ប្រជាពលរដ្ឋនៅសង្កាត់ពន្សាំង និងសង្កាត់ពញ្ញាពន់ សូមរួសរាន់មកបំពេញឯកសាចុះបញ្ជីដីធ្លីឲ្យបានគ្រប់គ្នា ពិសេសអ្នកនៅឆ្ងាយ

0
299

ភ្នំពេញ ៖ ក្នុងឱកាសចុះត្រួតពិនិត្យការបំពេញឯកសារ និងវាស់វែង ដីធ្លីដើម្បីចុះបញ្ជីជាលក្ខណៈប្រព័ន្ធ នៅសង្កាត់ពញ្ញាពន់ និងសង្កាត់ពន្សាំង កាលពីពេលថ្មីៗកន្លងមកនេះ លោកស៊ូ ស៊ីវត្ថា ប្រធានការិយាល័យរៀបចំដែនដី នគរូបនីយកម្ម សំណង់ សុរិយោដី និងភូមិបាលខណ្ឌព្រែកព្នៅ និងជាប្រធានក្រុមវាលបានអំពាវនាវដល់ប្រជាពលរដ្ឋ ដែលមានដី ក្នុងសង្កាត់ពន្សាំងនិងសង្កាត់ពញ្ញាពន់ ពិសេសម្ចាស់ដីដែលមិនមានម្ចាស់រស់ នៅក្នុងសង្កាត់ទាំង២ខាងលើសូមបងប្អូនរួសរាន់មកបំពេញឯកសាចុះបញ្ជី ដីធ្លីរបស់ខ្លួន ព្រោះបច្ចុប្បន្ននេះក្រុមការងារចុះបញ្ជីដីធី្ល កំពុងរៀបចំឯកសារ ចុះវាស់វែងជូនបងប្អូនដោយមិនគិតថ្លៃ បានជាច្រើនភូមិហើយ។

លោកប្រធានការិយាល័យបញ្ជាក់ថា សម្រាប់សង្កាត់ពន្សាំង ក្រុមការងារបច្ចេកទេស ចាប់ដំណើរការ ការងារចុះបញ្ជីដីធ្លីជា លក្ខណៈជាប្រព័ន្ធតាមភូមិទាំង២៤ នៃសង្កាត់ពន្សាំង ជិតគ្រប់ភូមិអស់ហើយ។ ជាមួយនេះចំពោះបងប្អូនដែលទទួលបានដំណឹងនេះហើយសូមជួយផ្សព្វផ្សាយបន្ដដល់បងប្អូនម្ចាស់ដី ដែលរស់នៅក្នុងក្រុងភ្នំពេញ ឬនៅតាមបណ្ដាខេត្តនានា សូមឲ្យពួកគាត់មកចុះបញ្ជីគ្រប់ៗគ្នា ឲ្យបានទាន់ពេលវេលា ព្រោះការចុះបញ្ជីជាលក្ខណៈប្រព័ន្ធនេះបងប្អូនពុំមានចំណាយថវិកាអ្វីឡើយ។ តែបើបងប្អូនចុះបញ្ជីដីធ្លីដោយដុំវិញ បងប្អូននឹងត្រូវចំណាយថវិកាច្រើនជាមិនខាន។ ក្នុងនោះផងដែរលោកស៊ូ ស៊ីវុត្ថា ក៍បានអំពាវនាវដល់បងប្អូននៅទីជិតឆ្ថាយដែលបានទិញដីក្នុងសង្កាត់ពញ្ញាពន់ និងសង្កាត់ពន្សាំង ក្នុងខណ្ឌព្រែកព្នៅ សូមរុះរាន់មកទទួលសេវាធ្វើប័ណ្ណកម្មសិទ្ធដោយឥតគិតថ្លៃអោយបានគ្រប់ៗគ្នា។ ព្រោះពេលវេលាមានកំណត់ ដើម្បីក្រុមការងារបន្តចេញទៅបំរើសេវាចុះបញ្ញីជូនប្រជាពលរដ្ឋនៅសង្កាត់ផ្សេងទៀត។

លោក ស៊ូ ស៊ីវុត្ថា មានប្រសាសន៍ថា ដីគឺជាអាយុជីវិតរបស់ប្រជាពលរដ្ឋ ដូចនេះសូមបងប្អូនប្រជាពលរដ្ឋ សហការឲ្យបានល្អប្រសើរជាមួយក្រុមការងារ ព្រោះការចុះបញ្ជីរមានលក្ខណៈជាប្រព័ន្ធ បានផ្តល់នូវសារៈប្រយោជន៍ដល់បងប្អូន ប្រជាពលរដ្ឋ ដោយធានាបាននូវភាពកក់ក្តៅ សុវត្ថិភាពដីធ្លី និងសិទ្ធិកាន់កាប់ដីធ្លីពេញលេញ ហើយវិញ្ញាបនប័ត្រសំគាល់ម្ចាស់អចលនៈវត្ថុទៀតសោត មានសារៈសំខាន់សំរាប់ធ្វើជាភស្តុតាង នូវការកាន់កាប់ដីធ្លីរបស់ខ្លួន និងចៀសវាងបាននូវការរំលោភបំពានលើដីធ្លី៕

 

Facebook Comments
Loading...