ភ្នំពេញ ៖ ក្រុមប្រឹក្សាខណ្ឌបឹងកេងកងបានបើកកិច្ចប្រជុំសមញ្ញលើកទី២ អាណត្តិទី៤ របស់ខ្លួននាព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៤ នេះដោយមានការចូលរួមពីលោកគឹម ឈុនអ៊ូ ប្រធានក្រុមប្រឹក្សាខណ្ឌ លោកហួត លាភពិសិដ្ឋ អភិបាលរងខណ្ឌ តំណាងលោក សុខ សម្បត្តិ អភិបាល នៃគណៈអភិខណ្ឌបឹងកេងកង និងសមាជិក~សមាជិកាក្រុមប្រឹក្សាខណ្ឌ លោក-លោកស្រីអភិបាលរងខណ្ឌ លោកនាយក-នាយករងរដ្ឋបាល ខណ្ឌ លោកអធិការរងនគរបាលខណ្ឌ តំណាងមេបញ្ជាការកងរាជអាវុធហត្ថខណ្ឌ លោកប្រធានយោធាភូមិភាគពិសេសខណ្ឌ ការិយាល័យចំណុះ~ជំនាញជុំវិញខណ្ឌ ចៅសង្កាត់ទាំង០៧ និងមន្ដ្រីពាក់ព័ន្ធ ព្រមទាំងលោកប្រធានផ្សារទាំង២ ផងដែរ។
កិច្ចប្រជុំដែលមានសមាជិកក្រុមប្រឹក្សាចំនួន១៧រូបនេះ បានធ្វើការត្រួតពិនិត្យនិងអនុម័ត សេចក្ដីព្រាងកំណត់ហេតុនៃកិច្ចប្រជុំសមញ្ញលើកដំបូង របស់ក្រុមប្រឹក្សាខណ្ឌបឹងកេងកង អាណត្តិទី៤ កាលពីថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២៤។ ពិនិត្យនិងអនុម័តសេចក្ដីព្រាងប្រតិទិននៃកិច្ចប្រជុំសមញ្ញរយៈពេល១២ខែ អណត្តិទី៤ របស់ខ្លួន។ ពិនិត្យនិងអនុម័តសេចក្ដីព្រាងបទបញ្ជាផ្ទៃក្នុង។
លោក គឹម ឈុនអ៊ូ ប្រធានក្រុមប្រឹក្សាខណ្ឌមានប្រសាសន៍ថា បន្ទាប់ពីការអនុម័តបទបញ្ជាផ្ទៃក្នុងរបស់ក្រុមប្រឹក្សាខណ្ឌជាផ្លូវការហើយ ក្រុមប្រឹក្សាខណ្ឌនឹងមានការងារ ច្រើនដែលត្រូវធ្វើ។ ជាមួយនេះទាំងក្រុមប្រឹក្សាខណ្ឌ ទាំងគណៈអភិបាល មន្ដ្រីជំនាញ នគរបាលមូលដ្ឋាន កងរាជធាវុធហត្ថ ត្រូវបំពេញ ភារកិច្ចទៅតាមតួនាទីរៀងៗខ្លួន ដើម្បីបំរើផល ប្រយោជន៍ជូនដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន។
ចំណែកលោក ហួត លាភពិសិដ្ឋ បានមានប្រសាសន៍ផងដែរថា ក្នុងនាមអាជ្ញាធរការងារជាអាទិភាពដំបូងបំផុត គឺសន្ដិសុខ សុវត្ថិភាពសណ្ដាប់ធ្នាប់ របៀបរៀបរយសាធារណៈក្នុងមូលដ្ឋាន ដូចនេះតាមសង្កាត់ និមួយៗ ខណ្ឌបានយកចិត្តទុកដាក់ក្នុងការជម្រុញ ការអនុវត្តគោលនយោបាយភូមិ សង្កាត់មានសុវត្ថិភាព ជាប់ជាប្រចាំ ដើម្បីរក្សា បាននូវសេចក្ដីក្សេមក្សាន្ដ ជូនដល់ប្រជាពលរដ្ឋ។
លោកបន្តថា ខណ្ឌ សង្កាត់បានត្រៀមរួចរាល់ក្នុងការចូលរួមអបអរសាទរការបើកការដ្ឋានសាងសង់នាថ្ងៃទី០៥សីហាខាងមុខនេះ ហើយគ្រប់វត្តនឹងចូលរួមទូងស្គរ និងវាយគង បន្លឺសម្លេង សាទរចំពោះការចាប់ផ្ដើមសាងសង់សមិទ្ធផលជាតិនេះ។ ជាមួយគ្នានេះខណ្ឌ និងសង្កាត់ នាំមហាជនទៅចូលរួមជាមួយរដ្ឋបាលរាជធានីភ្នំពេញ និងត្រៀមការរៀបចំអបអរសាទរគម្រោងព្រែកជីកហ្វូណនតេជោផងដែរនៅកោះ ក្នុងនោះផងដែរលោកហួត លាភពិសិដ្ឋ នែនាំឲ្យសង្កាត់ទាំង៧ផ្សព្វផ្សាយដល់ប្រជាពលរដ្ឋចូលរួមទាំងអស់គ្នាដោតដងទង់ជាតិខាងមុខផ្ទះឲ្យគ្រប់ៗគ្នា។
គួរបញ្ជាក់ថា របៀបវារៈកិច្ចប្រជុំមាន ១-ពិនិត្យ និងអនុម័តសេចក្តីព្រាង កំណត់ហេតុកិច្ចប្រជុំសាមញ្ញលើកទី១ របស់ក្រុមប្រឹក្សាខណ្ឌបឹងកេងកង អាណត្តិទី៤។
២-ពិនិត្យ និងអនុម័តសេចក្តីព្រាងប្រតិទិន នៃកិច្ចប្រជុំសាមញ្ញរយៈពេល១២ខែ របស់ក្រុមប្រឹក្សាខណ្ឌបឹងកេងកង អាណត្តិទី៤ (ឆ្នាំទី១ៈ២០២៤-២០២៥)។
៣-ពិនិត្យ និងអនុម័តសេចក្តីព្រាងដីកា ស្តីពីបទបញ្ជាផ្ទៃក្នុង របស់ក្រុមប្រឹក្សាខណ្ឌបឹងកេងកង អាណត្តិទី៤។