ភ្នំពេញ ៖ ក្រុមលេខាសមាជិកព្រឹទ្ធសភា ចុះពិនិត្យបូកសរុបលទ្ធិផលការងារ នៅរដ្ឋបាលខណ្ឌបឹងកេងកង និងទទួលយកសំណើរសំណូមពររបស់មន្ត្រី ដើម្បីរិះរកដំណោះស្រាយរួមមួយ ក្នុងគោលដៅសំដៅប្រសិទ្ធិភាពលើការបម្រើប្រជាពលរដ្ឋក្នុងមូលដ្ឋាន នារសៀលថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៤ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា លេខាធិការក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី១ និងលោកសុខ សម្បត្តិ អភិបាលខណ្ឌបឹងកេងកង លោកគឹម ឈុនអ៊ូ ប្រធានក្រុមប្រឹក្សាខណ្ឌ។
លោកសុខ សម្បត្តិ អភិបាលខណ្ឌបឹងកេងកង បានឡើងអានរបាយការណ៍ស្តីពីកិច្ចការងារកន្លងមក និងការងារថ្មីៗ ដែលរដ្ឋបាលខណ្ឌអនុវត្តប្រកបដោយប្រសិទ្ធិភាព និងកិច្ចការងារមួយចំនួនទៀត ដែលនៅសេសសល់ ព្រោះតែមានបញ្ហាប្រឈមខ្លះកំពុងបន្តការដោះស្រាយ។
លោកអភិបាលខណ្ឌបានបន្តថា ក្នុងអាណត្តិរាជរដ្ឋាភិបាលទី៧នេះ អាជ្ញាធរក្នុងមូលដ្ឋាន ទាំងថ្នាក់រដ្ឋបាលសង្កាត់ និងខណ្ឌ បានយកចិត្តទុកដាក់ណាស់ លើកិច្ចការងារផ្តល់សេវាសាធារណះជូនបងប្អូនប្រជាពលរដ្ឋ ធានាប្រសិទ្ធិភាពខ្ពស់ ដោយមិនបង្កឱ្យពលរដ្ឋមានការថ្នាំងថ្នាក់នោះឡើយ។ ក្រៅពីការផ្តល់សេវាឯកសារហើយនោះ ការងារអាទិភាពបន្ត គឺបញ្ហាសន្តិសុខ និងការអភិវឌ្ឍន៍។ ដែលបញ្ហាគ្រឿងញៀន និងក្រុមក្មេងទំនើង គឺត្រូវតែទប់ស្កាត់ និងបង្ក្រាបឱ្យដាច់ណាត់ ស្របតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់រាជរដ្ឋាភិបាល ដឹកនាំដោយសម្តេចធិបតី។ ហើយការអភិវឌ្ឍន៍នៅក្នុងមូលដ្ឋាន រដ្ឋបាលខណ្ឌបានកែលម្អរ ជួសជុលនិងផ្លាស់ប្តូរជាបន្តបន្ទាប់ ទាំងផ្លូវថ្នល់ ប្រព័ន្ធលូ និងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗជាដើម។
លោកបណ្ឌិត ធន់ វឌ្ឍនា លេខាធិការក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី១ បន្ទាប់ពីបានស្តាប់ការលើកឡើងពីការអនុវត្តការងារ និងផលប្រឈមហើយនោះ ក៏បានមានប្រសាសន៍ណែនាំ ដើម្បីជាគ្រឹះផ្តល់អត្ថប្រយោជន៍សម្រាប់មន្ត្រីនៅថ្នាក់រដ្ឋបាលក្រោមជាតិ បានយល់ច្បាស់ពីបញ្ហា នឹងអាចយកយុទ្ធវិធីទាំងនេះទៅដោះស្រាយ ដើម្បីបន្តបម្រើប្រជាពលរដ្ឋ និងសង្គមជាតិ។
លោកប្រធានគណះអធិបតី លើកឡើងបន្តថា ៖ សម្មទ្ធិផលការងារ និងបញ្ហាប្រឈមទាំងអស់ដែលអង្គប្រជុំបានលើកឡើងនៅពេលនេះ គឺនឹងត្រូវយកទៅពិភាក្សា រួចធ្វើជារបាយការណ៍គោរពជូនសម្តេចប្រធានព្រឹទ្ធិភាព ដើម្បីពិនិត្យសម្រេចដាក់ចេញគោលការណ៍ដំណោះស្រាយ ក្នុងគោលដៅរក្សាសន្តិសុខសុវត្ថិភាពជូនប្រជាជន និងបន្តបង្កើនការអភិវឌ្ឍន៍ ជូនប្រទេសជាតិទាំងមូលផងដែរ៕