លោក សុខ សម្បត្តិ ! ប្រជាការពារខណ្ឌបឹងកេងកងយើងបានលះបង់ទាំងកម្លាំងកាយ កម្លាំងចិត្ត ដើម្បីការពារសន្តិសុខសណ្ដាប់ធ្នាប់ សុវត្ថិភាពជូនប្រជាពលរដ្ឋ

0
177

ភ្នំពេញ ៖ ក្នុងពិធីសំណេះសំណាល និងចែកអំណោយដល់កងកម្លាំងសន្តិសុខ របស់ខណ្ឌបឹងកេងកងចំនួន៥០នាក់ កាលពីរសៀលថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ លោក សុខ សម្បត្តិ អភិបាលនៃគណៈអភិបាលខណ្ឌបឹងកេងកង បានមានប្រសាសន៍ថា កម្លាំងប្រជាការពារ គឺជាពហុវិស័យហើយបានលះបង់ទាំងកម្លាំងកាយ កម្លាំងចិត្ត ដោយមិនបានគិតថា ពេលយប់ ឬពេលថ្ងៃឡើយ គឺមានគោលដៅតែមួយគត់ នោះគឺដើម្បីការពារសន្តិសុខសណ្ដាប់ធ្នាប់ សុវត្ថិភាពជូនប្រជាពលរដ្ឋ។

លោកអភិបាលខណ្ឌបានលើកឡើងទៀតថា ប្រជាការពារនៅខណ្ឌបឹងកេងកងរបស់យើង មិនថាថ្ងៃធម្មតា ថ្ងៃបុណ្យទានតូចធំ ពិសេសបុណ្យថ្នាក់ជាតិដូចជាបុណ្យអ៊ុទូក អកអំបុក និងសំពះព្រះខែ ដែលកន្លងទៅថ្មីៗនេះបានរួមសាមគ្គីគ្នា លះបង់នូវកម្លាំងកាយ កម្លាំងចិត្ត មិនថាយប់ ថ្ងៃ ក្តៅរងា ឬមានភ្លៀង ធ្លាក់នោះទេ ពួកគាត់តែងបំពេញការងារមិនខ្លាចនឿយហត់ឡើយ ក្នុងគោលបំណងតែមួយគត់ គឺរក្សាឲ្យបាននូវសន្តិសុខសណ្ដាប់ធ្នាប់ របៀបរៀបរយនៅក្នុងខណ្ឌបឹងកេងកងទាំងមូល ពិសេសគឺរក្សាឲ្យបាន ភូមិ ឃុំ មានសុវត្ថិភាព។

ជាងនេះទៅទៀតលោកសុខ សម្បត្តិ ក៏បានបញ្ជាក់ផងដែរថា សម្រាប់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ គឺតែងតែចុះសួរសុខទុក្ខ និងសំណេះសំណាលជាមួយប្រជាការពារ ដែលនេះជាការបង្ហាញឲ្យឃើញ អំពីមនោសញ្ជេនាស្រឡាញ់រាប់អាន ការផ្ដល់តម្លៃ និងការគិតគូរជាប្រចាំសម្រាប់មន្ត្រីក្រោមឱវាទ ពិសេសគឺប្រជាការពារនៅខណ្ឌបឹងកេងកង និងនៅរាជធានីភ្នំពេញទាំងមូលផងដែរ។

លោកបន្តថា ចលនាប្រជាការពារគឺជាកម្លាំងស្ម័គ្រចិត្ត ដើម្បីរួមចំណែកការពារសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម នៅក្នុងមូលដ្ឋានសង្កាត់ ខណ្ឌ នៃរាជធានីភ្នំពេញ។ ជាងនេះទៅទៀតកម្លាំងប្រជាការពារ ជាជំនួយការការងារយ៉ាងសំខាន់ របស់អាជ្ញាធរ និងកងកម្លាំងប្រដាប់អាវុធ ទៅលើការងារមួយចំនួនដូចជា៖ ការងារសម្រួលចរាចរណ៍ ការសំអាតអនាម័យបរិស្ថាន ជាមួយនឹងការងារសង្គ្រោះបឋមផងដែរ។

សូមជម្រាបថា អំណោយដែលចែកជូនប្រជាការពារ៥០នាក់នាពេលនោះ រួមមានក្នុងម្នាក់ៗទទួលបាន មី២កេស ទឹកដោះគោ២កំប៉ុង ទឹកក្រូច១កេស អាវយឺត១ និងថវិកា៨ម៉ឺនរៀល៕

Facebook Comments
Loading...