អាល្លឺម៉ង់ថា មានភស្តុតាងឧក្រិដ្ឋកម្មសង្គ្រាមនៅអ៊ុយក្រែនរាប់រយ ដែលប្រព្រឹត្តដោយកងកម្លាំងរុស្ស៊ី

0
373

អគ្គរដ្ឋអាជ្ញាអាល្លឺម៉ង់បាននិយាយនៅថ្ងៃអាទិត្យសប្តាហ៍មុនថា ការិយាល័យរបស់ខ្លួនប្រមូលបានរាប់រយនៃភស្តុតាង ដែលបង្ហាញពីឧក្រិដ្ឋកម្មសង្គ្រាមប្រព្រឹត្តដោយកងកម្លាំងរុស្ស៊ីនៅក្នុងប្រទេសអ៊ុយក្រែន ហើយអំពាវនាវឱ្យមានកិច្ចខិតខំប្រឹងប្រែងអន្តរជាតិ ដើម្បីនាំយកមេដឹកនាំទៅរកយុត្តិធម៌។
ព្រះរាជអាជ្ញាអាល្លឺម៉ង់ លោក Peter Frank បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកថា នៅពេលនេះ យើងកំពុងផ្តោតលើការសម្លាប់រង្គាលនៅទីក្រុងប៊ូចា និងការវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធស៊ីវិលរបស់អ៊ុយក្រែន។
លោកថា ភ័ស្តុតាងភាគច្រើនបានមកពីការសម្ភាសន៍ជាមួយជនភៀសខ្លួនអ៊ុយក្រែន ហើយគោលដៅឥឡូវនេះ គឺរៀបចំករណីឧក្រិដ្ឋកម្មទាំងនោះតាមដែលអាចធ្វើបានទៅកាន់តុលាការនៅពេលក្រោយ មិនថានៅប្រទេសអាល្លឺម៉ង់ ឬជាមួយដៃគូបរទេសរបស់យើង ឬតុលាការអន្តរជាតិ។
គួរបញ្ជាក់ថា នៅជាយរដ្ឋធានីកៀវ នៃទីក្រុងប៊ូចា តែមួយប៉ុណ្ណោះ សាកសពរាប់រយត្រូវបានរកឃើញ បន្ទាប់ពីកងទ័ពរុស្ស៊ីត្រូវបានបណ្តេញចេញកាលពីខែមីនាឆ្នាំមុន។ ការសម្លាប់នេះបានបង្កឱ្យមានការថ្កោលទោសអន្តរជាតិ និងការចោទប្រកាន់ពីបទឧក្រិដ្ឋកម្មសង្គ្រាម ប៉ុន្តែរុស្ស៊ីបានបដិសេធម្តងហើយម្តងទៀត៕

Facebook Comments
Loading...