ភ្នំពេញ ៖ ក្នុងវេទិកា ផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុម ប្រឹក្សាខណ្ឌបឹងកេងកង នាព្រឹកថ្ងៃទី ២៩ ខែសីហា នេះ នៅសកលវិទ្យាល័យ ប៊ែលធី ប្រជាពលរដ្ឋតាមបណ្ដាភូមិ ជាច្រើននៃ សង្កាត់ទាំង៧ ក្នុងខណ្ឌបឹងកេងកង បានបង្ហាញពីកង្វល់របស់ខ្លួន ដោយបានលើកឡើង ពីបញ្ហាប្រឈម ពាក់ព័ន្ធនឹង បញ្ហាសន្ដិសុខ សណ្ដាប់ធ្នាប់ សាធារណៈ បរិស្ថាន ផ្លូវប្រព័ន្ធលូ និង បញ្ហាសម្រាមឡើងថ្លៃ ឲ្យអាជ្ញាធរជួយដោះស្រាយ។
លោក សឹង ទូច នាយកសាលាបឋមសិក្សាវត្តមហាមន្ដ្រី និងលោក ស៊ូ ផង់ តំណាងមកពីសាលាហូមអូហ្វអ៊ីងគ្លីស បានសំណូមពរ សូមឲ្យរដ្ឋបាលខណ្ឌ ជួយគូសគំនូសឆ្លងកាត់ផ្លូវ នៅមុខសាលារបស់ពួកគាត់ និងជួយរៀបចំសណ្ដាប់ធ្នាប់ នៅតាមដងផ្លូវ ចិញ្ចើមផ្លូវ ដើម្បីងាយស្រួលដល់សិស្សានុសិស្សក្នុងការធ្វើដំណើរដោយថ្មើរជើង។ ចំណែក អ្នកគ្រូតំណាងសាលាមត្តេយ្យ បឹងកេងកង បានលើកឡើងថា សាលារបស់គាត់តែងទទួលរងការជន់លិច ខ្លាំងទាំងក្នុងទីធ្លា និងក្នុងថ្នាក់រៀន គាត់សុំឲ្យ រដ្ឋបាលខណ្ឌជួយដោះស្រាយបញ្ហានេះផង។
រីឯតំណាងប្រជាពលរដ្ឋ នៅភូមិ៨សង្កាត់បឹងកេងកង២ សំណូមពរឲ្យអាជ្ញាធរ ជួយរៀបចំសណ្ដាប់ធ្នាប់តាមផ្លូវលេខ២៧៨ និង១១៣ ព្រោះផ្លូវនេះតែងមានអ្នកលក់ដូរ ពេញទ្រូងផ្លូវដែលធ្វើឲ្យមានការលំបាកក្នុងការធ្វើចរាចរ។ ដោយឡែក តំណាងប្រជាពលរដ្ឋនៅសង្កាត់ទំនប់ទឹក បានសំណូមពរ ដល់រដ្ឋបាលខណ្ឌសូម ជួយណែនាំម្ចាស់ហាងលក់ម៉ូតូ លក់កាហ្វេ កុំឲ្យបញ្ឆេះម៉ាស៊ីនភ្លើងដែលបង្កការរំខានដល់ អ្នករស់នៅជិតខាង និងជួយកាប់ដើមឈើ មែកឈើងាប់ ពុកផុយ ដែលអាចបង្កគ្រោះថ្នាក់ដល់អ្នកធ្វើដំណើរនៅផ្លូវ 271Z និងនៅជុំវិញផ្សារសុវណ្ណា។ តំណាងប្រជាពលរដ្ឋរូបនោះក៏បានលើកឡើងផងដែរពីបញ្ហា សម្រាមឡើងថ្លៃ ពេលមុនតម្លៃសម្រាម តែ១ម៉ឺនរៀល ក្នុង១ខែតែពេលនេះ ឡើងដល់២ម៉ឺនរៀល តើការឡើងថ្លៃនេះបណ្ដាលមកពីអ្វី ?។
