លោកសុខ សម្បត្តិ ណែនាំឱ្យមន្ត្រីទាំងអស់ យកចិត្តទុកដាក់ ពង្រឹងនូវសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន និងវៀតណាម

0
195

ភ្នំពេញ ៖ ក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ នាព្រឹកថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៥ លោកសុខ សម្បត្តិ ប្រធានគណបញ្ជាការឯកភាពរដ្ឋបាលខណ្ឌបឹងកេងកង ណែនាំឱ្យមន្ត្រីទាំងអស់ ពិសេសគណបញ្ជាការឯភាពសង្កាត់ទាំង៧ យកចិត្តទុកដាក់ ពង្រឹងនូវសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន និងវៀតណាម ក្នុងមូលដ្ឋានខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។

លោកសុខ សម្បត្តិ បានមានប្រសាសន៍បន្ថែមថា សង្កាត់និមួយៗត្រូវដាក់មេក្រូផ្សព្វផ្សាយសេចក្តីណែនាំស្តីពីទាំង៦ចំណុចរបស់សាលាខណ្ឌ ដល់ផ្ទះប្រជាពលរដ្ឋ ពិសេ​សតាមផ្សារ ហើយត្រូវមានប្រចាំបញ្ជាពិសេសដើម្បី​អនុវត្ត​ឲ្យ​បាន​ជោគជ័យ​នូវ​ ​គោល​នយោបាយ​ភូមិ​ សង្កាត់ មានសុវត្ថិ​ភាព និងបន្តប្រឹង​ប្រែងបំពេញតួនាទី ភារកិច្ច និងបេសកកម្ម ឲ្យកាន់​តែស​កម្ម​ថែមទៀត ក្នុងការបង្ការ ទប់ស្កាត់ បង្ក្រាប នូវរាល់បទល្មើសផ្សេងៗក្នុងដែនសមត្ថកិច្ច សំ​ដៅ​កសាងបាននូវទំនុកចិត្ត និងការជឿជាក់ពីបងប្អូន​ប្រជា​ពលរដ្ឋប្រកបដោយប្រសិទ្ធភាពខ្ពស់។

សូមបញ្ជាក់ថា សេចក្តីណែនាំស្តីពីការរៀបចំរក្សាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន និងវៀតណាម ក្នុងខណ្ឌបឹងកេងកង នេះមានខ្លឹមសារថា ដើម្បីរក្សាបាននូវសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ ក្នុងឱកាសបុណ្យ ចូលឆ្នាំថ្មី ប្រពៃណីចិន និងវៀតណាម ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៨ ដល់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៥ ខាងមុខនេះ រដ្ឋបាល ខណ្ឌបឹងកេងកងសូមធ្វើការណែនាំដល់ អង្គភាព សង្កាត់ សមាគម អង្គការ មិនមែនរដ្ឋាភិបាល រោងចក្រ សហគ្រាស ក្រុម ហ៊ុន និងសាធារណជនក្នុងខណ្ឌបឹងកេងកងដូចតទៅ៖ ១- ហាមដាច់ខាត- មិនឱ្យមានការដុតផាវ កាំជ្រួច ឬបង្កសម្លេងផ្ទុះគ្រប់ប្រភេទក្នុងឱកាសពិធីបុណ្យនេះ- មិនឱ្យមានការលេងល្បែងស៊ីសងគ្រប់ប្រភេទ- មិនឱ្យមានការហែក្បួនផ្សេងៗទាំងបែបសាសនា ឬប្រពៃណីដែលគ្មានការអនុញ្ញាត។

២- នៅគ្រប់ទីកន្លែងកម្សាន្តសប្បាយនានា អង្គភាព សមាគម អង្គការមិនមែនរដ្ឋាភិបាល រោងចក្រ សហគ្រាស ក្រុម ហ៊ុន គេហដ្ឋាន ត្រូវរក្សាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ សេចក្តីថ្លៃថ្នូរ និងត្រូវប្រុងប្រយ័ត្នក្នុងការអុជទៀនធូប ក្រដាសសែន ភ្លើងចង្ក្រាន ចរន្តអគ្គិសនី ដែលអាចបង្កឱ្យមានគ្រោះអគ្គិភ័យកើតឡើងជាយថាហេតុ។ ដោយឡែកការដុត ក្រដាសសែន ត្រូវប្រើធុងដែក ឬឆ្នាំងដី ដើម្បីធ្វើការដុត ហាមដាច់ខាតមិនឱ្យដុតលើចិញ្ចើមផ្លូវ ឬទ្រូងផ្លូវសាធារណៈឡើយ។ ៣- ចាប់ពីពេលនេះតទៅអាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ត្រូវចាត់វិធានការឱ្យបានម៉ឺងម៉ាត់បំផុត កុំឱ្យមាន

ការនាំចូលផាវ កាំជ្រួច ជាតិផ្ទុះគ្រប់ប្រភេទនិង ត្រូវត្រួតពិនិត្យដកហូតវត្ថុទាំងនេះ ដែលមានតាំងលក់នៅតាមទីផ្សារ និង នៅគ្រប់ទីកន្លែងក្នុងខណ្ឌបឹងកេងកង។

៤- រដ្ឋបាលសង្កាត់ទាំង៧ ផ្សាររដ្ឋ(ផ្សារបឹងកេងកង-ផ្សារអូឡាំពិក) ផ្សារឯកជន និងអង្គភាពជុំវិញរដ្ឋបាល ខណ្ឌបឹងកេងកង ត្រូវផ្សព្វផ្សាយសេចក្តីណែនាំនេះ ដល់មន្ត្រីរាជការ កងកម្លាំងក្រោមឱវាទ និងប្រជាពលរដ្ឋក្នុងមូលដ្ឋាន ឱ្យអនុវត្តប្រកបដោយមានប្រសិទ្ធភាព។

៥- អធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង មូលដ្ឋានបញ្ជាការកងរាជអាវុធហត្ថខណ្ឌបឹងកេងកង អនុវត្តឱ្យមាន ប្រសិទ្ធភាព និងត្រូវចេញបទបញ្ជាឱ្យបានម៉ឺងម៉ាត់ដល់កម្លាំងរបស់ខ្លួន។

៦- ជនណានៅតែបំពាន ឬប្រព្រឹត្តល្មើសមិនគោរពតាមការណែនាំខាងលើ បង្កឱ្យមានចលាចលក្នុងសង្គម ប៉ះ ពាល់ដល់សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈត្រូវទទួលទោសទណ្ឌតាមច្បាប់ជាធរមាន៕

Facebook Comments
Loading...