AMRO ព្យាករថា សេដ្ឋកិច្ចរបស់កម្ពុជា ក្នុងឆ្នាំ២០២៤ គឺមានកំណើនខ្ពស់រង្វង់ ៥,៦% មុននឹងបន្តកើនឡើងដល់៥,៩% ក្នុងឆ្នាំ២០២៥

0
260

ភ្នំពេញ ៖ AMRO ដែលមានឈ្មោះពេញថា ការិយាល័យស្រាវជ្រាវម៉ាក្រូសេដ្ឋកិច្ចអាស៊ានបូក៣ បានព្យាករថា សេដ្ឋកិច្ចរបស់កម្ពុជា ក្នុងឆ្នាំ ២០២៤ គឺមានកំណើនខ្ពស់រង្វង់ ៥,៦% មុននឹងបន្តកើនឡើងដល់ ៥,៩% ក្នុងឆ្នាំ ២០២៥ តែយ៉ាងណារដ្ឋាភិបាលកម្ពុជា គួរតែកាត់បន្ថយហានិភ័យស្ថិរភាពហិរញ្ញវត្ថុ និងពង្រឹងកំណែទម្រង់រចនាសម្ព័ន្ធ ដើម្បីធានាបាននូវកំណើនដែលមានភាពធន់។

បើតាមរបាយការណ៍របស់ AMRO បានបង្ហាញថា ការស្ទុះងើបឡើងវិញនៃវិស័យកាត់ដេរ រួមជាមួយនឹងការពង្រីកប្រកបដោយនិរន្តរភាពនៃការនាំចេញផលិតកម្មផ្សេងទៀត និងការងើបឡើងវិញនៃវិស័យទេសចរណ៍ គឺជាកត្តាដ៏សំខាន់សម្រាប់គាំទ្រដល់ការងើបឡើងវិញនៃសេដ្ឋកិច្ច។

ប្រធានសេដ្ឋវិទូរបស់ AMRO បានថ្លែងថា បើក្រឡេកមើលពីកំណើននៃបណ្តាប្រទេសអាស៊ីអាគ្នេយ៍ក៏ត្រូវបានជំរុញជាចម្បងដោយ ការនាំចេញសម្លៀកបំពាក់ ទេសចរណ៍ កសិកម្ម សំណង់ និងអចលនទ្រព្យផងដែរ។ ទោះជាយ៉ាងណាក៏ដោយ ការងើបឡើងវិញនេះ នៅតែប្រឈមនឹងហានិភ័យខាងក្រៅ និងភាពងាយរងគ្រោះក្នុងស្រុក។ដោយឡែក វិស័យមិនមែនកាត់ដេរត្រូវបានគេរំពឹងថា នឹងរក្សាសន្ទុះកំណើនខ្លាំង ដោយមានការគាំទ្រពីលំហូរវិនិយោគផ្ទាល់ពីបរទេស។ អតិផរណាផ្អែកលើសន្ទស្សន៍តម្លៃអ្នកប្រើប្រាស់ ត្រូវបានព្យាករណ៍ថា នឹងឈានដល់ ២,៥% នៅឆ្នាំ២០២៤ និង ២,៦% នៅឆ្នាំ២០២៥។

ជាចុងក្រោយ AMRO លើកឡើងថា រដ្ឋាភិបាលកម្ពុជា គួរតែកាត់បន្ថយហានិភ័យស្ថិរភាពហិរញ្ញវត្ថុ និងពង្រឹងកំណែទម្រង់រចនាសម្ព័ន្ធ ដើម្បីធានាបាននូវកំណើនដែលមានភាពធន់៕

Facebook Comments
Loading...