កឋិនទានសាមគ្គីដង្ហែទៅកាន់វត្តជេដ្ឋាឧត្តម ប្រមូលបច្ច័យបានប្រមា​ណ១២០លានរៀលសម្រាប់ប្រើប្រាស់កសា​ងសមិទ្ធផលនានាក្នុងវត្ត

0
253

ភ្នំពេញ ៖ ប្រជាពុទ្ធបរិស័ទជិតឆ្ងាយ នៅរាជធានីភ្នំពេញ និងបណ្ដាខេត្ត១ចំនួន និងពុទ្ធបរិស័ទចំណុះជើងវត្តនៅភូមិគ្រួស សង្កាត់សំរោងផង នាព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៤ បានមូលមតិគ្នាជាឯកឆន្ទដង្ហែអង្គកឋិនទានសាមគ្គីចូលមកកាន់វត្តជេដ្ឋាឧត្តម (ហៅវត្តគ្រួស) ស្ថិតក្នុងភូមិគ្រួស សង្កាត់សំរោង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ដើម្បីវេរប្រគេនព្រះសង្ឃដែលគង់ចាំព្រះវស្សាអស់កាលត្រីមាស និងដើម្បីប្រមូលបច្ច័យកសាង សមិទ្ធផលនានានៅក្នុងទីអារាមនេះឲ្យបានកាន់តែប្រសើរថែមទៀត។

ព្រះញាណវិសុទ្ធិវង្ស សាត វិបុល ព្រះអធិបតីសង្ឃ វត្តជេដ្ឋាឧត្តម មានសង្ឃដីការថា តាមទំនៀមទំលាប់ប្រពៃណីនៃ ព្រះពុទ្ធសាសនា នៅចុងវស្សាន្ដរដូវ រយៈពេល២៩ថ្ងៃគឺចាប់ពីថ្ងៃ ១រោជ ខែភទ្របុទ្ររហូតដល់ថ្ងៃពេញបូរមីខែកត្តិក ប្រជាពុទ្ធបរិស័ទតែងប្រារព្ធធ្វើបុណ្យកឋិនទានវេរ ប្រគេនព្រះសង្ឃដែលបានបញ្ចប់ចំណាំព្រះវស្សាជារៀងរាល់ឆ្នាំហើយការធ្វើនេះ បើតាមពុទ្ធបញ្ញត្តិក្នុង១ឆ្នាំវត្តនិមួយៗ ទទួលបានអង្គឋិនតែម្ដងប៉ុណ្ណោះ។ បុណ្យនេះមានក្លឹមសារសំខាន់ សំរាប់ពុទ្ធសាសនិកជនជាអ្នកគោរពស្រឡាញ់ ទ្រទ្រង់ព្រះពុទ្ធសាសនា ដោយបាននាំមកនូវត្រៃចីវរជាប្រធាន អមដោយបរិក្ខាជាច្រើនទៀត ដែលជាប្រដាប់ ប្រើប្រាស់ក្នុងជីវភាពរបស់ព្រះសង្ឃ។

ក្រៅពីអត្ថន័យខាងលើពិធីបុណ្យនេះ ក៏ជាការបង្ហាញនូវទឹកចិត្តជ្រះថ្លា ក្នុងការបំពេញកុសល ប្រកបដោយជំនឿលើមាគ៌ាព្រះពុទ្ធសាសនា ហើយក៏ជាកាឆ្លុះបញ្ចាំងពី ការរួបរួមសាមគ្គីគ្នា រវាងអាជ្ញាធរ មន្ដ្រីរាជការ ប្រជាពលរដ្ឋដែលមានព្រះសង្ឃផងដែរ ក្នុងការជួយទ្រទ្រង់និងលើកដំកើងដល់វិស័យ ព្រះពុទ្ធសាសនាឲ្យបានថ្កុំថ្កើងរុងរឿង។

ព្រះញាណវិសុទ្ធិវង្ស សាត វិបុល បន្តថា ក្រៅពីបច្ច័យប្រគេនដល់ព្រះសង្ឃសម្រាប់ប្រើប្រាស់ជាបច្ច័យ៤ ដោយកំលាំងសទ្ធាជ្រះថ្លារបស់ប្រជាពុទ្ធបរិស័ទ ជិតឆ្ងាយ អង្គកឋិនទាននេះប្រមូលបច្ច័យ សរុបបានប្រមាណ១២០លានរៀល ដែលបច្ច័យទាំងនេះ១ចំណែកតូចសម្រា​ប់​ប្រើប្រាស់ក្នុងការចំណាយផ្សេងៗ និងសល់ពីនេះសម្រាប់ ប្រើប្រាស់ក្នុងការកសា​ង ផ្សេងៗពិសេសកសាងកុដិសម្រាប់ឲ្យព្រះសង្ឃគុងនៅរៀនសូត្រ ដែលការងារកសាងនេះ ចាំបាច់ត្រូវតែធ្វើមិនអាចខ្វះបាន។

សូមបញ្ជាក់ថា កឋិនទានសមគ្គីនេះផ្តួចផ្តើមដោយឯកឧត្តម លោកឧកញ៉ា លោកជំទាវ លោក លោកស្រី ឧបាសក ឧបាសិកា មកពីទីជិតឆ្ងាយ និងចំណុះជើងវត្តជេដ្ឋាឧត្តម (ហៅវត្តគ្រួស) ទាំងមូលផងដែរ៕

Facebook Comments
Loading...