សសង្គ្រោះជាតិធ្វើសកម្មភាពឡើងវិញ ដោយមិនបានសិក្សាទៅលើអង្គហេតុ និងអង្គច្បាប់ឲ្យបានច្បាស់លាស់ ដែលទង្វើនេះគឺជាការជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់ប្រទេសកម្ពុជា ជាការរំលោភទៅលើគោលការណ៍ឯករាជ្យជាតិ និងរដ្ឋអធិបតេយ្យយ៉ាងធ្ងន់ធ្ងរបំផុត ។
បច្ចុប្បន្ននេះការអនុវត្តលទ្ធិប្រជាធិបតេយ្យ សេរី ពហុបក្ស នៅតែមានដំណើរការជាធម្មតា។ កម្ពុជាបានត្រៀមខ្លួនរួចរាល់ហើយស្រេចសម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នៅថ្ងៃទី២៥ ខែកុម្ភៈ និងការបោះឆ្នោតរដ្ឋសភា នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ។ ដំណើរការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបេក្ខជនឈរឈ្មោះបោះឆ្នោតព្រឹទ្ធសភា នីតិកាលទី៤ បានបញ្ចប់កាលពីថ្ងៃទី១២ ធ្នូ កន្លងទៅ ដោយមានគណបក្សនយោបាយចំនួន៤ បានដាក់ពាក្យស្នើសុំប្រកួតប្រជែង ។ ចំណែកស្ថាប័នរដ្ឋសភាកំពុងតែបន្តនិរន្តរភាពការងារជាប្រក្រតី ។ អនុវត្តតាមច្បាប់ស្តីពីគណបក្សនយោបាយ គ.ជ.ប បានប្រកាសពីការបែងចែកអាសនៈក្រុមប្រឹក្សារាជធានី ខេត្ត និងក្រុមប្រឹក្សាក្រុង ស្រុក ខណ្ឌ ក្រុមប្រឹក្សាឃុំ សង្កាត់ ព្រមទាំងអាសនៈរដ្ឋសភាដែលនៅទំនេរក្រោយពីគណបក្សសង្គ្រោះជាតិត្រូវបានរំលាយ ។ រចនាសម្ព័ន្ធថ្មីនៃថ្នាក់ដឹកនាំរដ្ឋសភាបានរៀបចំធ្វើការបែងចែកស្របតាមនីតិវិធី ហើយបាននឹងកំពុងបំពេញការងារជាស្ថាប័ននីតិបញ្ញតិប្រកបដោយប្រសិទ្ធភាពខ្ពស់ ។ សមាជិករដ្ឋសភាថ្មី និងសមាជិកក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ បានបំពេញភារកិច្ចរបស់ខ្លួនក្នុងការបម្រើប្រជាជនជាធម្មតា ។ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ក៏បានបំពេញភារកិច្ចយ៉ាងត្រឹមត្រូវទៅតាមប្រតិទិននៃការងាររបស់ខ្លួន ។ រាជរដ្ឋាភិបាលកម្ពុជាដែលជាស្ថាប័ននីតិប្រតិបត្តិកំពុងអនុវត្តការដឹកនាំលើគ្រប់វិស័យទាំងអស់ ទាំងសេដ្ឋកិច្ច សង្គមកិច្ច ការពារជាតិ និងកិច្ចការបរទេស ប្រកបដោយជោគជ័យជាមួយនឹងសមិទ្ធផលធំៗជាច្រើន និងទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់ប្រជាជនកម្ពុជាទូទាំងប្រទេស