រុស្ស៊ីបានគំរាមវាយប្រហារសងសឹកទៅលើទីតាំង និងឧបករណ៍យោធារបស់អង់គ្លេសនៅលើដីអ៊ុយក្រែន ឬកន្លែងផ្សេងទៀត

0
336

បរទេស ៖ ខណ:ចំពេលមានភាពតានតឹងកើនឡើងយ៉ាងខ្លាំងជុំវិញការអត្ថាធិប្បាយរបស់មន្ត្រីជាន់ខ្ពស់លោកខាងលិច អំពីការជាប់ពាក់ព័ន្ធកាន់តែស៊ីជម្រៅនៅក្នុងសង្គ្រាមនៅអ៊ុយក្រែន កាលពីថ្ងៃចន្ទទី៦ ខែឧសភា រុស្ស៊ីបានគំរាមវាយប្រហារទីតាំងយោធារបស់អង់គ្លេស ហើយប្រកាសធ្វើសមយុទ្ធក្លែងធ្វើការវាយប្រហារដោយប្រើប្រាស់អាវុធនុយក្លេអ៊ែរក្នុងសមរភូមិ…។

ការវាយប្រហាររបស់អ៊ុយក្រែនលើទឹកដីរុស្ស៊ីជាមួយនឹងអាវុធដែលផ្គត់ផ្គង់ដោយចក្រភពអង់គ្លេសអាចនាំមកនូវការវាយប្រហារសងសឹកទៅលើទីតាំង និងឧបករណ៍យោធារបស់អង់គ្លេសនៅលើដីអ៊ុយក្រែន ឬកន្លែងផ្សេងទៀត នេះបើតាមការអះអាងរបស់រដ្ឋធានីមូស្គូក្នុងជំនួបមួយដែលបានកោះហៅឯកអគ្គរដ្ឋទូតអង់គ្លេសមកសំណេះសំណាលរួចមក។

