កីឡាបាល់ទាត់ខេត្តបន្ទាយមានជ័យលើទឹកដីរាជធានីភ្នំពេញ រដូវកាលទី២ត្រូវបានបញ្ចប់!

0
12507

បន្ទាប់ពីធ្វើការតស៊ូប្រយុទ្ធអស់រយៈពេលជិត៤ខែមក ការប្រកួតបាល់ទាត់តំណាងយុវនិស្សិត ខេត្តបន្ទាយមានជ័យប្រចាំនៅ រាជធានីភ្នំពេញ ត្រូវបានបញ្ចប់ជាស្ថាពរ និងបានប្រារព្ធពិធីបិទការប្រកួត នៅដើមខែធ្នូ ឆ្នាំ២០១៧នេះ ក្នុងបរិវេណវិទ្យាល័យបាក់ទូក ក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ ,ឯកឧត្តម ឡាយ គឹមលី នាយករង ខុទ្ទការល័យ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន, ឯកឧត្តម នាក់ យុទ្ធា អគ្គលេខាធិការរង នៃអាជ្ញាធរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀន ព្រមទាំងមានការចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ លោក លោកស្រី លោកនាយក លោកនាយករង សិស្សានុសិស្សសាលាបាក់ទូកជាច្រើនពាន់នាក់ និងមានវត្តមាន ឯកឧត្តម លោកជំទាវ លោក លោកស្រី អតីតសិស្សទស្សវត្សទី៨០ និង ព្រឹទ្ធាចារ្យអតីតគ្រូបង្រៀនសាលាបាក់ទូកជាច្រើននាក់ ចូលរួមយ៉ាងអធឹកអធមផងដែរ។

Screenshot_20171204-160658

ព្រឹត្តិការណ៍គួរឲ្យចាប់អារម្មណ៍មួយនេះគឺជាលើកទី២ហើយ ដែលលើកទី១ បានផ្តួចផ្តើមឡើងក្នុងឆ្នាំ២០១៦ ក្រោមការចង្អុលបង្ហាញ ដ៏ខ្ពង់ខ្ពស់ របស់ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ព្រមទាំងមានការអនុញ្ញាតិ ដ៏ខ្ពង់ខ្ពស់ ពីសំណាក់ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានសហព័ន្ធបាល់ទាត់កម្ពុជាផងនោះ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានឧបត្ថម្ភ គាំទ្រពេញទំហឹង រៀបចំកម្មវិធីនេះឡើង ក្នុងគោលបំណង លើកស្ទួយវិស័យបាល់ទាត់កម្ពុជា រឹតចំណងសាមគ្គីភាពរវាងយុវជន និងអូសទាញយុវជនងាកមកស្រឡាញ់និងលេងកីឡាតាំងចិត្តថាទេចំពោះគ្រឿងញៀន។ ចំណែក រដូវកាលទី២នេះ បានចាប់ផ្តើមឡើងកាលពីថ្ងៃទី១៩ ខែសីហា មកទល់នឹងខែធ្នូ ឆ្នាំ២០១៧ ដោយធ្វើការប្រកួតវិលជុំតែក្នុងថ្ងៃចុងសប្តាហ៍ និងមានកីឡាករ០៩ក្រុម តំណាងស្រុកក្រុងទាំង០៩ ក្នុងខេត្តបន្ទាយមានជ័យចូលរួមប្រកួតប្រជែងគ្នា ដោយចែកចេញជា ០២ពូល ។

គ្រប់ពេលដែលមានកម្មវិធីជួបជុំ ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង តែងនាំយកការ៉េម នំប៉័ង ទឹកសុទ្ធ ទៅចែកគ្រប់គ្នា បរិភោគប្រកបដោយភាពស្និតស្នាលបំផុត។ លើកនេះក៏មិនខុសពីពេលមុនៗ ការ៉េម ៣៦០០ដើម នំប៉័ង២០០០ដើម ទឹកសុទ្ធជាង១០០កេស បានតម្រៀបត្រៀបត្រាចែកដល់សិស្សានុសិស្ស និងឯកឧត្តម លោកជំទាវ ភ្ញៀវចូលរួមទាំងអស់ ចែកគ្នាបរិភោគយ៉ាងសប្បាយរីករាយគ្រប់ៗគ្នា។