ធ្វើឲ្យជីវភាពសង្គមដំណើរការជាប្រក្រតី ។ បច្ចុប្បន្ននេះនៅកម្ពុជាមានគណបក្សនយោបាយចំនួន៣៥ បានចុះបញ្ជី និងត្រៀមប្រកួតប្រជែងក្នុងការបោះឆ្នោតក្នុងឆ្នាំ២០១៨ ។ ការបង្កើតគណបក្សនយោបាយថ្មីមិនត្រូវបានហាមឃាត់ ឬរឹតត្បិតនោះទេ ។ អង្គការសង្គមស៊ីវិលជាង៣០០០ ប្រព័ន្ធផ្សព្វផ្សាយជាតិ និងបរទេសរាប់ពាន់ កំពុងធ្វើសកម្មភាពដោយសេរី ដោយគ្មានការហាមឃាត់ ដែលបង្ហាញឲ្យឃើញថា រាជរដ្ឋាភិបាលបានបើកទូលាយសេរីភាពសារព័ត៌មាននៅកម្ពុជា ហើយវិស័យនេះកំពុងមានការរីកចម្រើនយ៉ាងឆាប់រហ័ស ។
ដូច្នេះអ្វីទៅដែលហៅថា ការស្លាប់បាត់បង់នៃលទ្ធិប្រជាធិបតេយ្យ សេរី ពហុបក្ស នៅកម្ពុជា? អ្វីទៅ ដែលហៅថា នៅកម្ពុជាលទ្ធិប្រជាធិបតេយ្យកំពុងដើរថយក្រោយ? តើវាតម្រូវឲ្យទាល់តែមានគណបក្សនយោ បាយមួយដឹកនាំដោយជនក្បត់ជាតិ ដោយមានជនបរទេសជាចៅហ្វាយញាក់ខ្សែពីក្រោយប្រព្រឹត្តិសកម្មភាពដែលផ្ទុយទៅនឹងរដ្ឋធម្មនុញ្ញ ធ្វើទង្វើល្មើសច្បាប់ បង្ករឲ្យមានអសន្តិសុខ និងចលាចលធ្វើឲ្យបែកបាក់ផ្ទៃក្នុងជាតិទើបហៅថា ប្រជាធិបតេយ្យ? សូមកុំយកដំណើរការអនុវត្តប្រជាធិបតេយ្យដែលកំពុងតែមានសកម្មភាព រស់រវើកមកធ្វើជាចំណាប់ខ្មាំងរបស់បុគ្គលណា ឬគណបក្សនយោបាយណាមួយឲ្យសោះ ។ សូមកុំយកអាយុ ជីវិតប្រជាជនកម្ពុជាមកធ្វើជាល្បែងនយោបាយ និងសូមកុំនាំយកទឹកដីកម្ពុជាឲ្យធ្លាក់ចូលទៅក្នុងភ្នក់ភ្លើង សង្គ្រាមសារជាថ្មីទៀត ។ ប្រជាជនកម្ពុជាមានការប្តេជ្ញាចិត្តខ្ពស់ក្នុងការកសាងមាតុភូមិរបស់ខ្លួនស្របតាម ស្មារតីរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាផ្អែកលើប្រព័ន្ធប្រជាធិបតេយ្យ សេរី ពហុបក្ស ធានាសិទ្ធមនុស្ស គោរពច្បាប់ ទទួលខុសត្រូវចំពោះវាសនាអនាគតជាតិឲ្យបានឈានឡើងរីកចម្រើនលូតលាស់សម្បូររុងរឿងជា និច្ចនិរន្ត ។ យើងប្តេជ្ញាដាច់ខាតការពារឯករាជ្យជាតិ អធិបតេយ្យជាតិ រាំងខ្ទប់ដាច់ខាតការជ្រៀតជ្រែកចូលកិច្ច ការផ្ទៃក្នុងរបស់កម្ពុជា និងគាំទ្ររាជរដ្ឋាភិបាលកម្ពុជាដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខក្នុងការបន្តបំពេញបេសកកម្មដ៏ឧត្តុងឧត្តម ដើម្បីសន្តិភាព និងការអភិវឌ្ឍមាតុភូមិយើងតអង្វែងរៀងទៅ ៕