បាត់ដំបង ៖ មន្ទីរទេសចរណ៍ខេត្តបាត់ដំបង បានរៀបចំតំបន់ទេសចរណ៍ភ្នំសំពៅ បំពាក់ ភ្លើង ពណ៌កម្សាន្ត ពេលរាត្រី ឲ្យដូចជាផ្សាររាត្រីបែបធម្មជាតិ ដើម្បីទាក់ទាញ កំណើនភ្ញៀវទេសចរ ក្នុង និងក្រៅស្រុក ពិសេសចង់ឲ្យពិភពលោក បានស្គាល់កាន់តែច្រើន នូវផលិតផល និងម្ហូបអាហារ ដែលជាស្នាដៃកូនខ្មែរ។
បើតាមការ បញ្ជាក់ឱ្យដឹងពី លោក ហម អរុណ អនុប្រធានមន្ទីរទេសចរណ៍ ខេត្តបាត់ដំបងបាន ឱ្យដឹងថា ក្នុងទិសដៅ ដើម្បីទាក់ទាញ កំណើនភ្ញៀវទេសចរ ក្នុង និងក្រៅស្រុកឱ្យមកទស្សនា ក្នុងខេត្តបាត់ដំបង បន្ថែមទៀត ខាងមន្ទីរខេត្តបាន នឹងកំពុងខិតខំ កែច្នៃ តំបន់ទេសចរណ៍ ភ្នំសំពៅ ប្រែក្លាយជារមណីយដ្ឋាន ឈានមុខគេ ក្នុងខេត្តបាត់ដំបងក្នុងឆ្នាំ២០២៤នេះ។
លោកបានបន្តទៀតថា ដើម្បីឲ្យពិភពលោក បានស្គាល់កាន់តែច្រើន នូវផលិតផល និងម្ហូបអាហារ ដែលជាស្នាដៃកូនខ្មែរ ខាងមន្ទីរខិតខំ កែច្នៃបន្ថែមទៀត នៅតំបន់ភ្នំសំពៅ លើពីសក្ដានុពល ដែលមានស្រាប់នៅតំបន់នេះ ឲ្យក្លាយជារមណីយដ្ឋានឈានមុខគេនៅ ក្នុងខេត្តបាត់ដំបង។
លោកបន្ថែមថា «ការកែច្នៃបន្ថែមនេះមានសាងសង់ ជាតូបដាក់តាំងលក់ផលិតផល ក្នុងស្រុក (ភូមិមួយផលិតផលមួយ) រួមនិងម្ហូប អាហារ ឆ្ងាញ់ៗយ៉ាងសម្បូរ បែបផងដែរ »។ ជាក់ស្តែងបច្ចុប្បន្ន កំពុងតែសាងសង់ និងមានរៀបចំបំពាក់ភ្លើងពណ៌ សម្រាប់ភ្ញៀវកម្សាន្តពេលរាត្រី ផងដែលមើលទៅ ហាក់ដូចជាផ្សាររាត្រី ដ៏ទំនើបបែបធម្មជាតិមួយ ធ្វើ ឲ្យអារម្មណ៍ភ្ញៀវទេសចរស្រស់ស្រាយ។
ទន្ទឹមនេះ អនុប្រធានមន្ទីរទេសចរណ៍ខេត្តរូបនេះក៏បាន អំពាវនាវដល់ភ្ញៀវក្នុងស្រុក ចូល រួមមកកែ កម្សាន្តទាំងអស់គ្នា នឹងជួយលើកកម្ពស់ផលិតផល និងម្ហូបអាហារ ក្នុងស្រុក ឲ្យកាន់តែផុលផុសបន្ថែមទៀត។
ភ្នំសំពៅ ជាឈ្មោះភ្នំមួយស្ថិតក្នុងស្រុកបាណន់ ខេត្តបាត់ដំបង មានចម្ងាយ១២គីឡូម៉ែត្រ ពីទីរួមខេត្ត បាត់ដំបង ត្រូវបានដាក់បញ្ចូលជារមណីយដ្ឋាន វប្បធម៌ ប្រវត្តិសាស្ត្រ ដ៏ ពេញនិយម សម្រាប់បម្រើដល់វិស័យទេសចរណ៍ ក្នុងខេត្តបាត់ដំបង។ ភ្នំនេះមានល្អាង រហូតដល់១២ ប្លែកពីគ្នាមានកម្ពស់ប្រមាណ១០០ម៉ែត្រ កាំជណ្ដើរឡើងចំនួន១០៣០កាំ មានទីតាំងស្ថិតនៅតាមដងផ្លូវជាតិលេខ៥៧ (អតីតផ្លូវជាតិលេខ១០) ស្ថិតក្នុងឃុំភ្នំ សំពៅ ស្រុកបាណន់ ខេត្តបាត់ដំបង។
នៅលើកំពូលភ្នំនេះ មានវត្តមួយឈ្មោះ ថាវត្តគិរីរម្យ និងល្អាង រូងទាំង១២ លើភ្នំនេះ មានដូចជា ល្អាង ផ្កាស្លា, ល្អាងគក់ ទ្រូង,ល្អាងខ្យល់,ល្អាងតែងខ្លួន,ល្អាងល្ខោន, ល្អាង ជ្រៃ, ល្អាងពេជ្រ, ល្អាងខ្វែង, ល្អាងប្រេង, ល្អាងស្ថានីយ ឬល្អាងធំ, ល្អាងក្បាលខ្មោច និងល្អាងប្រចៀវ។ ក្នុងចំណោមល្អាងទាំង១២ភ្ញៀវទេសចរ និយមចូលទស្សនា តែល្អាង ផ្កាស្លា និងល្អាងល្ខោនប៉ុណ្ណោះ។ ការទស្សនាទិដ្ឋភាព ហ្វូងសត្វប្រជៀវ រាប់លានក្បាល ដែលហោះចេញពីល្អាង នៅពេលល្ងាច ដែលអ្នកស្រុក តែងនិយមនាំគ្នា ហៅហ្វូងប្រជៀវ ទាំងនោះថា កងទ័ពប្រជៀវ ដ៏ក្លាហាន ជាចំណីទាក់ទាញអ្នកទេសចរ ចង់ទៅទស្សនា ភ្នំសំពៅខណៈ ក្បួនហោះហើរ របស់ហ្វូងប្រជៀវនេះ ប្រៀបបានទៅ នឹងចរន្តទឹកហូរ លើ ផ្ទៃអាកាស ដែលការហោះហើររបស់ហ្វូងសត្វប្រជៀវ នៅចន្លោះ ម៉ោង៥:៣០នាទី ដល់ ម៉ោង ៦:១៥នាទីល្ងាច គឺជាពេលវេលា ដែលហ្វូងសត្វប្រជៀវចាប់ផ្ដើមហោះហើរ បណ្ដែតខ្លួនចេញពីរូងភ្នំ ធ្វើឲ្យមានការចាប់អារម្មណ៍ យ៉ាងខ្លាំងពីភ្ញៀវជាតិ និងអន្តរជាតិ ទើបនៅតំបន់មួយនេះ ត្រូវបានមន្ទីរទេសចរណ៍ខេត្ត បង្កើនការកែច្នៃ បន្ថែមដើម្បីទាញ កំណើនភ្ញៀវ ក្រៅស្រុក កាន់តែមានកំណើនខ្ពស់៕