ឯកឧត្តម ហ៊ុន ម៉ានី​ ចូលរួម​អបអរសាទរ​ខួប​កំណើត​កុមារ​រួមគ្នា​ចំនួន ៥៥០នាក់ នៅអង្គការ​ផ្ទះបាយ​កុមារ នា​ឱកាស​ទិវា​កុមារ​អន្តរជាតិ១មិថុនា

0
300

ភ្នំពេញ ៖ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រីរដ្ធមន្ត្រីក្រសួងមុខងារសារធារណៈ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ព្រមទាំងសហការី រួម​ទាំង​សមាជិក សមាជិកា ស​.​ស​.​យ​.​ក លោក សុខ សម្បត្តិ អភិបាល នៃគណៈអភិបាលខណ្ឌបឹងកេងកង និងមន្ត្រីសាលាខណ្ឌ និងសង្កាត់ បាន​អញ្ជើញ​ចូលរួម​អបអរសាទរ​ខួប​កំណើត​កុមារ​រួមគ្នា​ចំនួន ៥៥០នាក់ ជាមួយ​កុមារ​រស់នៅ​ក្រោម​ការ​មើល​ថែទាំ​របស់ អង្គការ​ផ្ទះបាយ​កុមារ នា​ឱកាស​ទិវា​កុមារ​អន្តរជាតិ ស្ថិតក្នុងសង្កាត់បឹងកេងទី៣ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ កាលពី​ព្រឹក​ថ្ងៃ​ទី០១ ខែ​មិថុនា ឆ្នាំ២០២៤។

មិន​ខុស​ពី​ឆ្នាំ​មុនៗ ដែរ ក្នុង​ឱកាស​ទិវា​កុមារ​អន្តរជាតិ ០១ មិថុនា ឯកឧត្ដម ហ៊ុន ម៉ានី និង​សមាជិក សមាជិកា ស​.​ស​.​យ​.​ក បាន​អញ្ជើញ​រៀបចំ​កម្មវិធី​ខួបកំណើត​រួម សម្រាប់​កុមារា កុមារី នៃ​អង្គការ​ផ្ទះបាយ​កុមារ ជាមួយនឹង​ការនាំមក​នូវ​សម្ភារៈ​ចាំបាច់​មួយចំនួន​មក​ឧបត្ថម្ភ ចំណីអាហារ ក្នុងនោះ​ក៏មាន​នំ​ខេ​ក​ដើម្បី​រៀបចំ​ខួបកំណើត​រួមគ្នា សម្រាប់​ចែកជូន​ដល់​កុមារ​នៅ​អង្គការ​ផ្ទះបាយ​កុមារ​ដែរ។

ជាមួយ​នេះ ឯកឧត្ដម បាន​គូស​បញ្ជាក់​ថា «ការ​ចូលរួម​ចំណែក​ក្នុង​អង្គការ​ផ្ទះបាយ​កុមារ គឺជា​ផ្នែក​មួយ នៃ​បេសកកម្ម​រយៈពេល ៤៥ ឆ្នាំ របស់ ស​.​ស​.​យ​.​ក ដែល​យើង​ខិតខំ​ប្រឹងប្រែង រួមចំណែក លះបង់ និង​ដឹកនាំ​ចលនា​តែមួយ ដើម្បី​កិច្ច​ការងារ​សង្គម»។ ឯកឧត្ដម បន្តថា បេសកកម្ម​នេះ នឹង​បន្ត​តទៅ​មុខ​បន្ថែម​ទៀត។

មានប្រសាសន៍​ទៅកាន់​អង្គពិធី ឯកឧត្ដម ហ៊ុន ម៉ានី ក៏បាន​កោតសរសើរ និង​ថ្លែងអំណរគុណ​ដល់ លោក ង៉ូវ ឈីវ ប្រធាន​អង្គការ​ផ្ទះបាយ​កុមារ ដែល​បាន​បន្ត​ឆន្ទៈ ក្នុងការ​ប្រឹងប្រែង​ជួយ​គាំទ្រ​ដល់​កុមារ។

ទន្ទឹម​នោះ ឯកឧត្ដម ក៏បាន​ថ្លែងអំណរគុណ​ដល់​សប្បុរសជន សមាជិក សមាជិកា ស​.​ស​.​យ​.​ក ក្រុមហ៊ុន​ឯកជន អាជ្ញាធរសង្កាត់ និងខណ្ឌបឹងកេងកង ដែល​បាន​ចូលរួម​ឧបត្ថម្ភ និង​ជួយ​សម្របសម្រួល​ដល់​អង្គការ​ផ្ទះបាយ​កុមារ។ ឯកឧត្ដម គូសបញ្ជាក់ថា ឯកឧត្ដម និង​សហការី នឹងមិន​ទៅណា​ចោល​កុមារ​នៅ​អង្គការ​ផ្ទះបាយ​កុមារ​ទេ យ៉ាងហោចណាស់​ក៏​ព្យាយាម​ជួប ២ ដង ​ក្នុង​មួយឆ្នាំ​ដែរ​ គឺ​ក្នុង​ថ្ងៃ​ទិវា​សិទ្ធ​កុមារ​អន្តរជាតិ និង​ទិវា​បុណ្យ​ណូ​អ៊ែ​ល៕

 

Facebook Comments
Loading...