ភ្នំពេញ ៖ នៅថ្ងៃពុធ ៦កើត ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២០ នេះ ក្រុមការងារចំពោះកិច្ច ក.ប.ប. រាជធានីភ្នំពេញ ដោយទទួលបានការសហការពីមន្ត្រីមន្ទីរពាណិជ្ជកម្មរាជធានី និងអាជ្ញាធរដែនដី បានបន្តចុះត្រួតពិនិត្យគុណភាពទំនិញ និងត្រួតពិនិត្យផលិតផលម្សៅទឹកដោះគោ តាមសេចក្តីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្ម លេខ២៧៣៣ ពណ. អ.កបប ចុះថ្ងៃ០៣ ខែកញ្ញា ២០២០ ស្តីពីការដាក់ចេញនូវវិធានការចំពោះផលិតផលម្សៅទឹកដោះគោសម្រាប់ចិញ្ចឹមទារក និងកុមារ ម៉ាកនូទ្រីលែត (Nutrilatt) ដែលមានលេខកូជ ៤៨៧, ៤៨៨, ៥៣៦, ៥៣៧, ៥៣៨, ៥៣៩ នៅផ្សារទំនើប និងផ្ទះលក់ទំនិញមួយចំនួន ស្ថិតក្នុងរាជធានីភ្នំពេញ។
ក្នុងសកម្មភាពនេះ មន្ត្រីជំនាញបានធ្វើការត្រួតពិនិត្យរកភាពមិនអនុលោមនៅលើសម្បកវេចខ្ចប់ផលិតផល ជាពិសេស ក្រុមការងារចំពោះកិច្ច ក.ប.ប. បានផ្សព្វផ្សាយអនុក្រឹត្យលេខ ១៣៣ ស្តីអំពីផលិតផលចិញ្ចឹមទារក និងកុមារ លើសម្បកវេចខ្ចប់ម្សៅទឹកដោះគោផងដែរ។
ជាលទ្ធផលមន្រ្តីជំនាញបានរកឃើញភេសជ្ជៈហួសកាលបរិច្ចេទប្រើប្រាស់ចំនួន ១៤កំប៉ុង។ ដោយឡែកម្សៅទឹកដោះម៉ាក់ដទៃទៀតចំនួន ១៤៥ កំប៉ុង ដែលមិនមានភាពអនុលោមតាមអនុក្រឹត្យលេខ ១៣៣ ត្រូវបានមន្រ្តីជំនាញធ្វើកំណត់ហេតុបញ្ឈប់ការដាក់តាំងលក់បណ្តោះអាសន្ន។ ក្នុងឱកាសនោះដែរ ក្រុមការងារចំពោះកិច្ច ក.ប.ប. រាជធានីភ្នំពេញ បានយកចិត្តទុកដាក់បញ្ជាក់បង្ហាញជូនដល់ក្រុមអាជីវករ ទាំងអស់ឱ្យបានយល់ច្បាស់អំពី ច្បាប់បទបញ្ញាតិពាក់ពន្ធ័ដើម្បីចូលរួមលើកកម្ពស់សុខមាល ភាពជូនដល់ប្រជាពលរដ្ឋ៕