ភ្នំពេញ ៖ នាព្រឹកថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ក្នុងបណ្តាញសង្គមតេឡេក្រាមផ្លូវការថា៖ «យើងមិនទទួលយកការសុំទោសនោះឡើយ។ យើងចង់បញ្ចប់វប្បធម៌លាបពណ៌ និងការប្រមាថ។ យើងទទួលយកមិនបាននូវការចោទប្រកាន់ថា យើងជាអ្នកលួចសន្លឹកឆ្នោត។ យើងធ្លាប់បានគេសុំទោសច្រើនដងហើយតែរឿងច្រំដែលនៅតែកើតឡើងទើបយើងចង់បញ្ចប់វប្បធម៌រឿងដដែលហើយសូមទោសតាមផ្លូវតុលាការដើម្បីឱ្យមនុស្យអាក្រក់វារាងចាល»។
សម្តេចតេជោ បានបន្ថែមថា៖ «ភាពខ្លួនឯងបានដឹងច្បាស់ហើយតើ សម រង្ស៊ី ធ្លាប់បានសូមទោសខ្ញុំ តែទីបំផុតវាកើតដដែល។ អ្នកគាំទ្រវាគឺដូចគ្នា ដែលយើងត្រូវតែប្រើផ្លូវច្បាប់ដើម្បីបញ្ចប់រឿងច្រំដែលនេះ»។
គួររំលឹកផងដែរថា កាលពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣ កន្លងទៅ លោក សុន ឆ័យ បានផ្ញើលិខិតមួយ ជូនសម្តេចតេជោ ហ៊ុន សែន ដើម្បីសុំទោសចំពោះអ្វីដែលលោកបានលើកឡើងក្នុងបទសម្ភាស ជាមួយសារព័ត៌មានមួយ ដោយចោទគណបក្សប្រជាជនកម្ពុជា ថាជាចោរលួចសន្លឹកឆ្នោត។
លោកលើកឡើងថា៖ «រូបខ្ញុំបាទ សុន ឆ័យ មិនដែលមានចេតនា ចោទគណបក្សប្រជាជនកម្ពុជា ឬគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ថាជាចោរលួចសន្លឹកឆ្នោត ហើយក៏នឹងមិនមានបំណងចោទថា គណបក្សប្រជាជនកម្ពុជា ជាចោរលួចសន្លឹកឆ្នោតនេះ នៅពេលអនាគតនោះដែរ។ បើគណបក្សប្រជាជនកម្ពុជា ឬគណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត (គ.ជ.ប) ចាត់ទុកសម្តីក្នុងបទសម្ភាសថាខ្ញុំបានចោទជាចោរ លួចសន្លឹកឆ្នោតនោះ ខ្ញុំសុំអភ័យទោស»៕