រុស្ស៊ីថា បើអាមេរិក ហ៊ានវាយលើគោលដៅរុស្ស៊ីក្នុងប្រទេសអ៊ុយក្រែន នោះនឹងបង្កជាសង្គ្រាមលោកដោយស្វ័យប្រវត្តិ

0
319

បរទេស ៖ មន្ត្រីជាន់ខ្ពស់របស់រុស្ស៊ី១រូបគឺលោក Dmitry Medvedev អតីតប្រធានាធិបតីរុស្ស៊ី បានព្រមានថា រាល់ការវាយប្រហាររបស់អាមេរិក លើគោលដៅរុស្ស៊ីក្នុងប្រទេសអ៊ុយក្រែន នឹងបង្កជាសង្គ្រាមលោកដោយស្វ័យប្រវត្តិ នេះបើយោងតាមការចេញផ្សាយរបស់ RT ។

លោក Dmitry Medvedev ដែលបច្ចុប្បន្នជាអនុប្រធានក្រុមប្រឹក្សាសន្តិសុខរុស្ស៊ី បានធ្វើការកត់សម្គាល់ បន្ទាប់ពីរដ្ឋមន្ត្រីការបរទេសប៉ូឡូញ លោក Rados​law Sikorski បានអះអាងថា ទីក្រុងវ៉ាស៊ីនតោន បានគម្រាមធ្វើការវាយប្រហារបែបនេះ ប្រសិនបើរុស្ស៊ីប្រើប្រាស់អាវុធនុយក្លេអ៊ែរនៅអ៊ុយក្រែន។

នៅក្នុងការបង្ហោះនៅលើ X កាលពីថ្ងៃអាទិត្យលោក Medvedev បានស្នើទៅកាន់លោកSikorskiថា៖ជាក់ស្តែងបានសម្រេចចិត្តបំភ័យចៅហ្វាយនាយរបស់គាត់។ លោកបានកត់សម្គាល់ថា ទីក្រុងវ៉ាស៊ីនតោន មិនដូចទីក្រុងវ៉ារស្សាវ៉ាទេ រហូតមកដល់ពេលនេះបានបដិសេធមិនធ្វើការគំរាមកំហែងបែបនេះជាសាធារណៈ ពីព្រោះពួកគេមានការប្រុងប្រយ័ត្នជាងអ្នកណាទាំងអស់។

អតីតប្រធានាធិបតីរុស្ស៊ីរូបនេះក៏បានលើកឡើងពីការកត់សម្គាល់ដែលធ្វើឡើងដោយប្រធានាធិបតីប៉ូឡូញ Andrzej Duda កាលពីខែមុន នៅពេលដែលលោកបាននិយាយថា ប្រទេសរបស់លោកនឹងមានបំណងធ្វើជាម្ចាស់ផ្ទះអាវុធនុយក្លេអ៊ែររបស់សហរដ្ឋអាមេរិក ប្រសិនបើផ្តល់ឱកាសបែបនេះនៅក្រោមយន្តការចែករំលែករបស់ណាតូ៕

Facebook Comments
Loading...