មន្ដ្រីសាលាសង្កាត់សំរោង និងកម្លាំងប្រជាការពារធ្វើការសំអាតបរិស្ថានតាមផ្លូវ៤៩

0
4073

ភ្នំពេញ ៖ មន្ដ្រីសាលាសង្កាត់សំរោង និងកម្លាំងប្រជាការពារ បានជួបជុំគ្នានៅមុខផ្លូវ៤៩ ជាប់ផ្លូវជាតិលេខ៥ ស្ថិតក្នុងភូមិគ្រួស សង្កាត់សំរោង ខណ្ឌព្រែកព្នៅ ដើម្បីធ្វើការ ផ្សព្វផ្សាយ ពីការទុកដាក់ និងប្រមូលសម្រាម ហើយធ្វើការសំអាតបរិស្ថាននៅទីនោះ កាលពីព្រឹកថ្ងៃអាទិត្យទី២៧ ខែសីហា ឆ្នាំ២០២០។

លោកយិន អ៊ីម ចៅសង្កាត់សំរោង មានប្រសាសន៍ថា ការចុះផ្សព្វផ្សាយ និងធ្វើពលកម្ម សំអាតសម្រាមនៅទីនេះធ្វើឡើង ក្នុងបំណងបង្ហាញឲ្យមហាជន និងអ្នកលក់ដូតាមផ្លូវ បានយល់ដឹង និងចូលរួមជាមួយអាជ្ញាធរ ជាពិសេសបំផុសចលនាអប់រំដល់ ប្រ​ជា​ជនមហាជន ឲ្យបានយល់ដឹងពីអត្ថប្រយោជន៍ នៃបរិស្ថាន ដើម្បីឲ្យមានការចូលរួមទាំងអស់គ្នា ក្នុងកិច្ចការពារបរិស្ថាន ការអភិរ័ក្សជីវចំរុះ និងការរស់នៅប្រកបដោយចីរភាព។

លោកបន្តថា សកម្មភាពក្នុងការ សំអាត បរិស្ថាននេះគឺជាការពញ្ញាក់ស្មារតីឲ្យប្រជាជន មហាជនបានយល់ដឹងពីបញ្ហាបរិស្ថានដើម្បីឲ្យមានការចូលរួមពីគ្រប់មជ្ឈដ្ឋាន រួមចំណែកធ្វើឲ្យបរិស្ថាន នៅក្នុងមូលដ្ឋានរបស់យើង មានភាពល្អប្រសើរ ព្រោះថាបើបរិស្ថាន មិនល្អ ជីវិតនឹងមានភាពអាប់អួរ ហើយក៏អាចធ្វើឲ្យ បាត់បង់ដល់អាយុជីវិតផងដែរ។

លោកទៀតថា យើងសង្កេតឃើញថាពិភពលោក បច្ចុប្បន្ននេះកំពុងទទួលរងឥទ្ធិពលអវិជ្ជមានក្នុងស្រទាប់បរិយាកាស ដែលធ្វើឲ្យមាន ការប្រែប្រួលអាកាសធាតុ គ្រោះរាំងស្ងួត ទឹកជំនន់ ខ្យល់ព្យុះនិងរលកកំដៅជាដើម ដែលបានប៉ះពាល់ដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម។ ជាក់ស្ដែងដោយសារមាន បម្រែបម្រួលអាកាសធាតុខ្លាំង មានកំណើនសីតុណ្ហភាពខ្ពស់ ដែលមិនធ្លាប់មាន បានផ្ដាច់ផ្ដិលជីវិតមនុស្ស អស់ជាច្រើន នាក់នៅបណ្ដាប្រទេស១ចំនួននាពេលកន្លងមក។

ដោយសារសារៈសំខាន់នេះហើយ បានជាមានបណ្ដាប្រទេសជាច្រើន នៅលើពិភពលោករៀបចំ ប្រារព្ធទិវាបរិស្ថាន ដើម្បីជាសារ១ សម្រាប់ដាស់តឿនឲ្យមនុស្សដែលរស់នៅលើភពផែនដី ឈប់បំផ្លាញ បរិស្ថានចូលរួមលើកស្ទួយបរិស្ថានឲ្យបានប្រសើរឡើងវិញ។

ក្នុងឱកាសនោះចៅសង្កាត់សំរោងបានអំពាវនាវ ដល់ប្រជាជនមហាជន និងអាជីវករលក់ដូរទាំងអស់សូមចូលរួម រក្សានិងទុកដាក់សម្រាមឲ្យបានត្រឹមត្រូវ ដើម្បីបរិយាកាសក្នុងការរស់នៅផង ដើម្បីឲ្យមាន សោភណ័ភាពផងនិងដើម្បី ការរស់មានភាពថ្លៃថ្នូរ និងស៊ីវីល័យផងដែរ៕

Facebook Comments
Loading...