ជីតាតិរិច្ឆានប្រើហឹង្សាវាយ និងចាប់បោកចៅប្រុសបង្កើតបាក់.កស្លាប់រួចយកទៅបោះចូលក្នុងទឹកស្រះចំងាយប្រហែល២៥០ម៉ែតដើម្បីបង្វែងដានត្រូវនគរបាលឃាត់ខ្លួន

0
321

សៀមរាប៖ ជីតាតិរិច្ឆានដែលបានធ្វើសកម្មភាពវាយ និងចាប់បោកចៅលើពួកបណ្តាលឱ្យបាក់.កស្លាប់រួចយកសពទៅបោះចូលក្នុងទឹកស្រះចំងាយប្រមាណ២៥០ម៉ែតពីផ្ទះដើម្បីលាក់បាំងក្រុមគ្រួសារ និងបង្វែងដានសមត្ថកិច្ច ប៉ុន្តែឈាមស្រែកស្បែកហៅ ឃាតកសម្លាប់ចៅត្រូវបានកម្លាំងនគរបាលការិយាល័យព្រហ្មទណ្ឌកំរិតធ្ងន់ នៃស្នងការនគរបាលខេត្តសៀមរាប ស្រាវជ្រាវឈាន់ការការឃាត់ខ្លួនដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងខេត្តចាត់ការតាមផ្លូវច្បាប់ ។

មន្ត្រីនគរបាលការិយាល័យព្រហ្មទណ្ឌកំរិតធ្ងន់ នៃស្នងការដ្ឋានខេត្តសៀមរាប នៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៣នេះ សមត្ថកិច្ចជំនាញបានស្រាវជ្រាវនឹងឃាត់ខ្លួនជនសង្ស័យម្នាក់មានឈ្មោះ ថ្ម ក្រាក់ ភេទប្រុស អាយុ ៥២ឆ្នាំ បច្ចុប្បន្នភូមិជ្រាស់ ឃុំល្វា ស្រុកពួក ខេត្តសៀមរាប ជាប់ពាក់ព័ន្ធក្នុងបទល្មើសឃាតកម្មសម្លាប់ចៅបង្កើតរបស់ខ្លួន ។

នគរបាលនិយាយថា នៅវេលាម៉ោង ១៨និង១៥នាទី ថ្ងៃទី១៣ ខែកុម្ភះ ឆ្នាំ២០២៣ សមត្ថកិច្ចនគរបាលប៉ុស្តិ៍ទទួលបានព័ត៌មានថាមានករណីក្មេងឈ្មោះ តាំ រតនា ភេទប្រុស ឆ្នាំកំណើត ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២០ លង់ស្រះទឹក ត្រង់ចំណុចភូមិជ្រាស់ ឃុំល្វា ដោយមានការសង្ស័យមានជាប់ពាក់ព័ន្ធករណីឃាតកម្ម ទើបសមត្ថកិច្ចបានណែនាំដល់ក្រុមគ្រួសារ រក្សាសាកសពដើម្បីឲ្យសមត្ថកិច្ចនគរបាលជំនាញ និងគ្រូពេទ្យចុះពិនិត្យ ឲ្យបានច្បាស់លាស់ដើម្បីបើកការស៊ើបអង្កេត ។ នៅព្រឹកថ្ងៃទី១៤ ខែកុម្ភះ ឆ្នាំ២០២៣ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ និងការិយាល័យបបច្ចេកទេសវិទ្យាសាស្ត្រ និងក្រុមគ្រូពេទ្យ បានសហការជាមួយកម្លាំងនគរបាលស្រុកពួក ចុះដល់ទីទាំងខាងលើ ពិនិត្យសាកសព និងពិនិត្យវិភាគកន្លែងកើតហេតុ ដោយពិនិត្យឃើញថា សពបាក់.ក ,មានស្នាមជាំក្រោមត្រជៀកខាងស្តាំ , ឆ្អឹងស្មាទាំងសងខាងភ្លាត់ចេញពីគ្នា ,ស្នាមជាំក្រោមឆ្អឹងជំនីខាងស្តាំ និងមានលាមក ចេញតាមរន្ធគូទ ។

នគរបាលព្រហ្មទណ្ឌកំរិតធ្ងន់ បានឱ្យដឹងទៀតថា ក្រោមបញ្ជារបស់លោកឧត្តមសេនីយ៍ទោ តេង ច័ន្ទណាត ស្នងការនគរបាលខេត្តសៀមរាប លោកឧត្តមសេនីយ៍ត្រី ភឹង ចិន្តារ៉េត ស្នងការរងទទួលផែននគរបាលព្រហ្មទណ្ឌដឹកនាំកម្លាំងជំនាញដោយមានការសម្របសម្រួលនីតិវិធីពី ឯកឧត្តម មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តសៀមរាប នៅថ្ងៃទី១៤ ខែកុម្ភះ ឆ្នាំ២០២៣ ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ធ្វើការស៊ើបអង្កេត ស្រាវជ្រាវដោយសហការណ៍ជាមួយកម្លាំងការិយាល័យបច្ចេកទេសវិទ្យាសាស្ត្រ និងអធិការដ្ឋាននគរបាលស្រុកពួក ធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ត្រូវជាជីតាបង្កើតដើម្បីធ្វើការសាកសួរ ។

