មន្ត្រីសាលាខណ្ឌបឹងកេងកងទាំងអស់ ពុំមាននរណាម្នាក់ មានសារជាតិញៀននៅក្នុងខ្លួនឡើយ ពោលគឺល្អ១០០%

0
375

ភ្នំពេញ ៖ ក្រោមការណែនាំពី ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤នេះ ថ្នាក់ដឹកនាំ មន្ត្រីរាជការ ព្រមទាំងមន្រ្តីជាប់កិច្ចសន្យាទាំងអស់ចំណុះរដ្ឋបាលខណ្ឌបឹងកេងកង សរុបចំនួន៤៩១នាក់ ត្រូវបានពិនិត្យទឹកនោម ដើម្បីស្វែងរកសារធាតុញៀន នៅក្នុងបរិវេណសាលាខណ្ឌបឹងកេងកង។ ក្រោយពីការពិនិត្យ យ៉ាងយកចិត្តទុកដាក់ពី ពីមន្ដ្រីជំនាញមកពីការិយាល័យ ប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋានរាជធានីភ្នំពេញអស់ ពេលពេញ១ព្រឹក ក្នុងចំនួននេះ គឺមិនមានមន្ត្រីណាម្នាក់ មានសារជាតិញៀននៅក្នុងខ្លួនឡើយ ពោលគឺល្អ១០០%។

ក្នុងឱកាសនោះលោក សុខ សម្បត្តិ អភិបាលនៃគណអភិបាលខណ្ឌបឹងកេងកងបានលើកឡើងថាកន្លងមកនេះ សម្តេចមហាបវរ ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បាន ដាក់ចេញវិធានការម៉ឺងម៉ាត់ ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ នៅតាមក្រសួង ស្ថាប័ន និង រដ្ឋបាលថ្នាក់ក្រោមជាតិ។ ពោលគឺបើរកឃើញមានមន្ត្រីណា មានសារធាតុញៀនក្នុងខ្លួន នឹងត្រូវបណ្តេញចេញពីក្របខ័ណ្ឌ ដោយគ្មានការលើកលែងនោះទេ។ លោក អភិបាលខណ្ឌបន្ដថា នេះជាកិច្ចការដ៏សំខាន់១ក្នុងការសំរិតសំរាំងធនធានមនុស្ស បើក្នុងករណីធនធានមនុស្សរបស់យើងមានភាពវឹកវរជាមួយគ្រឿងញៀននោះគឺពិតជាបាត់បង់ធនធានដ៏សំខាន់ សម្រាប់ប្រទេសជាតិ។ នៅថ្ងៃនេះ មន្ដ្រី របស់យើងគ្រប់ជាន់ថ្នាក់ សរុបចំនួន៤៩១នាក់បានចូលរួមយ៉ាងសស្រាក់ស្រាំក្នុង ការធ្វើតេស្ដរកសារធាតុញៀន ដែលក្នុងចំណោមនោះក្រោយពីការពិនិត្យរួច ឃើញថាអវិជ្ជមានទាំងអស់ ពោលគឺល្អ១០០% ។

ឆ្លៀតក្នុងឱកាសនោះ លោក សុខ សម្បត្តិ បានអំពាវនាវ ដល់គ្រប់ក្រសួយងស្ថាប័ន អង្គភាព និងតាមបណ្ដាសហគមទាំងអស់ សូមចូលរួម ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀននេះ ទាំងអស់គ្នា។ ជាមួយនេះលោកបានអំពាវនាវដល់ប្រជាជន មហាជន ពិសេសយុវវ័យ សូមចៀសឲ្យឆ្ងាយពីគ្រឿងញៀន ត្រូវនិយាយថាទេចំពោះគ្រឿងញៀន ។ចំណែក មាតាបិតាអាណាព្យាបាល សូមគ្រប់គ្រងកូនឲ្យបានល្អ ដោយសហការជាមួយអាជ្ញាធរ និង សាលារៀន ដើម្បីតម្រង់ទិសឲ្យកូនៗឲ្យដើរលើ គន្លងល្អក្លាយជាធនធានដ៏ប្រសើរសម្រាប់ប្រទេសជាតិ៕

សូមជម្រាបជូនថា នៅព្រឹកថ្ងៃដដែលនេះដែរ ថ្នាក់ដឹកនាំ មន្ដ្រីរាជការ កងកម្លាំងនៃរដ្ឋបាលខណ្ឌបឹងកេងកង បានឯកភាពគ្នា រួមគ្នាបង្ហាញឆន្ទៈគាំទ្រដល់គម្រោងព្រែកជីកហ្វូណន ដោយនាំគ្នាស្រែកជ័យឃោស នៅមុខសាលាខណ្ឌ ដើម្បីបង្ហាញពីការគាំទ្រដល់ សម្ដេមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានផ្ដួចផ្ដើមគំនិតរៀបចំគម្រោងព្រែកជីក ហ្វូណននេះឡើង ដែលគម្រោងនេះមានសារៈប្រយោជន៍យ៉ាងធំធេងសម្រាប់ប្រទេសជាតិ ដោយបង្កលក្ខណៈងាយស្រួល ក្នុងការធ្វើចរាចរតាមផ្លូវទឹក ការផ្គត់ផ្គង់ទឹកសម្រាប់ការងារកសិកម្ម ការងារនេសាទនិងសារៈប្រយោជន៍ផ្សេងៗទៀត។ ទាំងនេះគឺជាការរួមចំណែកលើកកម្ពស់ សេដ្ឋកិច្ចរបស់បងប្អូនប្រជាពលរដ្ឋ និង សង្គមជាតិទាំងមូល៕

Facebook Comments
Loading...