ពាក់ព័ន្ធទៅនឹងសំណើរ និង ណូមពរខាងលើ លោកសុខ សម្បត្តិ អភិបាល នៃគណៈអភិបាល ខណ្ឌបឹងកេងកង មានប្រសាសន៍ថា អ្វីដែលនៅសេសសល់ លោកនិងពិនិត្យបញ្ហានេះដោយ ផ្ទាល់ ហើយកម្រឹតណាដែលថ្នាក់ខណ្ឌធ្វើបាន ខណ្ឌនឹងខិតខំធ្វើ ករណីទំហំធំដែលមិនអាចធ្វើបានគឺ សូមជូនទៅខាង មន្ទីរសាធារណការឬមន្ទីរពាក់ព័ន្ធចំណុះឲ្យសាលារាជធានីភ្នំពេញ។ លោកអភិបាលខណ្ឌបានលើកឡើងថា ចំពោះគំនូសឆ្លងកាត់ផ្លូវ ឬស្លាកសញ្ញារថយន្ដ ថ្នាក់ខណ្ឌមិនមានលទ្ធភាពទេ ខណ្ឌនឹងធ្វើ សំណើរទៅមន្ទីរសាធារណការដើម្បីអនុវត្ត ក្នុងការដោះស្រាយចំពោះមុខគឺយើងប្រើកម្លាំងប្រជាការពារ និង កងកម្លាំងដើម្បីជួយសម្រួលដល់សិស្សានុសិស្ស។ ចំណែកបញ្ហាកាប់មែកឈើ បញ្ហារៀបចំសណ្ដាប់ធ្នាប់ បញ្ហា បញ្ឆេះម៉ាស៊ីនភ្លើងរំខាន ខណៈចរន្ដភ្លើងពុំមានដាច់ បញ្ហាសាលាលិចទឹក លោក អភិបាលខណ្ឌ បានបញ្ជាទៅលោក ហួត លាភពិសិដ្ឋ អភិបាលរងខណ្ឌ ឲ្យចុះត្រួតពិនិត្យលើបញ្ហាទាំងនេះឡើងវិញជាបន្ទាន់ ព្រមជាមួយចៅសង្កាត់ពាក់ព័ន្ធ ត្រូវពិនិត្យរឿងនេះហើយ រាយការណ៍ មករដ្ឋបាលខណ្ឌ ដើម្បីចាត់វិធានការ។ តាមពិតសំណើរនេះគឺមានយូរមកហើយ ប៉ុន្ដែដោយសារអាជ្ញាធរខណ្ឌ មានកិច្ចការច្រើនដែលត្រូវធ្វើ នោះគឺការងារសន្ដិសុខ សុវត្ថិភាពមូលដ្ឋាន គឺត្រូវតែអនុវត្តឲ្យខាងតែបាន ដូចនេះហើយបានជាមានការងារខ្លះនៅសេសល់។
លោក សុខ សម្បត្តិ បានលើកឡើងថា ចំពោះបញ្ហាសម្រាមឡើងថ្លៃនេះ គឺពង្រឹងទៅតាមគុណភាពនៃការប្រមូលសម្រាម ឥឡូវថ្លៃជាងតែការប្រមូលមានគុណភាពជាងមុន។ តាមពិតគោលការ មានយូរហើយ សាលារាជធានីភ្នំពេញក៏បានផ្សព្វផ្សាយយូរហើយដែរ តែ នៅមិនទាន់បានដឹងទូលំទូលាយ ដូចនេះសូម សង្កាត់ភូមិយកបញ្ហាសម្រាមឡើងថ្លៃនេះទៅជំរាបគាត់ឲ្យបានដឹងគ្រប់ៗគ្នា។ សូមជំរាបថា ក្នុង១ខែៗ សាលារាជធានីភ្នំពេញ បានចេញខាតទៅឲ្យក្រុមហ៊ុនប្រមូលសម្រាម ជាង១លានដុល្លា បញ្ហាសម្រាមនោះរដ្ឋខាតច្រើនណាស់ ប៉ុន្ដែដើម្បីប្រជាពលរដ្ឋ រដ្ឋត្រូវជួយចេញ នេះបើតាមការបញ្ជាក់ ពីលោក ហួត លាភពិសិដ្ឋ អភិបាលរងខណ្ឌ៕