មន្ត្រីជំនាញចុះបង្រៀនដល់កសិករបណ្តុះផ្សិតចំបើងរយៈពេលខ្លីដែលរកចំណូលបានច្រើនផ្តត់ផ្គង់គ្រួសារ កាត់បន្ថយការធ្វើចំណាកស្រុក

0
6864

ស្វាយរៀង ៖ មន្ត្រីជំនាញកសិកម្មខេត្តស្វាយរៀងចុះណែនាំ ផ្សព្វផ្សាយ បង្រៀនផ្ទាល់ដល់កសិករបណ្តុះផ្សិតចំបើង រយៈពេលខ្លីតែ១៥ថ្ងៃគឺអាចប្រមូលផលបាន សម្រាប់រកចំណូលផ្តត់ផ្គង់គ្រួសារ និងកាត់បន្ថយការធ្វើចំណាកស្រុក។

លោក ថាត់ រតនា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តស្វាយរៀងបានមានប្រសាសន៍ថា ក្រុមអ្នកជំនាញរបស់ការិយាល័យផ្សព្វផ្សាយកសិកម្មខេត្ត បានចុះបង្រៀនពីរបៀបបណ្តុះផ្សិតចំបើងទៅដល់កសិករចំនួន៤បណ្តុះ ដែលក្នុង១បណ្តុះមានប្រមាណ៥០គ្រួសារ ដើម្បីធ្វើយ៉ាងណាធានាឱ្យការបណ្តុះផ្សិតចំបើងទទួលបានទិន្នផលខ្ពស់ និងចំណេញពេលវេលា។
លោកបានបន្តថា ការចុះផ្តល់បច្ចេកទេសដល់កសិករក្នុងការបណ្តុះផ្សិតចំបើងនេះ ពិតជាបានធ្វើឱ្យពួកគាត់អាចទទួលបានទាំងបទពិសោធបច្ចេកទេសកសិកម្មត្រឹមត្រូវ និងទទួលបានប្រាក់ចំណូលច្រើនពីមុខរបរមួយនេះ សម្រាប់លើកកម្ពស់ជីវភាពគ្រួសារ និងកាត់បន្ថយការធ្វើចំណាកស្រុក។

ដោយឡែកលោក នាត ម៉ាច កសិករបណ្តុះផ្សិត រស់នៅខេត្តស្វាយរៀង បានឱ្យដឹងថា លោកបានសង់រោងបណ្តុះផ្សិតចំបើងចំនួន៥រោង មានទំហំ៤គុណ៦ម៉ែត្រ ដោយក្នុង១រោងប្រមូលផលបានពី៨០គីឡូក្រាម ទៅ១០០គីឡូក្រាមក្នុងមួយរដូវ ដែលមានតម្លៃចាប់ពីជាង១ម៉ឺនរៀលទៅ១ម៉ឺនពីរពាន់រៀលក្នុងមួយគីឡូក្រាម។
លោកបានបន្តថា មន្ត្រីជំនាញកសិកម្ម បានយកចិត្តទុកដាក់ចុះបង្ហាត់បង្ហាញដល់ទីតាំងផ្ទាល់តែម្តង ដើម្បីបង្កលក្ខណៈងាយស្រួលដល់កសិករដែលខ្វះបច្ចេកទេសក្នុងការបណ្តុះ ដែលមុខរបរនេះ ធ្វើឱ្យជីវភាពគ្រួសាររបស់គាត់កាន់តែធូរធារជាងមុន។
សូមបញ្ជាក់ថា ផ្សិតចំបើង ផ្តល់វីតាមីនB ជួយធ្វើឱ្យដុះឈាមក្រហម មានកម្លាំង, ផ្តល់វីតាមីនD សម្រាប់ជួយបណ្តុះឆ្អឹង ព្រមទាំងជីវជាតិសំខាន់ផ្សេងៗទៀត សម្រាប់ជួយឱ្យរាងកាយមនុស្សទទួលបាននូវសុខភាពរឹងមាំ៕

Facebook Comments
Loading...