បរទេស ៖ យ៉ាងហោចណាស់ មនុស្ស ៣៩នាក់បានស្លា ប់ នៅក្នុងប្រទេសប៉ាណាម៉ា បន្ទាប់ពីរថយន្តក្រុងដឹកជនចំណាកស្រុកជាង ៦០ នាក់បានធ្លាក់ពីលើច្រាំងថ្មចោទ កាលពីថ្ងៃពុធ ទី១៥ ខែកុម្ភៈ ដែលជាការកត់សម្គាល់គ្រោះថ្នាក់ចំណាកស្រុកដ៏អាក្រក់បំផុត នៅក្នុងប្រវត្តិសាស្ត្ររបស់ប្រទេសនៅអាមេរិកកណ្តាលមួយនេះ។
ឡានក្រុងដឹកជនចំណាកស្រុក ដែលបានធ្វើដំណើរឆ្លងកាត់ តំបន់ដារ៉ែន ហ្គេប (Darien Gap) ដែលជាព្រៃដ៏គ្រោះថ្នាក់ដែលតភ្ជាប់ប្រទេសកូឡុំប៊ី ទៅអាមេរិកកណ្តាល កំពុងធ្វើដំណើរឆ្ពោះទៅកាន់ទីជំរកដែលមានទីតាំងនៅខេត្ត ឈីរីគ្វិ (Chiriqui) ឆ្នេរសមុទ្រភាគខាងលិចដែលមានព្រំប្រទល់ជាប់ប្រទេសកូស្តារីកា។
អាជ្ញាធរបាននិយាយថា គ្រោះថ្នាក់រថយន្តក្រុង នៅក្នុងរដ្ឋធានីប៉ាណាម៉ា នៃប្រទេសប៉ាណាម៉ា បានបណ្តាលឲ្យស្លា ប់ជនចំណាកស្រុក ចំនួន៣៩នាក់ និង២០នាក់ទៀត សម្រាកព្យាបាល នៅមន្ទីរពេទ្យ។
ជាងពាក់កណ្តាលនៃអ្នកដំណើរចំនួន ៦៦នាក់ នៅក្នុងរថយន្តក្រុងនោះបានស្លា ប់ ក្នុងឧបទ្ទវហេតុ នៅជិតជំរកជនចំណាកស្រុក ក្វាឡាកា (Gualaca) ដែលជាតំបន់ដែលមានផ្លូវកោងជាច្រើន។
អាជ្ញាធរសន្តិសុខសង្គមរបស់ ប្រទេសប៉ាណាម៉ា បានប្រាប់រ៉យទ័រថា មនុស្សប្រហែល ២០ នាក់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ ដោយរបួស ក្នុងនោះ អ្នកខ្លះរងរបួសធ្ងន់ធ្ងរ។
កាលពីឆ្នាំមុន ជនចំណាកស្រុកចំនួន ២៤៨០០០ នាក់បានឆ្លងកាត់ ដារ៉ែន ហ្គេប (Darien Gap) ដែលភាគច្រើន ជាជនជាតិវេណេស៊ុយអេឡា។ គោលនយោបាយការធ្វើចំណាកស្រុកដ៏តឹងរ៉ឹងថ្មីរបស់សហរដ្ឋអាមេរិកបានបណ្តាលឱ្យមនុស្សជាច្រើនត្រូវត្រឡប់ទៅប្រទេសប៉ាណាម៉ាវិញ ដែលជារឿយៗ ពួកគេមិនអាចមានលទ្ធភាព ដឹកជញ្ជូនត្រឡប់ទៅប្រទេសវេណេស៊ុយអេឡាបានទេ។ – ប្រភពពី Reuters