សម្ដេចធិបតី ! ត្រូវការពារកុមារពីអំពើហិង្សាគ្រប់រូបភាព និងអប់រំកុមារ ពីរបៀបការពារខ្លួន ប្រឆាំងនឹងការរំលោភបំពាន

0
186

ភ្នំពេញ ៖ តាមរយៈសារលិខិតរបស់សម្ដេចធិបតី ក្នុងឱកាសខួបលើកទី៧៥ ទិវាកុមារអន្តរជាតិ១មិថុនា សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីកម្ពុជា និងជាប្រធានកិត្តិយសក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ បានណែនាំដល់គ្រប់ភាគីទាំងអស់ ត្រូវចូលរួមអនុវត្ត គោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ពិសេសចាត់វិធានការ ការពារកុមារពីអំពើហិង្សាគ្រប់រូបភាព អប់រំកុមារ ពីរបៀបការពារខ្លួន ប្រឆាំងនឹងការរំលោភបំពាន។

សម្ដេចធិបតីគូសបញ្ជាក់ថា «ក្រសួង ស្ថាប័ន អាជ្ញាធរមូលដ្ឋាន សហគមន៍ និងពលរដ្ឋគ្រប់រូបត្រូវចូលរួមអនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់មានសុវត្ថិភាព ពិសេសចាត់វិធានការ ការពារកុមារពីអំពើហិង្សាគ្រប់រូបភាព អប់រំកុមារ ពីរបៀបការពារខ្លួន ប្រឆាំងនឹងការរំលោភបំពាន ការបៀតបៀនផ្លូវភេទតាមគ្រប់រូបភាព ការសម្លុត គំរាមកំហែងគ្រប់បែបយ៉ាង និងត្រូវធ្វើឲ្យកុមារអាចយល់ដឹងពីវិធីរាយការណ៍ដល់អាជ្ញាធរ ឬមនុស្សពេញវ័យដែលជាអ្នកថែទាំពួកគេ»។

សម្ដេចធិបតីបន្ដថា ក្រសួង ស្ថាប័នពាក់ព័ន្ធ ត្រូវបន្តអនុវត្តអនុសញ្ញាស្នូលនៃអង្គការអន្តរជាតិខាងការងារដើម្បីលុបបំបាត់ គ្រប់ទម្រង់នៃពលកម្មកុមារ ដោយលើកកម្ពស់ ការយល់ដឹង បណ្តុះបណ្តាល និងផ្សព្វផ្សាយអំពីការទប់ស្កាត់ ការប្រើប្រាស់ពលកម្មកុមារនៅគ្រប់សកម្មភាពសេដ្ឋកិច្ច និងពង្រឹងវិធានការអធិការកិច្ច ពលកម្មកុមារ ព្រមទាំងកៀរគរធនធាន និង ចលនាសាធារណជនក្នុងការស្វែងរកដំណោះស្រាយ សមស្របដើម្បីជួយ សង្គ្រោះពលកម្មកុមារ។

សម្ដេចធិបតីបន្ថែមថា គ្រប់ស្ថានីយវិទ្យុ ទូរទស្សន៍ របស់រដ្ឋ និងឯកជន ព្រមទាំងប្រព័ន្ធផ្សព្វផ្សាយ សង្គមនានាបន្ត ជួយផ្សព្វផ្សាយបានទូលំទូលាយអំពីការកេងប្រវញ្ច និងរំលោភបំពាន ផ្លូវភេទកុមារតាមប្រព័ន្ធអនឡាញ និងពលកម្មកុមារ គ្រប់រូបភាព ជាពិសេសពង្រឹងគុណភាពនៃការផលិត កម្មវិធីសម្រាប់កុមារប្រកបដោយខ្លឹមសារអប់រំ ដើម្បីបង្ការទប់ស្កាត់ កុំឲ្យកុមារក្លាយជាជនរងគ្រោះ។ ក្នុងនោះត្រូវបង្កើនកិច្ចសហប្រតិបត្តិការ រវាងក្រសួង ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរដែនដីគ្រប់ លំដាប់ថ្នាក់ ដៃគូអភិវឌ្ឍ អង្គការមិនមែនរដ្ឋាភិបាល ក្នុង ការបង្ការទប់ស្កាត់ អន្តរាគមន៍ និងផ្តល់សេវាឆ្លើយតប ឲ្យបានសមស្រប និងទាន់ពេលវេលា ដើម្បីរួមចំណែកទប់ស្កាត់ការកេងប្រវញ្ច និងរំលោភបំពានផ្លូវភេទកុមារតាមប្រព័ន្ធ អនឡាញ និងលុបបំបាត់ពលកម្មកុមារនៅកម្ពុជា ៕

Facebook Comments
Loading...