ការបោះឆ្នោតជ្រើសតាំងសមាជិកគណៈកម្មការប្រតិបត្តិសហព័ន្ធកីឡាប្រដាល់គុនខ្មែរត្រូវធ្វើឡើងជាកញ្ចប់ នាចុងខែនេះ ដែលធ្វើឱ្យមន្ត្រីមួយចំនួនខកចិត្តយ៉ាងខ្លាំង

0
41

ប្រដាល់ ៖ មហាសន្និបាតបញ្ចប់អាណត្តិចាស់ និងបន្តអាណត្តិថ្មីរបស់សហព័ន្ធកីឡាប្រដាល់គុនខ្មែរគ្រោងរៀបចំធ្វើ នាចុងខែមករា ឆ្នាំ២០២៥ នេះ ហើយការបោះឆ្នោតជ្រើសតាំងសមាជិកគណៈកម្មការប្រតិបត្តិសហព័ន្ធត្រូវធ្វើឡើងជាកញ្ចប់ ដើម្បីរក្សាតួនាទីមន្ត្រីសំខាន់ៗនៅក្នុងជួរគណៈកម្មប្រតិបត្តិមួយចំនួនធំ ដែលធ្វើឱ្យមន្ត្រីមួយចំនួនខកចិត្តយ៉ាងខ្លាំង។
បើតាមលោកឧត្តមសេនីយ៍ទោខូវ ឆាយ ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ បានប្រាប់ព័ត៏មានក្នុងស្រុកឱ្យដឹងថា មហាសន្និបាតបញ្ចប់អាណត្តិ និងបន្តអាណត្តិថ្មីឆ្នាំ២០២៥ខាងមុខ អាចនឹងធ្វើការបោះឆ្នោតជាកញ្ចប់។ លោកថា ការធ្វើបែបនេះដោយសារសហព័ន្ធចង់រក្សាមន្ត្រីសំខាន់ៗមួយចំនួននៅក្នុងជួរគណៈកម្មការប្រតិបត្តិឱ្យនៅដដែល ប៉ុន្តែបែរជាធ្វើឱ្យមន្ត្រីចាស់ៗមួយចំនួនដែលមិនពេញចិត្តចំពោះលោកហេង សុខឃន ដែលកំពុងក្ដោបក្ដាប់មុខតំណែង២នៅក្នុងដៃម្នាក់ឯងជួបនូវរឿងខកចិត្តយ៉ាងខ្លាំង។ ជាពិសេសមុខតំណែងជាអគ្គលេខាធិការសហព័ន្ធកីឡាប្រដាល់គុនខ្មែរនាពេបច្ចុប្បន្ន ខណៈរូបលោកហេង សុខឃន មានតួនាទីជាប្រធានសហព័ន្ធកីឡាប្រដាល់ឃីកប៊ុកស៊ីងរួចទៅហើយ ហើយតាំងពីលោកមានតួនាទីនៅក្នុងសហព័ន្ធពេលណាមកបានធ្វើឱ្យមន្ត្រីចាស់ៗនៅក្នុងសហព័ន្ធមានការមិនពេញចិត្តយ៉ាងខ្លាំង ដែលពួកគាត់ថា តាំងពីលោកហេង សុខឃន ឡើងកាន់តំណែងជាអគ្គលេខាធិការសហព័ន្ធកីឡាប្រដាល់គុនខ្មែរ លោកគ្រប់គ្រងតាំងពីលុយកាក់នៅក្នុងសហព័ន្ធឡើងទៅ និងមានការនិយមបក្សពួកទៀតផង។
សម្រាប់អាណត្តិថ្មីនេះ លោកឧត្តមសេនីយ៍ទោខូវ ឆាយ ធ្លាប់បានលើកឡើងរួចហើយថា លោកនឹងមិនអត់ឱនជាដាច់ខាតចំពោះក្រុមធ្វើការនិយមបក្សពួក ប្រព្រឹត្តអំពើពុកលួយជះឥទ្ធិពលអាក្រក់ដល់វិស័យកីឡាប្រដាល់គុនខ្មែរ និងរាំងស្ទះដល់ភាពរីកចម្រើនរបស់វិស័យកីឡាប្រដាល់គុនខ្មែរ ឡើយ។ លោកថា ដល់ពេលវេលាត្រូវវះកាត់សាច់ស្អុយចេញហើយ ព្រោះថារាជរដ្ឋាភិបាលបាននិងកំពុងយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះបញ្ហាដូចរៀបរាប់ខាងលើ។ លោកបញ្ជាក់ថា រឿងផ្ទៃក្នុងសហព័ន្ធគ្មានអ្នកណាដឹងជាងមន្ត្រីនៅក្នុងសហព័ន្ធនោះទេ ចង្កៀងផ្ទះអ្នកណាភ្លឺផ្ទះអ្នកនោះ។ លោកថា ការតែងតាំងលោកហេង សុខឃន ជាអគ្គលេខាធិការសហព័ន្ធកីឡាប្រដាល់គុនខ្មែរជាបន្តទៀតនោះ នៅមិនទាន់ច្បាស់១០០ភាគរយនោះទេ គឺសម្រេចទៅលើការប្រជុំផ្ទៃក្នុងសិន ប៉ុន្តែវាមានតម្រុយពី៦០ទៅ៧០ភាគរយទៅហើយសម្រាប់តំណែងមួយនេះ។ ទាក់ទងនិងមន្ត្រីមួយចំនួនចង់ឲ្យសហព័ន្ធកីឡាប្រដាល់គុនខ្មែរ បញ្ឈប់លោកហេង សុខឃន នេះគេហទំព័រយើងមិនអាចទាក់ទងលោកហេង សុខឃន បានឡើយហើយយើងរងចាំលោកបកស្រាយរាល់ម៉ោងធ្វើការ។ ចុះបងប្អូនយល់យ៉ាងណាដែរកាលដែលមន្ត្រីចាស់ៗមួយចំនួនចង់ឲ្យសហព័ន្ធដកលោកហេង សុខឃន ចេញពីអគ្គលេខាធិការសហព័ន្ធកីឡាប្រដាល់គុនខ្មែរ បែបនេះសូមចូលរួម comment និងShare តាមការគួរ៕

Facebook Comments
Loading...