យុវជន២នាក់ជិះម៉ូតូលឿនដល់ផ្លូវកោងបន្ថយល្បឿនមិនទាន់ ជ្រុលទៅបុកឃឿនផ្លូវស្លា..ប់ម្នាក់ របួសម្នាក់

0
1496

ភ្នំពេញ ៖ យុវជន២នាក់បានជិះម៉ូតូឌុបគ្នាក្នុងល្បឿនលឿន ខណៈដល់ផ្លូវកោងបន្ថយល្បឿនមិនទាន់ក៏ជ្រុលទៅបុកឃឿនផ្លូវពេញទំហឹងបណ្ដាលឲ្យដួលអូសប្រមាណ៥០ម៉ែត្រ បោកក្បាលស្លាប់ម្នាក់ របួសស្រាលម្នាក់ ដែលហេតុការណ៍កើតឡើងកាលពីវេលាម៉ោង១២ និង៤០នាទីរំលងអាធ្រាត្រ ឈានចូលថ្ងៃទី៨ ខែតុលា ឆ្នាំ២០២១ នៅតាមបណ្ដោយផ្លូវទំនប់៧០ ក្បែររង្វង់មូលគួចកាណុង ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ។

សពជនរងគ្រោះមានឈ្មោះលឹម តុលា ភេទប្រុស អាយុ១៨ឆ្នាំ ស្នាក់នៅម្ដុំបែកចាន ក្នុងស្រុកអង្គស្នួល ខេត្តកណ្តាល។ ចំណែកជនរងគ្រោះម្នាក់ទៀតរងរបួសស្រាល មានឈ្មោះ ផានិត ភេទប្រុស អាយុ១៧ឆ្នាំ។

ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះទាំង២នាក់បានជិះម៉ូតូមួយគ្រឿងម៉ាក ហុងដាឌ្រីម ស៊េរីឆ្នាំ២០២១ ពណ៌ខ្មៅ គ្មានស្លាកលេខ បានឌុបគ្នាចេញពីបឹងកក់ គោលបំណងទៅខណ្ឌជ្រោយចង្វារ ដោយធ្វើដំណើរក្នុងល្បឿនលឿន  រួមទាំងក្នុងស្ថានភាពស្រវឹងផងនោះ ក៏ជ្រុលចង្កូតទៅបុកឃឿនផ្លូវពេញទំហឹងដួលអូសប្រមាណ៥០ម៉ែត្រ បណ្ដាលឲ្យយុវជនម្នាក់បោកក្បាលនិងថ្នល់ស្លាប់ភ្លាមៗ និងម្នាក់ទៀតរងរបួសស្រាល។

ក្រោយកើតហេតុ ជនរងគ្រោះដែលរបួសស្រាលបានសម្រេចចិត្តឡើងរថយន្តសាមុយទៅមន្ទីរពេទ្យ។ ចំណែកសពជនរងគ្រោះត្រូវបានសមត្ថកិច្ចមូលដ្ឋានទាក់ទងសាច់ញាតិឲ្យមកទទួលដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី។ រីឯម៉ូតូរបស់ជនរងគ្រោះ ត្រូវបានសមត្ថកិច្ចជំនាញចរាចរណ៍ខណ្ឌដូនពេញធ្វើការវាស់វែងយកទៅរក្សាទុក នៅអធិការដ្ឋាននគរបាលខណ្ឌ រង់ចាំដោះស្រាយនៅពេលក្រោយ៕

Facebook Comments
Loading...