ទាល់តែពលរដ្ឋ ខមិនចូលក្នុងផេកសម្តេចតេជោ ទើបរដ្ឋបាលខណ្ឌចំការមន ភ្ញាក់រលឹកចុះពិនិត្យទីតាំងខារ៉ាអូខេឈ្មោះLight 168  

0
2747

ភ្នំពេញ ៖ ក្រោយពីមានប្រជាពលរដ្ឋមិនសប្បាយចិត្ត ហើយបានចូលខមិន ចូលទៅផេកផ្លូវការរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ថាទីតាំងខារ៉ាអូខេឈ្មោះLight 168 មានបង្កប់ប្រើប្រាស់គ្រឿងញៀនខុសច្បាប់ ទើបរដ្ឋបាលខណ្ឌចំការមន ភ្ញាក់ពីដេកចុះពិនិត្យទីតាំងខាងលើ ដើម្បីធ្វើរបាយការណ៏ជូនថ្នាក់លើ។

យោងតាមផេក ផ្លូវការរបស់ រដ្ឋបាលខណ្ឌចំការមន បានបង្ហោះពីសកម្មភាពចុះពិនិត្យ បានឲ្យដឹងថា គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌចំការមន ដឹកនាំដោយលោក ថេង សុថុល អភិបាល នៃគណ:អភិបាលខណ្ឌចំការមន និងជាប្រធានគណ:បញ្ជាការឯកភាពខណ្ឌចំការមន ហើយមានការសម្របសម្រួលពីលោក គឹម ហុងសាន ព្រះរាជអាជ្ញារងអមអយ្យការសាលាដំបូងរាជធានីភ្នំពេញ នៅយប់ថ្ងៃព្រហស្បតិ៍ ៨កើត ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១០ ខែមីនា ឆ្នាំ២០២២ បានចុះពិនិត្យទីតាំងអាជីវកម្មខារ៉ាអូខេឈ្មោះ Light 168 ផ្លូវបេតុង ក្រុម៧៨ ភូមិ១៤ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ដែលប្រជាពលរដ្ឋបានខមិនចូលក្នុងផេក សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ថា ទីតាំងខាងលើមានបង្កប់ប្រើប្រាស់គ្រឿងញៀនខុសច្បាប់ មានការអញ្ជើញចូលរួមពីលោកអភិបាលរងខណ្ឌ, នគរបាលខណ្ឌ, កងរាជអាវុធហត្ថខណ្ឌ, លោកប្រធាន-អនុប្រធាន-មន្ត្រីការិយាល័យសេដ្ឋកិច្ចខណ្ឌ, រដ្ឋបាលសង្កាត់ទន្លេបាសាក់ និងមន្ត្រីពាក់ព័ន្ធ។

ជាលទ្ធផល ក្រុមការងារបានចុះដល់ទីតាំង ពិនិត្យឃើញថា នៅទីតាំងខាងលើបានចាក់សោបិទទ្វា បន្ទាប់មកលោកព្រះរាជអាជ្ញារង បានបញ្ជាឲ្យកម្លាំងកាត់សោទ្វា ដើម្បីចូលពិនិត្យទីតាំងខាងក្នុង ដោយនៅតាមបន្ទប់នីមួយៗ មានសភាពពុំមានរបៀបរៀបរយ ហើយកៅអី និងសាឡុងទទួលភ្ញៀវមានធូលីដីច្រើន ក្រុមការងារសន្និដ្ឋានថាទីតាំងអាជីវកម្មខាងលើបានបិទពុំមានដំណើរការជាច្រើនខែមកហើយ៕

Facebook Comments
Loading...