គម្រោងព្រែកជីកហ្វូណនតេជោ ពុំមានផលប៉ះពាល់ដល់បរិស្ថានកម្ពុជា និងប្រទេសជិតខាងនោះទេ

0
372

ភ្នំពេញ ៖ គម្រោងព្រែកជីកហ្វូណនតេជោរបស់កម្ពុជានេះ ទឹកសាបដែលហូរចូលសមុទ្រ មានកម្រិតត្រឹម ០.០៦ ភាគរយប៉ុណ្ណោះ ពុំមានផលប៉ះពាល់អវិជ្ជមានដល់បរិស្ថានកម្ពុជា និងប្រទេសជិតខាងនោះទេ ផ្ទុយទៅវិញ គម្រោងព្រែកជីក បានផ្តល់អត្ថប្រ​យោ​ជន៍ដល់សកលលោកទាំងមូល ដោយបានចូលរួមកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ ទៅក្នុងបរិយាកាសដោយសារចម្ងាយ ការធ្វើនាវាចរណ៍ មានរយៈចម្ងាយខ្លីជាងមុន។

មន្រ្តីជាន់ខ្ពស់រាជរដ្ឋាភិបាល បានបន្តពន្យល់ថា គម្រោងព្រែកជីកហ្វូណនតេជោ នឹងជួយកាត់បន្ថយរយៈពេលចម្ងាយ និងតម្លៃនៃការដឹកជញ្ជូន នាពេលបច្ចុប្បន្ន ការបង្កើតតំបន់ពាណិជ្ជកម្ម និងមជ្ឈមណ្ឌលភស្តុភារកម្ម, ការអភិវឌ្ឍផែរណបថ្មីៗជាច្រើន, ការពង្រីកតំបន់, អភិវឌ្ឍន៍កសិកម្ម, ធារាសាស្ត្រ, វារីវប្បកម្ម និងចិញ្ចឹមសត្វ ជាដើម។

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានលើកឡើង ក្នុងបទបង្ហាញដល់សិស្ស-និស្សិត ប្រមាណ ២ពាន់នាក់ ដែលជាការឆ្លើយតបទៅកាន់អ្នកទាំងឡាយណា ដែលប្រឆាំងនឹងគម្រោងព្រែកជីកហ្វូណនតេជោ របស់កម្ពុជា។ ឯកឧត្តម បានបញ្ជាក់ថា គម្រោងហ្វូណនតេជោនេះ បានប្រើពេលសិក្សាអស់រយៈពេល ២៦ខែ ដោយមានអ្នកជំនាញ និងប្រើដ្រូនហោះពិនិត្យស្ថានភាពជាក់ស្តែង។ គម្រោងនេះ នឹងជួយគាំទ្រដល់ការអភិវឌ្ឍប៉ូលសេដ្ឋកិច្ចទី៤ របស់កម្ពុជា, នឹងបង្កើតការងារបន្ថែមនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ, កំពង់ផែស្វយ័តភ្នំពេញ និងកំពង់ផែផ្សេងៗទៀត ដោយការជំរុញការអភិវឌ្ឍទីក្រុង, នគរូបនីយកម្ម និងការជំរុញការរីកចម្រើនផ្នែកអចលនទ្រព្យ។

ឯកឧត្តម ស៊ុន ចាន់ថុល បានបន្តថា ទឹកសាបដែលហូរចូលសមុទ្រតាមព្រែកជីកហ្វូណនតេជោថ្មីនេះ មានកម្រិតត្រឹម ០.០៦ ភាគរយប៉ុណ្ណោះ។ ព្រែកជីកនេះ ធ្វើបាត់ទឹក ៥០ភាគរយ ហូរចូលសមុទ្រនោះ អ្នកនិយាយទាំងនោះ មិនបានសិក្សាឱ្យបានច្បាស់លាស់ទើបពួកគាត់មិនដឹង។ ប៉ុន្តែអ្នកខ្លះទៀត បានដឹងហើយ តែនៅតែធ្វើមិនដឹង ទើបលោកនៅតែបន្តចេញមុខពន្យល់។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ចំពោះហេដ្ឋារចនាសម្ព័ន្ធគម្រោងនេះ មានសន្ទះផ្លូវនាវាចរណ៍មាន ៣កន្លែង, ស្ពាន ១១កន្លែង និងផ្លូវអមសងខាងប្រវែងសរុបប្រមាណ ២០៨គីឡូម៉ែត្រ និងគ្រោងសាងសង់ប្រើប្រាស់ពេលវេលាចំនួន ៤ឆ្នាំ ហើយគ្រោងនឹងចាប់ផ្តើមសាងសង់នៅចុងឆ្នាំ២០២៤។

សូមបញ្ជាក់ថា បើតាមឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានពន្យល់បន្ថែមថា គម្រោងព្រែកជីករបស់កម្ពុជានេះ ពុំមានផលប៉ះពាល់អវិជ្ជមានដល់បរិស្ថានកម្ពុជា និងប្រទេសជិតខាងនោះទេ។ ផ្ទុយទៅវិញ គម្រោងព្រែកជីក បានផ្តល់អត្ថប្រយោជន៍ដល់សកលលោកទាំងមូល ដោយបានចូលរួមកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ ទៅក្នុងបរិយាកាសដោយសារចម្ងាយ ការធ្វើនាវាចរណ៍ មានរយៈចម្ងាយខ្លីជាងមុន៕

Facebook Comments
Loading...