កីឡាបរទេស ៖ កីឡាករវ័យក្មេង Erling Haaland កំពង់តែឡើងជើងខ្លាំងនៅក្លិប Borussia Dortmund បានបំបែកកំណត់ត្រាធំៗ២ដែលកីឡាករជាច្រើនកម្រធ្វើបានដូចគេ ក្នុងនោះគឺបានបំបែកកណត់ត្រាកីឡាករ Kylian Mbappe និងទី២បានបំបែកកំណត់ត្រាឈ្នះលើកីឡាករ Harry Kane នាមជាអ្នករកបាន២០គ្រាប់ដោយចាយពេលប្រកួតតិចបំផុត។
ក្នុងការប្រកួតរវាងក្លិប Borussia Dortmund ទល់និងក្លិប Sevilla កាលពីយប់មិញ យុវជន Erling Haaland បានបញ្ចប់ទី២គ្រាប់ម្នាក់ឯង ជួយឲ្យក្រុមឆ្លងផុតទៅកាន់វគ្គបន្ទាប់ ហើយក្រៅពីជ័យជម្នះនោះកីឡាករន័រវែសក៏បំបែកបានកំណត់ត្រា ២ធំៗផងដែរ។ សម្រាប់រដូវកាលនេះក្នុងការបង្ហាញខ្លួន៦ប្រកួត Haaland គេរកបាន៩គ្រាប់ហើយ និងបានស៊ុតបញ្ចូលទីទល់គ្រប់ក្រុមទាំងអស់ដែលគេជួប ហើយនៅក្របខ័ណ្ឌ UCL សរុបក្នុងអាជីព១៤ប្រកួតប៉ុណ្ណោះគេរកបាន២០គ្រាប់។
ត្រឹមគ្រាប់បាល់ទី១កាលពីយប់មិញ ដែលជាគ្រាប់បាល់ទី១៩ គឺកីឡាករHaaland អាចតាមស្មើកំណត់ត្រាកីឡាករ Kylian Mbappe បាត់ទៅហើយ នោះគឺការរកបានគ្រាប់បាល់ច្រើនបំផុតមុនឈានចូលវ័យ២១ឆ្នាំ ដែលក្នុងប្រវត្តិសាស្ត្រ UCL មានតែ២នាក់គេប៉ុណ្ណោះដែលអាចធ្វើបាន។
ដោយឡែកកំណត់ត្រាមួយផ្សេងទៀតគឺគេបានយកឈ្នះ Harry Kane នាមជាអ្នករកបាន២០គ្រាប់ដោយចាយពេលប្រកួតតិចបំផុត។ កំណត់ត្រាចាស់កីឡាកររបស់ Spurs រកបាន២០គ្រាប់ នៅប្រកួតទី២៤ តែHaaland ចាយពេលត្រឹម១៤ប្រកួតប៉ុណ្ណោះ។ ការប្រកួតជាបន្តបន្ទាប់ទៀតយើងនឹងរង់ចាំមើលថាតើ Dortmund នឹងត្រូវជួបក្រុមណាទៀតនៅវគ្គ៨ក្រុមចុងក្រោយ ហើយកីឡាករវ័យក្មេង Erling Haaland អាចបន្តភាពអស្ចារ្យនេះបានទៀតដែរឬទេ? បើគេអាចស៊ុតបញ្ចូលទីគូប្រកួតទៀតបាននោះកំណត់ត្រាថ្មីៗ និងអាចបំបែកបានដោយកីឡាករវ័យក្មេងកំពង់តែឡើងជើងម្នាក់នេះទៀតហើយ៕