ក្រោយទស្សនាការប្រកួតចប់ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានឧបត្ថម្ភដល់ក្រុមកីឡាករ ជាប់ចំណាត់ថ្នាក់លេខ១ ចំនួន ១លានរៀល, លេខ២ចំនួន៨០ម៉ឺនរៀល, លេខ៣ចំនួន៥០ម៉ឺនរៀល និង៦ក្រុមទៀតដែលមិនមានចំណាត់ថ្នាក់ ទទួលបាន ការលើកទឹកចិត្តក្នុង១ក្រុមចំនួន៤០ម៉ឺនរៀល ក្រៅពីនេះឯកឧត្តម រ័ត្ន ស្រ៊ាង បានដោះស្រាយជួយឧបត្ថម្ភដល់ គណកម្មការរៀបចំការប្រកួត០៥នាក់ ចំនួន១លានរៀល, ក្រុមកាយឬទ្ធិចំនួន ៤០ម៉ឺនរៀល, កីឡាករជម្រើសជាតិដែលជ្រើសរើសចេញពីខេត្តបន្ទាយមានជ័យ៧នាក់ ចំនួន១លាន៦សែនរៀល, គ្រូជំនួយជម្រើសជាតិដែលជ្រើសរើសចេញពីខេត្តបន្ទាយមានជ័យម្នាក់ ៤០ម៉ឺនរៀល ព្រមទាំងចំណាយលើការរៀបកម្មវិធី ទាំងស្រុងតាំងពីពេលចាប់ផ្តើមរហូតដល់បញ្ចប់ សរុបជាទឹកប្រាក់អស់ជាង៣០លានរៀល។ ជាមួយគ្នានេះផងដែរ ឯកឧត្តម ឧបនាយរដ្ឋមន្ត្រី កែ គឹមយ៉ាន ក៏បានឧបត្ថម្ភបន្ថែម ដល់ក្រុមកីឡាករទាំង០៩ក្រុងស្រុកនៃខេត្តបន្ទាយមានជ័យ ក្នុង១ក្រុម១០០ដុល្លារផងដែរ។

ងាកមកក្រៅកម្មវិធីបិទការប្រកួតកីឡាបាល់ទាត់នេះវិញ បងប្អូនអ្នកចូលរួមទស្សនា ហាក់មានការចាប់អារម្មណ៍ ជាមួយសកម្មភាព របស់ ឯកឧត្តម លោកជំទាវ លោក លោកស្រី អតីតសិស្ស និង អតីតគ្រូ នៃសាលាបាក់ទូកមួយក្រុម ដែលបាននាំគ្នាដើរទស្សនា បន្ទប់សិក្សា ដែលពួកគាត់ធ្លាប់បានរៀន កាលពីទស្សវត្សទី៨០ រំលឹកអនុស្សាវរីយ៍ និងសម្តែងកាយវិកាសិស្សសាលាយ៉ាងសប្បាយរីយរាយ។ ពួកគាត់មួយក្រុមនេះគឺជាមិត្តរួមជំនាន់ ដែលបានប្រមូលផ្តុំគ្នា ចងក្រងជាក្រុមក្នុងបណ្តាញទំនាក់ទំនងសង្គម ទាំងអ្នកនៅក្នុងស្រុក និងក្រៅប្រទេស ក្នុងទ្វីបអាស៊ី អឺរ៉ុប អាមេរិក ក្រោមការផ្តួចផ្តើមគំនិត របស់លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ក្នុងគោលបំណងរឹតចំណងមិត្តភាព ដឹងពីសុខទុក្ខគ្នា ជួយទុក្ខធុរៈគ្នាពេលជួបការលំបាក និងបានរួមគ្នាជួយកសាងអភិវឌ្ឍន៍ សមិទ្ធិផលជាច្រើនក្នុងសាលាបាក់ទូកដែលពួកគាត់ធ្លាប់បានរៀន ដែលនេះគឺជាគម្រូគួរឲ្យចាប់អារម្មណ៍មួយ សម្រាប់ក្មួយៗ សិស្សប្អូនជំនាន់ក្រោយយកទៅអនុវត្តតាមគ្រប់ៗគ្នា។
#PhnomPenhGRK

Screenshot_20171204-160926

Screenshot_20171204-160715

Facebook Comments
Loading...