ការកត់សម្គាល់នេះបានធ្វើឡើងនៅមុនថ្ងៃចូលកាន់តំណែងអាណត្តិទីប្រាំរបស់ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ហើយនៅក្នុងសប្តាហ៍ដែលរដ្ឋធានីម៉ូស្គូនៅថ្ងៃព្រហស្បតិ៍នឹងប្រារព្ធទិវាជ័យជម្នះ ដែលជាថ្ងៃបុណ្យ ដ៏សំខាន់បំផុតរបស់ខ្លួន ដែលជាការកត់សម្គាល់ការបរាជ័យរបស់ខ្លួនលើពួកណាស៊ីអាល្លឺម៉ង់ក្នុងសង្គ្រាមលោកលើកទីពីរ។ក្រសួងការពារជាតិរុស្ស៊ី បានប្រកាសនៅក្នុងសេចក្ដីថ្លែងការណ៍មួយថា សមយុទ្ធនេះគឺជាការឆ្លើយតបទៅនឹងសេចក្ដីថ្លែងការណ៍បង្កហេតុ និងការគំរាមកំហែងរបស់មន្ត្រីលោកខាងលិចមួយចំនួនទាក់ទងនឹងសហព័ន្ធរុស្ស៊ី។ វាជាលើកទីមួយហើយ ដែលរុស្ស៊ីបានប្រកាសជាសាធារណៈនូវសមយុទ្ធដែលពាក់ព័ន្ធនឹងអាវុធនុយក្លេអ៊ែរយុទ្ធសាស្ត្រ ទោះបីជាកងកម្លាំងនុយក្លេអ៊ែរយុទ្ធសាស្ត្ររបស់ខ្លួនធ្វើសមយុទ្ធជាទៀងទាត់ក៏ដោយ។ អាវុធនុយក្លេអ៊ែយុទ្ធសាស្ត្ររួមមាន គ្រាប់បែកអាកាស ក្បាលគ្រាប់សម្រាប់មីស៊ីលរយៈចម្ងាយខ្លី និងគ្រាប់កាំភ្លើងធំ ហើយមានគោលបំណងប្រើប្រាស់ក្នុងសមរភូមិ។ ពួកវាមានកម្លាំងតិចជាងអាវុធយុទ្ធសាស្ត្រ ដែលជាក្បាលគ្រាប់ដ៏ធំសម្រាប់បំពាក់មីស៊ីលផ្លោងអន្តរទ្វីប ហើយមានសមត្ថភាពកម្ទេចទីក្រុងមួយទាំងមូល។អ្នកនាំពាក្យអង្គការសហប្រជាជាតិ លោក ស្តេហ្វាន ឌូចារីក (Stephane Dujarric) បានសម្ដែងការព្រួយបារម្ភថា ភាគីនានាបាននិងកំពុងនិយាយអំពីបញ្ហាទាក់ទងនឹងអាវុធនុយក្លេអ៊ែរកាន់តែច្រើនឡើងនាពេលថ្មីៗនេះ។ លោក ឌូចារីក បាននិយាយថា៖«ហានិភ័យនុយក្លេអ៊ែរនាពេលបច្ចុប្បន្ន គឺស្ថិតនៅក្នុងកម្រិតខ្ពស់គួរឱ្យព្រួយបារម្ភ។ រាល់សកម្មភាពដែលអាចនាំឱ្យមានការគណនាខុស ការកើនឡើងជាមួយនឹងផលវិបាកមហន្តរាយ ត្រូវតែជៀសវាង»។ សេចក្ដីប្រកាសរបស់រុស្ស៊ី គឺជាការព្រមានដល់សម្ព័ន្ធមិត្តលោកខាងលិចរបស់អ៊ុយក្រែន អំពីការចូលរួមកាន់តែស៊ីជម្រៅនៅក្នុងសង្គ្រាមរយៈពេល២ឆ្នាំ។ ដៃគូ​លោកខាងលិច​មួយចំនួន​របស់​អ៊ុយក្រែន​ពីមុន​បាន​សម្ដែង​ក្ដីបារម្ភ​ថា​ជម្លោះ​អាច​ហៀរ​ហួស​ពី​អ៊ុយក្រែន​ទៅជា​សង្រ្គាម​រវាងអង្គការ​ណាតូ​និង​រុស្ស៊ី។ប្រធានាធិបតីបារាំង លោក អេម៉ានូអែល ម៉ាក្រុង (Emmanuel Macron) បាននិយាយម្ដងហើយម្ដងទៀតកាលពីសប្តាហ៍មុនថា លោកមិនទម្លាក់ចោលលទ្ធភាពនៃការបញ្ជូនកងទ័ពទៅអ៊ុយក្រែនទេ ហើយកាន់តែក្ដៅគគុកទៀតនោះ គឺរដ្ឋមន្ត្រីការបរទេសអង់គ្លេស លោក ដេវីឌ កាមេរ៉ុន (David Cameron) បាននិយាយថា កងកម្លាំងរបស់រដ្ឋធានីកៀវ នឹងអាចប្រើប្រាស់អាវុធរយៈចម្ងាយឆ្ងាយរបស់អង់គ្លេសដើម្បីវាយប្រហារគោលដៅនៅក្នុងប្រទេសរុស្ស៊ី។ យ៉ាងណាមិញ ប្រទេសមួយចំនួនផ្សេងទៀតរបស់អង្គការណាតូដែលផ្តល់អាវុធដល់រដ្ឋធានីកៀវ បានច្រានចោលចំពោះលទ្ធភាពនោះ។វិមានក្រឹមឡាំងបានចាត់ទុកការអត្ថាធិប្បាយទាំងនោះថាជាគ្រោះថ្នាក់ ដែលបង្កើនភាពតានតឹងរវាងរុស្ស៊ី និងណាតូ។ សង្គ្រាម​បាន​ជំរុញ​ភាព​តានតឹង​យ៉ាង​ខ្លាំង​ដល់​ទំនាក់ទំនង​រវាងរដ្ឋធានី​ម៉ូស្គូ និង​លោក​ខាង​លិច។ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក ឌីមីទ្រី ប៉េស្កូវ (Dmitry Peskov) បាននិយាយកាលពីថ្ងៃចន្ទថា សេចក្ដីថ្លែងការណ៍ថ្មីៗរបស់លោក ម៉ាក្រុង និងការកត់សម្គាល់ផ្សេងទៀតរបស់មន្ត្រីអង់គ្លេស និងសហរដ្ឋអាម៉េរិក បានជំរុញឱ្យមានសមយុទ្ធនុយក្លេអ៊ែរ។ លោកនិយាយដោយសំដៅទៅលើអ្វីដែលវិមានក្រឹមឡាំងចាត់ទុកថា ជាសេចក្ដីថ្លែងការណ៍បង្កហេតុថា៖ «វា​គឺ​ជា​ជុំ​ថ្មី​នៃ​ការ​កើន​ឡើង​ភាពតានតឹង។ វាមិនធ្លាប់មានពីមុនមក ហើយទាមទារការយកចិត្តទុកដាក់ និងវិធានការពិសេស»៕

Facebook Comments
Loading...