អ្នកជំនាញការជាន់ខ្ពស់អាយសីុសីុ-អង្គរ ចុះពិនិត្យការងាររុះរើសំណង់ខុសច្បាប់ក្នុងតំបន់អង្គរ

0
16319

នៅរសៀលថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៧ ក្រុមអ្នកជំនាញការជាន់ខ្ពស់ផ្នែកអភិរក្សនៃគណៈកម្មាធិការអាយស៊ីស៊ី-អង្គរ បានចុះត្រួតពិនិត្យមើលការងារចុះរុះរើសំណង់ខុសច្បាប់ក្នុងរមណីយដ្ឋានអង្គរ។

បញ្ហាសំណង់ខុសច្បាប់ក្នុងរមណីយដ្ឋានអង្គរ គឺជារឿងរសើបនាពេលកន្លងមក ដែលអង្គការយូណេស្កូ ក៏ដូចជាគណៈកម្មាធិការ អាយស៊ីស៊ី-អង្គរ ធ្លាប់បង្ហាញការព្រួយបារម្ភ និងផ្តល់អនុសាសន៍ ដល់អាជ្ញាធរជាតិអប្សរា ដែលមានភារកិច្ច គ្រប់គ្រងរមណីយដ្ឋានប្រវត្តិសាស្រ្តអង្គរ។

ការលួចសាងសង់ខុសច្បាប់ក្នុងអំឡុងយុទ្ធនាការបោះឆ្នោតនាឆ្នាំកន្លងទៅ បានធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់តម្លៃលេចធ្លោជាសកលនៃរមណីយដ្ឋានអង្គរ ហើយអង្គការយូណេស្កូក៏បានសម្តែងសេចក្តីព្រួយបារម្ភផងដែរ។

ក្នុងការជូនដំណើរក្រុមជំនាញការជាន់ខ្ពស់ទៅពិនិត្យសំណង់ខុសច្បាប់ដែលត្រូវបានរុះរើនេះ ឯកឧត្តមបណ្ឌិត ស៊ុំ ម៉ាប់ អគ្គនាយកអាជ្ញាធរជាតិអប្សរាបានបង្ហាញអំពីឆន្ទៈមុតមាំរបស់រាជរដ្ឋាភិបាលកម្ពុជា លើកិច្ចការអភិរក្សបេតិកភណ្ឌអង្គរ ជាពិសេស គឺតុល្យភាពរវាងការអភិវឌ្ឍនិងការអភិរក្ស ដែលមិនធ្វើឲ្យប៉ះពាល់តម្លៃលេចធ្លោជាសកលនៃបេតិកភណ្ឌ និងការគោរពនូវបទដ្ឋានបេតិកភណ្ឌពិភពលោក។

ជាមួយគ្នានេះ ឯកឧត្តមក៏បានបង្ហាញនូវដំណោះស្រាយមួយចំនួនដែលរាជរដ្ឋាភិបាលកម្ពុជាបានរៀបចំឡើង សម្រាប់ដោះស្រាយនូវកំណើនប្រជាជននៅក្នុងតំបន់អង្គរ នោះគឺ ការបង្កើតទីកន្លែងប្រកបដោយភាពងាយស្រួលរស់នៅមួយកន្លែងដែលនៅក្រៅតំបន់បេតិកភណ្ឌ ដើម្បីជូនដល់ប្រជាពលរដ្ឋដែលចង់បំបែកគ្រួសារ ហើយស្ម័គ្រចិត្តទៅរស់នៅ។ ទីកន្លែងដែលត្រូវបានបង្កើតនោះគឺ គម្រោងអភិវឌ្ឍន៍ភូមិធម្មជាតិរុនតាឯក ដែលសព្វថ្ងៃមានប្រជាពលរដ្ឋបានស្ម័គ្រចិត្តទៅរស់នៅប្រមាណជាង១០០គ្រួសារ។

ក្រោយពិនិត្យទីតាំងមួយចំនួនហើយ ក្រុមអ្នកជំនាញការជាន់ខ្ពស់នឹងពិភាក្សាផ្លាស់ប្តូរយោបល់គ្នាលម្អិតបន្ថែមទៀតក្នុងកិច្ចប្រជុំអាយស៊ីស៊ី-អង្គរខាងមុខ ដើម្បីរិះរកដំណោះស្រាយបន្ថែម លើការងារទប់ស្កាត់សំណង់ខុសច្បាប់ក្នុងរមណីយដ្ឋានអង្គរ។

គួរឱ្យដឹងផងដែរថា ក្រៅពីពិនិត្យមើលការងាររុះសំណង់ខុសច្បាប់ ក្រុមអ្នកជំនាញការជាន់ខ្ពស់ក៏បានចុះពិនិត្យមើលការដ្ឋានជួសជុលនៅតាមប្រាសាទជាច្រើន ដោយរួមទាំងផ្លូវវង់ធំ ដែលគ្រោងនឹងធ្វើការជួសជុលនាពេលខាងមុខនេះផង៕

Facebook Comments
Loading...