សម្ដេចធិបតី ហ៊ុន ម៉ាណែត ! រាជរដ្ឋាភិបាលបានចំណាយលើការវិនិយោគច្រើនជាងគេលើវិស័យសុខាភិបាល ដើម្បីធានាបានថា មិនទុកពលរដ្ឋណាចោល

0
264

ភ្នំពេញ ៖ អញ្ជើញជាអធិបតីភាពក្នុងពិធីប្រកាសដាក់ឱ្យអនុវត្តផែនទីបង្ហាញផ្លូវឆ្ពោះទៅការគ្របដណ្តប់សុខភាពជាសកលនៅកម្ពុជា ឆ្នាំ២០២៤-២០៣៥ នាព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៤នេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា វិស័យសុខាភិបាល គឺជាវិស័យនាំមុខដែលរាជរដ្ឋាភិបាលបានចំណាយលើការវិនិយោគច្រើនជាងគេ ដើម្បីធានាបានថា មិនទុកពលរដ្ឋណាចោល ដោយមិនបានគិតគូរពីបញ្ហាសុខភាពរបស់ពួកគាត់នោះឡើយ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា «ផែនទីបង្ហាញផ្លូវឆ្ពោះទៅការគ្របដណ្តប់សុខភាពជាសកលនៅកម្ពុជា» បានដាក់ចេញផែនការច្បាស់លាស់ណាស់ ដើម្បីធានាបានថា មិនទុកពលរដ្ឋណាចោល ដោយមិនបានគិតគូរពីបញ្ហាសុខភាពរបស់ពួកគាត់ ដែលជាក់ស្ដែងក្នុងឆ្នាំ២០២៣ រដ្ឋបានបង្កើនថវិកាប្រមាណ ៥៧៣លានដុល្លារក្នុងការវិនិយោគទៅលើសុខាភិបាល។

សម្តេចធិបតី បន្តថា «ផែនទីបង្ហាញផ្លូវឆ្ពោះទៅការគ្របដណ្តប់សុខភាពជាសកលនៅកម្ពុជា» បានកំណត់គោលដៅជាក់លាក់ចំនួន៣ រួមមាន៖ ១) ការពង្រីកវិសាលភាពនៃការ គ្របដណ្ដប់ពលរដ្ឋដោយប្រព័ន្ធគាំពារសុខភាពសង្គមឱ្យបាន ៨០ភាគរយ នៃពលរដ្ឋសរុប, ២) ការបង្កើនសន្ទស្សន៍គ្របដណ្ដប់សេវាសុខាភិបាលសារវន្ត ឱ្យបានយ៉ាងហោច ៨០ភាគរយ, និង៣) ការកាត់បន្ថយទំហំចំណាយពីហោប៉ៅផ្ទាល់លើការថែទាំសុខភាព ឱ្យនៅត្រឹម ៣៥ភាគរយ នៃចំណាយសរុបលើវិស័យសុខាភិបាល។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់បន្ថែមថា ការចំណាយរបស់រដ្ឋលើវិស័យសុខាភិបាលយ៉ាងច្រើននេះ គឺផ្ដោតទៅលើការពង្រឹង និងធ្វើឱ្យប្រសើរឡើងហេដ្ឋារចនាសម្ព័ន្ធរូបវន្តសុខាភិបាល ទំនើបកម្មឧបករណ៍បរិក្ខារ លើកកម្ពស់គុណភាពថ្នាំ បង្កើនសមិទ្ធផលនៅតាមមូលដ្ឋាន ពង្រឹងក្រមប្រតិបត្តិ ពង្រឹងការកសាងធនធានមនុស្ស និងជំរុញបន្ថែមទៅមូលដ្ឋាន និងលើកទឹកចិត្ត និងផ្ដល់សិទ្ធិឱ្យវិស័យឯកជនក្នុង និងក្រៅប្រទេសចូលរួម។សម្ដេចធិបតី ថា កិច្ចការទាំងអស់នេះ គឺសំខាន់នៅក្នុងការលើកកម្ពស់ដល់វិស័យសុខាភិបាល ហើយនេះគ្រាន់ជាផ្នែកមួយនៃការវិនិយោគ ក៏ប៉ុន្តែមានការវិនិយោគពាក់ព័ន្ធនឹងការចំណាយលើការគាំពារសង្គមផ្សេងៗទៀត។ សម្ដេចធិបតី ក៏បានអរគុណដល់ដៃគូជាអង្គការ និងប្រទេសជាដៃគូ ដែលបានជួយនៅក្នុងការអភិវឌ្ឍនៅក្នុងវិស័យសុខាភិបាលនៅកម្ពុជាជាបន្តបន្ទាប់មកនេះ។

សម្ដេចធិបតី បញ្ជាក់ថា រាល់ពេលដែលសម្ដេចទទួលជួបជាមួយភ្ញៀវបរទេស សម្ដេចតែងតែពិភាក្សាលើការជំរុញដល់វិស័យសុខាភិបាល មិនដែលចោលវិស័យសុខាភិបាលឡើយ ពិសេសការពង្រឹងវិស័យសុខាភិបាល ពង្រឹងគុណភាពសុខាភិបាលនៅតាមមូលដ្ឋាន ដែលនេះស្របជាមួយនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាល ដែលបានដាក់ចេញផងដែរ៕

Facebook Comments
Loading...