ពានរង្វាន់ Golden Ball របស់អតីតកីឡាករ Diego Maradona ឆ្នាំ១៩៨៦ នឹងត្រូវលក់ដេញថ្លៃក្នុងប្រទេសបារាំង

0
394

បរទេស ៖ ជាលើកដំបូងហើយដែលគេបានដាក់លក់ដេញថ្លៃពានរង្វាន់មាសបាល់ទាត់ Adidas Golden Ball ជាពានរង្វាន់មាសបាល់ទាត់របស់អតីតកីឡាករ Diego Maradona ដែលបានឈ្នះក្នុងការប្រកួតបាល់ទាត់ពិភពលោក (World Cup) ឆ្នាំ១៩៨៦ នឹងត្រូវលក់ដេញថ្លៃនៅប្រទេសបារាំងនៅក្នុងខែមិថុនា ឆ្នាំ២០២៤នេះហើយ។

គួរបញ្ជាក់ថា លោក Maradona ដែលបានស្លាប់នៅឆ្នាំ២០២០បានឈ្នះពានរង្វាន់មាសបាល់ទាត់នេះ (មិនមែនមាសសុទ្ធទេ) នៅក្នុងការប្រកួត World Cup នៅប្រទេសម៉ិកស៊ិកនៅឆ្នាំ១៩៨៦ដោយនៅពេលនោះលោកបានធ្វើជាប្រធានក្រុមបាល់ទាត់ជម្រើសជាតិរបស់ប្រទេសអាហ្សង់ទីន និងបានស៊ុតបញ្ចូលទីបាន ៥ គ្រាប់នៅវគ្គផ្តាច់ព្រ័ត្រ។

នេះអាចជាពានរង្វាន់ដ៏សំខាន់បំផុតដែលគេមិនអាចបំភ្លេចបានសម្រាប់អតីតកីឡាករជម្រើសជាតិអាហ្សង់ទីនរូបនេះ។ ដូច្នេះហើយពេលនេះហាងលក់ដេញថ្លៃមួយនៅទីក្រុងប៉ារីសប្រទេសបារាំងបានសម្រេចនាំយកពានរង្វាន់នេះទៅដាក់លក់ដេញថ្លៃនៅថ្ងៃទី៦ ខែមិថុនាដោយគេរំពឹងថានឹងអាចលក់បានក្នុងតម្លៃរាប់លានដុល្លារ។ អ្នកជំនាញខាងលក់ដេញថ្លៃនៅហាង Aguttes Auction House គឺលោក  Francois Thierry បាននិយាយថា នេះជាពានរង្វាន់សម្រាប់កីឡាករឆ្នើមនៅក្នុងការប្រកួត World Cup ឆ្នាំ១៩៨៦ និងជាពានរង្វាន់មាសបាល់ទាត់ Adidas Golden Ball។ ពានរង្វាន់នេះត្រូវបានបង្កើតឡើងលើកដំបូងនៅឆ្នាំ១៨៨២ ដើម្បីលើកចិត្តដល់កីឡាករល្អបំផុតនៅគ្រប់ការប្រកួតបាល់ទាត់ពិភពលោក។

លោកបានបន្ថែមថា ពានរង្វាន់ឆ្នាំ១៩៨៦នេះត្រូវបានផ្តល់ទៅឱ្យកីឡាករ Diego Maradona សម្រាប់ភាពដ៏អស្ចារ្យរបស់លោកក្នុងអំឡុងពេលប្រកួតនៅពេលនោះ ខណៈដែលបច្ចុប្បន្នពានរង្វាន់នេះត្រូវបានគេហៅថាជាពានរង្វាន់ស្បែកជើងមាសដែលគេបានផ្ដល់ឱ្យដល់កីឡារឆ្នើមៗដែលបានស៊ុតបញ្ចូលទីបានច្រើនជាងគេបំផុតនៅក្នុងការប្រកួតកម្រិតពិភពលោក៕

 

 

Facebook Comments
Loading...