កំពង់ឆ្នាំង ៖ បុរសម្នាក់ត្រូវបានប្រជាពលរដ្ឋក្នុងភូមិប្រទះឃើញសាកសពណ្តែតទឹកនៅមាត់ព្រែក ក្រោយពីបាត់ពីផ្ទះអស់មួយយប់ ហេតុការណ៍ភ្ជាក់ផ្អើលនេះបានកើតឡើងកាលពីព្រឹកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២១ នៅភូមិសំរោង ឃុំពោធិ៍ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង។
សមត្ថកិច្ចបានឱ្យដឹងថា ជនរងគ្រោះមានឈ្មោះ ឡុច វៃ ភេទប្រុស អាយុ៥២ឆ្នាំ រស់នៅ ភូមិសំរោង ឃុំពោធិ៍ ស្រុកកំពង់លែង ដោយជនរងគ្រោះរស់នៅតែម្នាក់ឯងទេ។ប្រជាពលរដ្ឋនៅកន្លែងកើតហេតុ បានប្រាប់សមត្ថកិច្ចឱ្យដឹងថា នៅមុនពេលកើតហេតុ កាលពីថ្ងៃទី២៧ ខែមិថុនា ជនរងគ្រោះបានចម្លងគោតាមព្រែកឱ្យទៅស៊ីស្មៅតាមព្រែពាមទន្លា ដូចសព្វដងប៉ុន្តែនាថ្ងៃនេះ គេមិនឃើញបរុសរងគ្រោះមកផ្ទះដូចរាល់ដងនោះទេ ដោយសារតែគាត់នៅផ្ទះតែម្នាក់ឯង គេពុំចាប់អារម្មណ៍ប៉ុន្មាននោះទេ។ លុះព្រឹកថ្ងៃទី២៨ ខែមិថុនា ប្រជាពលរដ្ឋក្នុងភូមិបានចុះទៅមាត់ទឹកដើម្បីចេញដំណើរតាមការណូតស្មាច់ បម្រុងមកកំពង់ឆ្នាំង ដើម្បីទិញឥវ៉ាន់ ក៍ប្រទះឃើញសពជនរងគ្រោះអណ្តែតនៅមាត់ព្រែក តែម្តង។ ក្រោយពីឃើញសពជនរងគ្រោះភ្លាម ប្រជាពលរដ្ឋបានរាយការណ៍ទៅអាជ្ញាធរសមត្ថកិច្ច ដើម្បីចុះអន្តរាគមន៍ពិនិត្យមើលសាកសព។
បន្ទាប់ពីទទួលបានព័ត៌មានខាងលើ កម្លាំងសមត្ថកិច្ចបានសហការជាមួយអាជ្ញាធរមូលដ្ឋាននិងក្រុមគ្រូពេទ្យចុះពិនិត្យ លទ្ធផលឃើញថាសពជនរងគ្រោះពិតជាបានស្លាប់ដោយលង់ទឹក ពិតប្រាកដមែន។
ពលរដ្ឋនៅក្នុងភូមិបាននិយាយជនរងគ្រោះជាមនុស្សដែលញៀនស្រាផឹកស្រវឹងមិនដែលដាច់ថ្ងៃណានោះទេ ឃើញតែស្រវឹងជាប់ជាប្រចាំ ប៉ុន្តែថ្ងៃនេះ មិនដឹងយ៉ាម៉េចទើបបណ្តាលឱ្យលង់ទឹកស្លាប់តែម្តងទៅ៕