បុរី ឡេង ណាវ៉ាត្រា ខណៈនេះដោះដូរបាន ១៦៣ផ្ទះ, ដាក់ពាក្យនៅក្រសួងទទួលប្លង់រឹង ៥៩៧ផ្ទះ ហើយចន្លោះ១ខែទៅ៣ខែទៀត អាចបញ្ចប់បន្ថែមមួយពាន់ទៅពីរពាន់ផ្ទះទៀត

0
322

ភ្នំពេញ ៖ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា អគ្គនាយកបុរី ឡេង ណាវ៉ាត្រា នៅរសៀលថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៤នេះ បាន​បង្ហាញ​ពី​វឌ្ឍនភាព​​​ជា​វិជ្ជមាន​ទាំង​៤​ជម្រើស​ ​​ជូន​ដល់​អតិថិជន​របស់ បុរី ឡេង ណាវ៉ាត្រា។

អ្នកឧកញ៉ា ម្ចាស់​បុរី ឡេង ណាវ៉ាត្រា បាន​បញ្ជាក់​លើ​បណ្តាញ​សង្គម​ហ្វេសប៊ុក នៅ​រសៀល​នេះ ជម្រាប​ជូន​ដំណឹង​ដល់ពុកម៉ែ​បងប្អូន​ និង​អតិថិជន​ទាំងអស់​ឱ្យ​បាន​ជ្រាប​ពី​វឌ្ឍនភាព​​ទាំង​៤​ជម្រើស​ ​របស់​ក្រុមហ៊ុន​មាន​ដូចខាងក្រោម៖

១. ក្រុមហ៊ុនបានដោះដូរផ្ទះជូនអតិថិជន ប្ដូរពីផ្ទះយកជាដី មកដល់ពេលបច្ចុប្បន្ន​​សរុបបានចំនួន ១៦៣ផ្ទះ។

២. ចំពោះអតិថិជនបានមកដាក់ពាក្យជាមួយក្រសួង ដើម្បីផ្ដល់ប័ណ្ណកម្មសិទ្ធិ​ប្លង់រឹង រយៈ៤ថ្ងៃ បានចំនួន ៥៩៧ផ្ទះ។

៣. ក្រុមហ៊ុនមានគោលដៅនិងបញ្ចប់ផ្ទះសាងសង់ជិតរួចរាល់ ជូនអតិថិជនបន្តបន្ទាប់ទៀត ក្នុងចន្លោះពី

១ខែ ទៅ ៣ខែខាងមុខនេះ អាចប្រគល់ជូនអតិថិជនចន្លោះពី ១០០០ផ្ទះ ទៅ ២០០០ផ្ទះបន្ថែមទៀត ។

៤. ក្រុមហ៊ុនបានប្រគល់ផ្ទះបន្ថែម ពីថ្ងៃទី១ ដល់ថ្ងៃទី៣០ ខែឧសភា ចំនួន ៣០ផ្ទះ។

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ក៏សូមថ្លែងអំណរគុណ​ដល់ពុកម៉ែបងប្អូន ដែលបន្តគាំទ្រ គម្រោងបុរី ឡេង ណាវ៉ាត្រា។ សម្រាប់ពុកម៉ែបងប្អូនដែលដោះដូរជាដី សូមទំនាក់ទំនងតាមតេលេក្រាម ខាងក្រោម

នេះ https://t.me/+85511444444។

សូមជម្រាបថា កាលពីថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៤ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បាន​​ចេញ​សេចក្តីជូនដំណឹង​ជម្រាប​ជូន​ដល់​ លោក លោកស្រី ដែល​ជា​អតិថិជន​របស់ បុរី ឡេង ណាវ៉ាត្រា ផ្លូវជាតិ​លេខ​៦​អា ដែលបាន​បង់ប្រាក់​ថ្លៃ​លក់ទិញដីឡូតិ៍និង/ផ្ទះ​គ្រប់ចំនួន (១០០%) អាច​អញ្ជើញ​ទៅ​ដាក់ពាក្យ​ស្នើសុំ​ចុះបញ្ជី​អំពីការ​ផ្ទេរកម្មសិទ្ធិ​នៅ​ទីស្តីការក្រសួង​រៀបចំដែនដី​ ចាប់ពី​ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៤ នៅ​រៀង​រាល់​ម៉ោង​ធ្វើការ។ ចំពោះ​ករណី​អតិថិជន​ដទៃទៀត​របស់​ បុរី ឡេង ណាវ៉ាត្រា ផ្លូវជាតិលេខ៦អា ក្រសួង​ក៏​កំពុង​តែ​សម្របសម្រួល​ដោះស្រាយ​ជាមួយ​ភាគីពាក់ព័ន្ធ​បន្ត​ទៀត​ផងដែរ។

សូមបញ្ជាក់ផងដែរថា ទោះបីជាទទួលរង វិបត្តិសេដ្ឋកិច្ចសាកលយ៉ាងណាក្តី បុរី ឡេងណាវ៉ាត្រានៅតែបន្តសាងសង់ផ្ទះជនជាបន្តបន្ទាប់ដោយទំនួលខុសត្រូវ រហូតដល់បញ្ចប់គម្រោង៕

Facebook Comments
Loading...