ឯកឧត្តមណ្ឌិត អ៊ិត សំហេង និងលោក សុខ សម្បត្តិ ដឹកនាំពិធីបិទយុទ្ធនាការឃោសនាបោះឆ្នោតក្រុមប្រឹក្សារាជធានីខេត្ត ក្រុង ស្រុក ខណ្ឌ ក្នុងខណ្ឌបឹងកេងកង

0
342

ភ្នំពេញ ៖ សមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជាមកពីសង្កាត់ទាំង៧ ក្នុងខណ្ឌបឹងកេងកង បក្ខជនក្រុមប្រឹក្សារាជធានី បេក្ខជនក្រុមប្រឹក្សាខណ្ឌ សរុបប្រមាណ៥០០នាក់ ដោយមានការចូលរួមពី ឯកឧត្តមបណ្ឌិត អ៊ិត សំហេង ប្រធានក្រុមការងារចុះជួយខណ្ឌបឹងកេងកង លោក សុខ សម្បត្តិ ប្រធានគណៈកម្មាធិការបក្សប្រជាជនកម្ពុជាខណ្ឌបឹងកេងកង និងលោក គឹម ឈុនអ៊ូ ជាអនុប្រធានគណបក្សខណ្ឌ ព្រឹកថ្ងៃទី ២៤ ខែឧសភានេះបានមកជួបជុំគ្នា លើដងផ្លូវលេខ៤៣៤ ក្នុងសង្កាត់ទំនប់ទឹក ដើម្បីធ្វើមេទ្ទីង អបអរសារទរ និងស្ដាប់ក្លឹមសារនៃសារលិខិតរបស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែនប្រធានគណបក្សប្រជាជនកម្ពុជា មុននឹងដង្ហែរក្បួនចេញ ឃោសនារកសម្លេងឆ្នោត ក្នុងថ្ងៃចុងក្រោយ តាមដងផ្លូវសំខាន់ៗ ក្នុងមូលដ្ឋានរបស់ខ្លួន សម្រាប់ការបោះឆ្នោត ក្រុមប្រឹក្សា រាជធានី ក្រុមប្រឹក្សាខណ្ឌ អណត្តិទី៤។

ក្នុងឱកាសនោះលោក សុខ សម្បត្តិ ប្រធានគណៈកម្មាធិការបក្សប្រជាជនកម្ពុជាខណ្ឌបឹងកេងកង បានថ្លែង អំណរគុណយ៉ាងជ្រាលជ្រៅដល់សមាជិក-សមាជិកាគណបក្ស ទាំងអស់ ដែលតែងផ្តល់យុត្តិធម៌ ជំនឿ និង ការគាំទ្រចំពោះការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជាធ្វើឱ្យគណបក្សមានលទ្ធភាពគ្រប់គ្រាន់ ក្នុងការបំពេញភារកិច្ចបម្រើជាតិ និងប្រជាជន ប្រកបដោយជោគជ័យក្នុងរយៈពេលជាង៤៥ឆ្នាំ កន្លងមកនេះ។

លោកបញ្ជាក់ថា ខណ្ឌបឹងកេងកង បេក្ខជនគណបក្សប្រជាជនកម្ពុជាដែល ឈរឈ្មោះបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ខណ្ឌ អាណត្តិទី៤ ឆ្នាំ២០២៤ នេះមានចំនួន៣៤នាក់ ក្នុងនោះពេញសិទ្ធចំនួន១៧នាក់ ស្រី២នាក់ និងបម្រុងមានចំនួន១៧នាក់។

ចំណែក ឯកឧត្តម បណ្ឌិត អ៊ិត សំហេង មានប្រសាសន៍ថាក្រោមការដឹកនាំរបស់ គណបក្សប្រជាជនកម្ពុជា ប្រទេសជាតិមានសុខសន្តិភាព មានការរីកចម្រើន ប្រជាជនមានជីវភាពធូរធារ មានកេរ្តិ៍ឈ្មោះលេចត្រដែតឡើងវិញ លើឆាកអន្តរជាតិ។ សម្រាប់អណត្តិថ្មីនៃរាជរដ្ឋាភិបាល ដឹកនាំដោយ សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែត សម្ដេចបានខិតខំ ប្រឹងប្រែងបន្ដកសាងស្នាដៃពីសម្ដេចតេជោ ដឹកនាំនាវាកម្ពុជា ធ្វើដំណើរ យ៉ាងស្វាហាប់ ឆ្ពោះទៅកាន់ត្រើយសុភមង្គល។

ឯកឧត្តមបណ្ឌិត ប្រធានក្រុមការងារបានអំពាវនាវដល់សមាជិក សមាជិកា ក្រុមប្រឹក្សា សង្កាត់ ក្នុងតំណែងទាំងអស់ដែលជាអង្គបោះឆ្នោត សូមអញ្ជើញទៅបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខណ្ឌ អាណត្តិទី៤ ឆ្នាំ២០២៤ ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៤ ខាងមុខនេះ ដើម្បីទទួលបានភាពជាតំណាងរបស់ប្រជាពលរដ្ឋក្នុងការរួមចំណែកតាមដាន និង ជំរុញការអភិវឌ្ឍន៍ក្នុងមូលដ្ឋានឲ្យកាន់តែរីកចម្រើនថែមទៀត។

ជាមួយនេះ ឯកឧត្តមបណ្ឌិត ក៏បានអំពាវនាវ ដល់សមាជិក សមាជិកា ទាំងអស់ សូមចូលរួមគាំទ្រការអនុវត្តគម្រោងព្រែកជីកហ្វូណនតេជោ ដែលជាគំនិតផ្តួចផ្តើមរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ហើយបច្ចុប្បន្ន ត្រូវបានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បន្តអនុវត្តគម្រោងនេះឱ្យបានសម្រេចនាពេល ខាងមុខដើម្បីជាប្រយោជន៍ សម្រាប់ប្រទេសជាតិ និងប្រជាជនកម្ពុជាទាំងមូល៕

Facebook Comments
Loading...