រយៈពេល៤ខែ ដើមឆ្នាំ២០២៤នេះ កម្ពុជាសម្រេចការនាំចេញ-នាំចូលទំនិញទៅកាន់ទីផ្សារអន្តរជាតិប្រមាណ ១៦ពាន់លានដុល្លារអាមេរិក មានការកើនឡើង ១២%

0
185

ភ្នំពេញ ៖ បើយោងតាមទិន្នន័យផ្លូវការចេញផ្សាយដោយ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា គិតចាប់ពីខែមករា ដល់ខែមេសា ឆ្នាំ ២០២៤នេះ ប្រទេសកម្ពុជា សម្រេចការនាំចេញ-នាំចូលទំនិញទៅកាន់ទីផ្សារអន្តរជាតិប្រមាណ ១៦ពាន់លានដុល្លារអាមេរិក មានការកើនឡើង ១២% បើប្រៀបធៀបនឹងពេលដូចគ្នា កាលពីឆ្នាំមុន។

អគ្គនាយកដ្ឋានគយ បានបានឲ្យដឹងថា កម្ពុជា សម្រេចបានការនាំចេញជាង ៨ពាន់លានដុល្លារអាមេរិក ដែលកើនឡើង ១៥% ខណៈនៅពេលដូចគ្នា ឆ្នាំ ២០២៣ កម្ពុជា នាំចេញទៅកាន់ទីផ្សារអន្តរជាតិជាង ៧ពាន់ ៦រយលានដុល្លារអាមេរិកប៉ុណ្ណោះ។

ទាក់ទងនឹង ការនាំចូលមកវិញ កម្ពុជា បាននាំចូលទំនិញប្រមាណ ៨ពាន់ ៦រយលានដុល្លារអាមេរិក ដែលមានការកើនឡើង ប្រហែល ៩% ហើយវាបានធ្វើឲ្យ កម្ពុជា សម្រេចឱនភាពពាណិជ្ជកម្មប្រមាណ ៦៦០លានដុល្លារអាមេរិក។ ក្នុងនោះដៃគូពាណិជ្ជកម្មសំខាន់របស់កម្ពុជា រួមមាន ចិន សហរដ្ឋអាមេរិក វៀតណាម ថៃ ជប៉ុន ឥណ្ឌូនេស៊ី និងកាណាដា ខណៈទីផ្សារនាំចេញធំៗរួមមាន អាមេរិក ចិន វៀតណាម ជប៉ុន ថៃ និងកាណាដា។

អំឡុងពេលនេះ ការនាំចេញរបស់កម្ពុជា ទៅកាន់ប្រទេសចិន មានទំហំ ៤៨៦លានដុល្លារអាមេរិក ដោយការនាំចូលមកកាន់កម្ពុជាវិញ មានដល់ទៅជិត ៤ពាន់លានដុល្លារអាមេរិក ដែលធ្វើឲ្យ កម្ពុជា កើតនូវ ឱនភាពពាណិជ្ជកម្មជាង ៣ពាន់ ៥រយលានដុល្លារអាមេរិក។ រីឯ វៀតណាម ឈរនៅលំដាប់លេខ ២ ដែលមានទំហំពាណិជ្ជកម្មទ្វេភាគីជាមួយកម្ពុជា គិតជាទឹកប្រាក់ប្រមាណ ៣ពាន់លានដុល្លារអាមេរិក ដោយក្នុងនោះ កម្ពុជា នាំចេញទំនិញទៅកាន់វៀតណាមជាង ១ពាន់ ៧រយលានដុល្លារអាមេរិក ខណៈកម្ពុជា នាំចូលមកជាង ១ពាន់ ៣រយលានដុល្លារអាមេរិក។

ទីផ្សារសំខាន់មួយទៀតគឺ កម្ពុជា នាំចេញទំនិញទៅកាន់អាមេរិកជាង ២ពាន់ ៦រយលានដុល្លារអាមេរិក កើនឡើងប្រមាណ ៦% ធ្វើឱ្យ អាមេរិក នៅតែជាទីផ្សារនាំចេញធំជាងគេរបស់កម្ពុជា អំឡុងពេលនេះ ហើយកម្ពុជា ក៏បាននាំចូលពីអាមេរិក មកវិញប្រមាណ ៧២លានដុល្លារអាមេរិក មានន័យថា កម្ពុជា សម្រេចនូវអតិរេកពាណិជ្ជកម្មជាង ២ពាន់ ៥រយលានដុល្លារអាមេរិក។

ជាមួយគ្នានេះ មុខទំនិញសំខាន់ៗ ដែលកម្ពុជា នាំចេញទៅកាន់ទីផ្សារអន្តរជាតិ រួមមាន ផលិតផលវាយនភណ្ឌ កាត់ដេរសម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរ ផលិតផលកសិកម្ម គ្រឿងអេឡិចត្រូនិក ឧបករណ៍អគ្គិសនី និងផលិតផលកង់ជាដើម។សូមជម្រាបថា ក្នុងឆ្នាំ ២០២៣កន្លងទៅនេះ ប្រទេសកម្ពុជា សម្រេចបាននូវទំហំពាណិជ្ជកម្មប្រមាណ ៤៦ពាន់លានដុល្លារអាមេរិក ក្នុងនោះ ការនាំចេញមានទំហំ ២២ពាន់លានដុល្លារ និងការនាំចូលមានទំហំជាង ២៤ពាន់លានដុល្លារអាមេរិក៕

Garment workers currently receive 92 wages per month. KT/Khem Sovannara
Facebook Comments
Loading...