សម្តេចធិបតី ហ៊ុន ម៉ាណែត ! កត្តាសំខាន់ចំនួន២ ដែលត្រូវយកចិត្តទុកដាក់យុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាល អាណត្តិទី៧

0
242

ភ្នំពេញ ៖ មានប្រសាសន៍ ក្នុងការអញ្ជើញជាអធិបតីបិទវគ្គបណ្តុះបណ្តាលឆ្នាំ២០២៣ និងបើកវគ្គបណ្តុះបណ្តាលឆ្នាំ២០២៤ របស់សាលាភូមិន្ទរដ្ឋបាល នាព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្តកម្ពុជា បានលោកឡើងថា យុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាល អាណត្តិទី៧ ផ្ដោតសំខាន់លើការពង្រឹងអភិបាលកិច្ចល្អ (យន្តការការងារ និងមនុស្ស) ហើយលើកត្តាសំខាន់ចំនួន២ ដែលត្រូវយកចិត្តទុកដាក់ ទី១) យន្តការ និងប្រព័ន្ធការងារ និងទី២) មនុស្ស។ សម្ដេចធិបតី ថ្លែងថា «ធ្វើអ្វីក៏ដោយមិនថាក្នុងវិស័យឯកជន ឬរដ្ឋ ក្នុងប្រទេសណាទេ កត្តា២នេះ សំខាន់ ត្រូវរៀបចំឱ្យមនុស្សមានសមត្ថភាព និងប្រព័ន្ធការងារច្បាស់លាស់»។

សម្តេចធិបតី បន្តថា មានប្រព័ន្ធការងារល្អ លុះត្រា ណាយើងត្រូវមានធនធានមនុស្សគ្រប់គ្រាន់ ដូច្នេះយើងត្រូវតែពង្រឹងនូវធនធានមនុស្សនេះឲ្យកាន់តែល្អ ប្រសើរបន្ថែមទៀតគ្រប់ក្រសួង ស្ថាប័នទាំងអស់។ សម្តេចធិបតី បញ្ជាក់ថា ជោគជ័យលើកំណែទម្រង់ដ៏ធំបំផុតក្នុងការប្រឡង មិនមែនគ្រាន់តែជាការរឹតបន្ដឹងការប្រឡងនោះទេ ប៉ុន្ដែជាការកែប្រែឥរិយាបថរបស់សិស្ស និងឪពុកម្ដាយរបស់សិស្សឱ្យពួកគាត់​បញ្ឈប់​ស្វែងរកការអន្តរាគមន៍នៅពេលមានការប្រឡងណាមួយដូចជាការប្រឡងបាក់ឌុបជាដើម។

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានមានប្រសាសន៍ថា ក្នុងនីតិកាលទី៧ ក្នុងដំណាក់កាលទី១ នៃយុទ្ធសាស្ត្របញ្ចកោណ ត្រូវបានរៀបចំ និងដាក់ចេញជាយុទ្ធសាស្ត្រក្នុងការពង្រឹងសមិទ្ធកម្មបន្ថែមរបស់រាជរដ្ឋាភិបាល ក្នុងការបម្រើប្រជាពលរដ្ឋ ដែលក្នុងនោះ ស្នូលនៃគោលនយោបាយ នៃយុទ្ធសាស្ត្របញ្ចកោណ គឺការពង្រឹងអភិបាលកិច្ច។

សម្ដេចធិបតី គូសបញ្ជាក់ថា ការដាក់ចេញអភិបាលកិច្ចនេះ ពិតជាមានសារសំខាន់ណាស់ ពោលគឺអភិបាលកិច្ច ជាការធានានូវការប្រតិបត្តិរួមគ្នា ប្រកបដោយសង្គតិភាព និងជាប្រទីបមួយសម្រាប់បញ្ជាក់អំពីការទទួលខុសត្រូវ។ សម្ដេចធិបតី បន្តថា ការធ្វើទំនើបកម្មស្ថាប័នឱ្យក្លាយជារដ្ឋបាលសាធារណៈទំនើបប្រកបដោយសមត្ថភាពខ្ពស់ ខ្លាំង វៃឆ្លាត និងស្អាតស្អំ គឺតាមរយៈការអនុវត្តសិទ្ធិអំណាចរដ្ឋ ពិសេសការធានានិរន្តរភាព និងដំណើរការតាមរយៈសិទ្ធិអំណាច និងដំណើរការរបស់រដ្ឋបាលសាធារណៈ ដោយយកលើផលប្រយោជន៍ប្រជាជន និងការអភិវឌ្ឍសង្គម សេដ្ឋកិច្ចប្រកបដោយបរិយាបន្ន ភាពធន់ និងចីរភាព៕

Facebook Comments
Loading...