ខេត្តមណ្ឌលគិរី ៖ បុរសជនជាតិព្នងម្នាក់ ដែលគេដឹងថា ជាមនុស្សមានប្រពន្ធកូនរួចទៅហើយនោះ បានតាមស្រលាញ់ ស្រ្តីម្នាក់ដែលជាគ្រូពេទ្យ ប៉ុន្តែត្រូវនារីរូបនោះបដិសេដ ក៏កើតជាជម្លោះ ផ្ទុះកំហឹងទាញកាំភ្លើង AK បាញ់ប្រហារបណ្ដាលឲ្យស្លា..ប់ភ្លាមៗនៅក្នុងបន្ទប់ប៉ុស្ដិ៍សុខភាពអណ្ដូងក្រឡឹង ហើយគ្រាប់បានផ្លាតទៅត្រូវកូនស្រីរបស់ជនរងគ្រោះអាយុ៦ឆ្នាំ បណ្តាលឲ្យរងរបួសថែមទៀត ដែលហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង២៣ និង២០ នាទី យប់ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៤ នៅចំណុចក្នុងបន្ទប់ដេកប៉ុស្ដិ៍សុខភាព ស្ថិតក្នុងក្រុមពូជូ ភូមិអណ្តូងក្រឡឹង ឃុំសែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី។
លោក ហាក់ ទិត្យឬទ្ធីវង្ស អធិការនគរបាលស្រុកអូររាំង បានឲ្យដឹងថា ជនរងគ្រោះក្នុងហេតុការហ៍នេះឈ្មោះ កែម កែវកន្និកា អាយុ៣៨ឆ្នាំ មុខរបរពេទ្យ មានទីលំនៅភូមិអណ្ដូងក្រឡឹង ឃុំសែនមនោរម្យ ស្រុកអូររាំង (ស្លា..ប់ភ្លាមៗ) ចំណែកកូនស្រី ឈ្មោះ ជូ សាណា អាយុ៦ ឆ្នាំ ទទួលរងរបួសដោយសារគ្រាប់ផ្លាតត្រូវ។ រីឯជនសង្ស័យ ឈ្មោះ សុខា នុត អាយុ៤១ឆ្នាំ មុខរបរកសិករ។
ប្រភពដដែលបានឲ្យដឹងទៀតថា មុនឈានដល់ការបាញ់ប្រហារនេះ គេឃើញជនសង្ស័យស្ពាយកាំភ្លើង ដើរចូលទៅប៉ុស្ដិ៍សុខភាព ហើយមួយសន្ទុះក៍ឮសំឡេងឈ្លោះប្រកែកគ្នារវាងជនបង្ក និងជនរងគ្រោះ ក្រោយមកក៍បានឮសំលេងផ្ទុះអាវុធតែម្តង។ កាំភ្លើងដែលជនសង្ស័យ ប្រើម៉ាក AK 47 បាញ់ចំកណ្តាលក្បាលធ្លាយមកឆ្អឹងខ្នង ធ្លាយពីឆ្អឹងខ្នង គ្រាប់កាំភ្លើងផ្លាតទៅត្រូវចំក្មេងស្រីម្នាក់ទៀតបណ្តាលឲ្យរងរបួស ដែលត្រូវជាកូនស្រីរបស់ជនរងគ្រោះ។ ក្រោយបាញ់សម្លា..ប់ជនរងគ្រោះ ជនសង្ស័យបានព្យាយាមបាញ់សម្លា..ប់ខ្លួនតាមក្រោយដែរ ប៉ុន្ដែគ្រាប់មិនផ្ទុះ។
ជនស្ស័យឈ្មោះ សុខា នុត ឆ្លើយសារភាពប្រាប់សមត្ថកិច្ចថា នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ ២០២៤ វេលាម៉ោង២៣ និង២៩នាទី ខ្លួនបានយកកាំភ្លើងAK 47 មួយដើមដែលខ្លួនរើសបានពីក្នុងព្រៃ ដើរទៅរកនារីរងគ្រោះនៅប៉ុស្តិ៍សុខភាពអណ្ដូងក្រឡឹង។ នៅមុននិងខ្លួនចេញទៅរកបា..ញ់សត្វក្នុងព្រៃ ពេលទៅដល់ប៉ុស្តិ៍សុខភាព ក៏បានបា..ញ់នារីរងគ្រោះ និងកូនស្រីតែម្តង។ ភ្លាមនោះខ្លួនក៍បានបា..ញ់ខ្លួនឯងចំនួន២គ្រាប់ផងដែរ តែដោយសារគ្រាប់មិនផ្ទុះ ទើបខ្លួនរត់គេច រហូតដល់ម៉ោង០៥ និង៣០នាទីព្រឹក ថ្ងៃទី១៣ ខែឧសភា នេះ សមត្ថកិច្ចឃាត់ខ្លួនបានតែម្តង។
បច្ចុប្បន្នជនសង្ស័យត្រូវបានសមត្ថកិច្ចឃាត់ខ្លួន និងបានកសាងសំណុំរឿងដើម្បីបញ្ជូនទៅតុលាការ ចាត់ការតាមនិតិវិធី៕