ភ្នំពេញ ៖ មានប្រសាសសន៍សំណេះសំណាល ជាមួយបងប្អូននារី នៅសាលាខណ្ឌព្រែកព្នៅ ក្នុងឱកាសប្រារព្ធទិវាអន្ដរជាតិ នារីខួបលើកទី១១១កាលពីរសៀលថ្ងៃ១០ ខែមីនា ឆ្នាំ២០២២ នេះលោក សុខសម្បត្តិ អភិបាលនៃគណអភិបាលខណ្ឌព្រែកព្នៅ បានលើកសរសើ និងគោរពដឹងគុណយ៉ាងធំធេងដល់បងប្អូននារី ដែលបានខិតខំប្រឹងប្រែង មិនខ្លាចនឿយហត់ ក្នុងការទាមទារសិទ្ធិរបស់ខ្លួនផង និងរួមចំណែកកសាងនិង អភិវឌ្ឍន៍សង្គមជាតិផង។
លោកអភិបាលខណ្ឌ បានចាត់ទុកថា ការជួយនារីគឺជាការជួយខ្លួនឯង នារីជាដៃគូយ៉ាងសំខាន់ ក្នុងការរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ចជាតិ។ ដូចនេះយើងជាបុរស ត្រូវរួមចំណែកជួយដល់នារី បង្កលក្ខណៈ ជម្រុញ និងលើកកម្ពស់ដល់នារី ផ្ដល់នូវសមភាពពិតប្រាកដ រវាងបុរសនិងនារី។ ស្របទៅនឹងយុទ្ធសាស្ដ្ររបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការ យកចិត្តទុកដាក់ ផ្ដល់តួនាទីដល់ស្ត្រីដើម្បីឲ្យស្ដ្រីមានលទ្ធភាពក្នុងការចូលរួមចំណែក អភិវឌ្ឍ សេដ្ឋកិច្ច និងសង្គម ជាពិសេសលើវិស័យ នយោបាយ និងការធ្វើសេចក្តីសម្រេចចិត្តតាមរយៈ ការផ្តល់ឱកាសលើកទឹកចិត្តឲ្យ ស្ត្រីមានតួនាទី និងមុខតំណែង។
លោកបន្តថា បច្ចុប្បន្នយើងសង្កេតឃើញថា ទាំងស្ថាប័នកំពូលរបស់ជាតិ ទាំងរាជរដ្ឋាភិបាលបានទទួលស្គាល់ថា ស្ដ្រីគឺជាភ្នាក់ងារដ៏សំខាន់ បានរួមចំណែក ធ្វើឲ្យសង្គមមានការផ្លាស់ប្ដូរមុខមាត់ថ្មី ដែលជាកត្តាគន្លឹះ សម្រាប់ពន្លឿន កំណើនសេដ្ឋកិច្ចជាតិ និងការប្រកួតប្រជែងនៅក្នុងតំបន់ និងពិភពលោក។
ក្នុងឱកាសនោះផងដែរ លោកអភិបាលខណ្ឌ បានលើកឡើងពីសង្គ្រាមរវាង ប្រទេសអ៊ុយក្រែន និងរុស្សី ដែលបានបង្កមហន្ដរាយយ៉ាងធ្ងន់ធ្ងរដល់សេដ្ឋកិច្ចនិងសង្គមនៃប្រទេសទាំង២ ព្រមទាំងធ្វើឲ្យប៉ះពាល់ ដល់សេដ្ឋកិច្ចពិភពលោក ដោយផ្ទាល់ និងប្រយោល ថែមទៀតផង ព្រមទាំងបាត់សិទ្ធសេរីភាពគ្រប់បែបយ៉ាង។
ជាមួយនេះលោកបានអំពាវនាវ ដល់បងប្អូននារីទាំងអស់សូមចូលរួមថែរក្សាសន្ដិភាពដែលកំពុងកើតមាន នៅកម្ពុជាឲ្យបានគង់វង្ស ទោះជាស្ថិតនៅក្នុងតម្លៃណាក៏ដោយ យើងត្រូវតែរួមគ្នាការពារសន្ដិភាពនេះឲ្យបាន ដើម្បីទទួលបានឱកាស អភិវឌ្ឍប្រទេសជាតិឲ្យបានរីកចំរើនថែមទៀត។
គួរកត់សម្គាល់ថាការរំលឹកខួបលើកទី១១១ ទិវាអន្ដរជាតិនារី៨មិនា ឆ្នាំ២០២០២២នេះ ប្រារព្ធឡើងក្រោមប្រធានបទ«សមភាពយេនឌ័រថ្ងៃនេះ ដើម្បីចីរភាពអនាគត » ដើម្បីពន្លឿនកិច្ចអភិវឌ្ឍន៍ក្នុងបំណងជម្រុញ ការកែលម្អផ្នត់គំនិតសង្គមដែលមានទៅលើស្ដ្រីនិងបុរសដើម្បីលើកកម្ពស់សិទ្ធិនិង ឱកាសចូល រួមដូចគ្នាក្នុងកិច្ចអភិវឌ្ឍន៍ជាតិ ហើយទិវានេះក៏ជាព្រឹត្តិការណ៍១រំលឹកយើងទាំងអស់គ្នា ឲ្យពិនិត្យទៅលើស្ថានភាព ជីវភាព សិទ្ធ ឋានៈ តួនាទីរបស់ស្ដ្រីកម្ពុជាផងដែរ។
ក្នុងឱកាសនោះលោកអភិបាលខណ្ឌបាននាំយកនូវអំណោយ១ចំនួនចែកជូនដល់បងប្អូននារីចំនួន១២៩នាក់ ដោយក្នុងម្នាក់ទទួលបាន ក្រណាត់ស៊ឹង១សំពត់ និងថវិកា៥ម៉ឺនរៀលផងដែរ៕