ប្រភពបន្តទៀតថា ជនសង្ស័យឈ្មោះ ថ្ម ក្រាក់ ត្រូវជាជីតាក្មេងប្រុសរងគ្រោះ នៅចំពោះមុខសមត្ថកិច្ចបានសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពជ្រុលដៃសម្លាប់ជនចៅបង្កើតពិតមែន ព្រោះខឹងរូបគេយកលូកព្រីភ្លើងលេង ។ ជនដៃដល់បានសារភាពទៀតថា កាលពីថ្ងៃទី១១ ខែកុម្ភះ ឆ្នាំ២០២៣ វេលាម៉ោង ១៦និង៣០នាទី ចៅប្រុសឈ្មោះ តាំ រតនា បានយកដៃទៅលូកព្រីភ្លើង ក្នុងផ្ទះបណ្តាលឲ្យឆក់កន្ត្រាក់ដៃស្រែកយំ ស្របពេលដែលខ្លួននឿយហត់ និងការងារអស់កំលាំងផង ធ្វើឲ្យកើតចិត្តខឹងក៏បានយកខ្សែភ្លើងក្បែរនោះវាយទៅលើចៅចំចន្លោះកចំនួន ២ខ្សែភ្លើង និងនិយាយទៅចៅថា “អារឯងឈប់យកដៃមកលូកព្រីភ្លើងលេងទៀតប្រយ័ត្នឆក់ងាប់” ។

ជីតាតិរិច្ឆានបានបន្តទៀតថា ថ្ងៃទី១៣ ខែកុម្ភះ ឆ្នាំ២០២៣ បន្ទាប់ពីខ្លួនចូលទៅក្នុងផ្ទះដេកលេងទូរស័ព្ទជាមួយចៅឈ្មោះ តាំ រតនា លុះដល់វេលាម៉ោងប្រហែល ១៦និង០០នាទី ចៅប្រុសឈ្មោះ តាំ រតនា បានទំលាក់ទូរស័ព្ទចោលហើយយកដៃទៅលូកលេងព្រីភ្លើងដូចថ្ងៃមុន  ខ្លួនក៏ចាប់កន្ត្រាក់ខ្សែភ្លើងចេញពីដៃរបស់ព្រោះខ្លាចឆក់ ដោយមានកំហឹងខ្លួនបានយកខ្សែភ្លើងបត់ជាពីរវាយលើដងខ្លួនជនរងគ្រោះចំនួន ២ខ្សែភ្លើងក៏ស្រែកយំខ្លួនបានទះចំក្រោមថ្គាម និងកផ្នែកខាងស្តាំមួយទំហឹងមនុស្សចាស់ហើយចៅកាន់តែយំខ្លាំងៗទៅក៏យកដៃទាំងសងខាង ចាប់ក្បាលចៅមួលបង្វិលទៅផ្នែកខាងឆ្វេងបន្តិច ហើយលើកបោះទៅលើកម្រាលពូកដោយពុំបានដឹងថាករបស់ចៅបានបាក់ដែរឬអត់នោះទេ ព្រោះនៅតែស្រែកយំដដែល ។ ពេលនោះរូបគាត់ក៏យកដៃទាំងសងខាងសូកចាប់ដៃរបស់ជនរងគ្រោះទំាងសងខាងក្រោមខ្លៀកកន្ត្រាក់ឡើងលើ ហើយបោះទៅលើកម្រាលពូក ដែលមានចម្ងាយពីខ្លួនប្រហែល១,៥ម៉ែត្រ ភ្លាមនោះគេក៏សន្លប់បានសម្លេងឈឹង ពេលស្ទាបមើល ឃើញថាចៅប្រុសឈ្មោះ តាំ រតនា នៅមានដង្ហើម ដោយមានការភ័យខ្លាចអ្នកផ្ទះ និងអ្នកជិតខាងដឹងរឿងទើបលើកបីដោយប្រើដៃខាងស្តាំទ្រផ្នែកខាងក្រោម និងដៃខាងឆ្វេង ទុបក្បាលត្រកងក្បាលជនរងគ្រោះឲ្យកើយលើស្នាខាងស្តាំ យកទៅទំលាក់នៅក្នុងទឹកស្រះ ដែលស្ថិតចម្ងាយពីផ្ទះប្រហែល ២៥០ម៉ែត្រ  រួចត្រឡប់មកផ្ទះវិញធ្វើធម្មតាដូចមិនមានរឿងអ្វីកើតឡើង លុះវេលាម៉ោង ១៧និង៣០នាទី ស្រាប់តែប្រពន្ធផ្អើលឆោឡោថា បាត់ចៅរូបគេក៏ដើរក និងទៅស្រង់ចៅចេញពីទឹកស្រះយកមកផ្ទះវិញដោយប្រាប់ប្រពន្ធថាចៅលង់ទឹកស្លាប់បាត់ហើយ ។

បច្ចុប្បន្ននេះ ជនសង្ស័យ ត្រូវបានកម្លាំងជំនាញឃាត់ខ្លួននៅស្នងការដ្ឋានខេត្តសៀមរាប ធ្វើការសាកសួរបំភ្លឺ និងកសាងសំណុំរឿង បញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមផ្លូវច្បាប់ ៕

Facebook Comments
Loading...