អភិបាលខេត្តកំពង់ចាមព្រមាន ប្រគល់មន្ត្រីខិលខូច ដែលទុកឯកសារដើម្បីដោះដូរជាថវិកាពីប្រជាពលរដ្ឋ ឲ្យអង្គភាពប្រឆាំងអំពើពុករលួយចាត់ការតាមផ្លូវច្បាប់

0
2748

កំពង់ចាម ៖ លោក អ៊ុន ចាន់ដាអភិបាលខេត្តកំពង់ចាម បានព្រមានធ្ងន់ៗទៅលើ មន្ត្រីខិលខូចឲ្យបញ្ឈប់សកម្មភាពនិងទង្វើររបស់ខ្លួនជាបន្ទាន់ ថាបើសិនជាបានដឹងថា មានបុគ្គលណាមួយ ដែលរពឹសដៃ ស្តុកនូវឯកសារ សម្រាប់បម្រើសេវាសាធារណៈ ដើម្បីចង់បានប្រយោជន៍ដោះដូរ ជាថវិកាពីបងប្អូនប្រជាពលរដ្ឋនោះ លោកនឹងលែងមានការយោគយល់ទៀតហើយ ពោលគឺលោកនឹងប្រគល់ទៅឲ្យACUចាត់ការតាមផ្លូវច្បាប់តែម្ដង បើសិនជាបុគ្គលនោះ នៅតែមិនព្រមផ្លាស់ប្តូរតាមការអប់រំណែនាំនេះ។

ការថ្លែងព្រមានធ្ងន់ៗ របស់លោកអភិបាលខេត្តកំពង់ចាម បានធ្វើឡើង ក្នុងកិច្ចប្រជុំសាមញ្ញលើកទី៣៤ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្តកំពង់ចាម នៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២២ ក្រោមអញ្ជើញចូលរួមពី លោកខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត និងលោកអ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត នាយក នាយករងរដ្ឋបាល លោក-លោកស្រីប្រធានមន្ទីរ-អង្គភាពជុំវិញខេត្ត និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត។

ថ្លែងនៅក្នុងឪកាសនោះ លោក អ៊ុន ចាន់ដា បានលើកឡើងថា ចំពោះឯកសារសម្រាប់បំពេញជាសំបុត្រកំណើត ឬសំបុត្របញ្ជាក់កំណើត អាចមានការខ្វះខាតមួយពេលៗ វាជារឿងជៀសមិនផុតទេ ព្រោះសេចក្តីតម្រូវការវាមានច្រើនតាមកំណើនរបស់ប្រជាពលរដ្ឋ តែទោះបីជាយ៉ាងណា អាជ្ញាធរខិតខំស្នើមកឲ្យបានគ្រប់ចំនួនតាមអ្វីដែលបងប្អូនប្រជាពលរដ្ឋចង់បាន ផ្ទុយទៅវិញបើ សិនជាមានបុគ្គលណាមួយ ដែលរពឹសដៃ ស្តុកនូវឯកសារ ដើម្បីចង់បានប្រយោជន៍ជាថវិកានោះ គឺត្រូវអនុវត្តតាមផ្លូវច្បាប់តែម្ដង ប្រសិនជាមានការអប់រំណែនាំមួយលើកជាពីរលើកហើយ តែបុគ្គលខិលខូចនៅតែមិនព្រមផ្លាស់ប្រែនោះ។

អភិបាលខេត្តបានបញ្ជាក់ថា ដោយសារជួបប្រទះនឹងបញ្ហាខ្វះខាតមន្ត្រី បច្ចុប្បន្នរដ្ឋបាលថ្នាក់ជាតិ បានប្រតិភូកម្មមុខងារមកឲ្យយើង នៅចំពោះមុខគឺយើងត្រូវធ្វើការអប់រំណែនាំកែប្រែចំពោះមន្ត្រីដែលប្រព្រឹត្ត ខុសឆ្គង ដើម្បីប្រើប្រាស់បន្តទៀត យើងមិនមែនធ្វើការរបៀបប៉ះដៃយកដៃ ប៉ះជើងយកជើងនោះទេ ប៉ុន្តែយើងក៏មិនត្រូវទុកឱកាសឲ្យមន្ត្រីខិលខូច ធ្វើឲ្យខូចដល់ការដឹកនាំរបស់ស្ថាប័នរដ្ឋដែរ។

សូមបញ្ជាក់ផងដែរថា ក្នុងកិច្ចប្រជុំសាមញ្ញលើកទី៣៤ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្តកំពង់ចាម លោក ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្តកំពង់ចាម បានលើកយកសេចក្តីព្រាងរបៀបវារៈសំខាន់ៗ មកពិភាក្សា ពិនិត្យ និងអនុម័តលើសេចក្ដីព្រាងកំណត់ហេតុនៃកិច្ចប្រជុំសាមញ្ញអាណត្តិទី៣៣ របស់សាលាខេត្តមួយចំនួនផងដែរ៕

Facebook Comments
Loading...